អន្តរជាតិ
រុស្ស៊ី៖«ប្រជាជនស៊ីរី រស់ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមដែលអាមេរិកគាំទ្ររស់លំបាកវេទនាណាស់»
× បន្ទាប់ពីអាមេរិកចោទថា រុស្ស៊ីដើរតួនាទីជាអ្នកដុតភ្លើង និងជាអ្នកពន្លត់ភ្លើងនៅក្នុងសង្គ្រាមស៊ីរី រុស្ស៊ីបានចេញមុខច្រានចោលការចោទប្រកាន់នេះ។ ក្រសួងការបរទេសរុស្ស៊ីអះអាងថា ប្រជាជនស៊ីរីដែលរស់នៅក្រោមក្រុមឧទ្ទាម និងសម្ព័ន្ធអន្តរជាតិដែលរស់នៅលំបាកវេទនា និងគ្រោះថ្នាក់ខ្លាំងជាងនោះទៀត។
អ្នកនាំពាក្យក្រសួងការបរទេសលោក Igor Konashenkov បានអះអាងថា ប្រជាជនស៊ីរីដែលបានរស់នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាមដែលគាំទ្រដោយអាមេរិក ឬក្រោមក្រុមសម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិកស្គាល់ការលំបាកវេទនា និងឈឺចាប់ខ្លាំងណាស់។
សារព័ត៌មានរុស្ស៊ី Sputnik បានស្រង់សម្តីតំណាងក្រសួងការពារជាតិរុស្ស៊ីដូច្នេះថា៖ «នៅពេលបច្ចុប្បន្ននេះ ស្ថានភាពលំបាកជាងគេសម្រាប់ប្រជាជនស៊ីរីគឺកើតឡើងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសម្ព័ន្ធអន្តរចាតិ និងក្រុមឧទ្ទាមដែលអាមេរិកដឹកនាំ និងគាំទ្រ»។
មន្ត្រីរូបនេះបានគូសបញ្ជាក់ថា ស្ថានភាពអាក្រក់ និងលំបាកនោះកើតឡើងនៅជំរំជនភៀសខ្លួន Rakban នៅតំបន់ At-Tanf ហើយប្រជាជនដែលរស់នៅតំបន់ Raqqa ក៏ស្គាល់គ្រោះមហន្តរាយមនុស្សជាតិធ្ងន់ធ្ងរផងដែរកន្លងមក។ លោក Konashenkov បានសង្កត់ធ្ងន់ថា ស្ថានភាពអាក្រក់នឹងត្រូវដោះស្រាយឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដោយការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។
ការចេញមុខទាត់ចោលការចោទប្រកាន់ និងរិះគន់សម្ព័ន្ធមិត្តអាមេរិកតបវិញបែបនេះកើតឡើងក្រោយពេលដែលឧត្តមសេនីយ៍អាមេរិក Joseph Votel ចោទប្រកាន់ត្រង់ៗថា រុស្ស៊ីកំពុងធ្វើជាអ្នកដុតផ្ទះផង និងជាអ្នកពន្លត់ភ្លើងផងនៅក្នុងសង្គ្រាមស៊ីរី។ «ទាំងការទូត និងយោធា រុស្ស៊ីដើរតួនាទីជាអ្នកដុតភ្លើងផង និងជាអ្នកពន្លត់ភ្លើងផង ហើយបន្ទាប់មកតាំងខ្លួនជាអាជ្ញាកណ្តាលដើម្បីដោះស្រាយជម្លោះ និងព្យាយាមធ្វើឲ្យជំហរចរចារវាងភាគីទាំងអស់ចុះខ្សោយ»។ នេះជាការអះអាងរបស់លោក Votel។
មិនត្រឹមតែចោទប្រកាន់ប៉ុណ្ណោះទេ មន្ត្រីយោធាជាន់ខ្ពស់អាមេរិករូបនេះបានបន្ថែមថា រុស្ស៊ីកំពុងប្រើប្រាស់ជម្លោះស៊ីរីជាកន្លែងសម្រាប់សាកល្បងអាវុធប្រភេទថ្មី និងយុទ្ធសាស្ត្រយោធា ហើយវាក៏បង្ហាញពីការពង្រឹងសមត្ថភាពមីស៊ីលរបស់រុស្ស៊ីនៅមជ្ឈិមបូព៌ាដែលបង្កគ្រោះថ្នាក់ដល់សមត្ថភាពអាមេរិកក្នុងការគ្រប់គ្រងដែនអាកាសផងដែរ។
ដោយឡែកក្រសួងការបរទេសអាមេរិកឯណោះវិញ ក៏បានទិតៀនរុស្ស៊ីមិនសំចៃមាត់ដែរ ក្រោយមានការឯកភាពគ្នាអនុវត្តបទឈប់បាញ់នៅភាគខាងកើតតំបន់ Ghouta តាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បានអះអាងថា រុស្ស៊ីមិនព្រមអនុវត្តតាមបទឈប់បាញ់ឡើយ ដោយបន្តគាំទ្រ និងផ្តល់ជំនួយដល់របបដឹកនាំស៊ីរីទៀត។
មុនមានការទិតៀនរុស្ស៊ីនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu បានប្រកាសពីការផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងន័យមនុស្សធ៌មរៀងរាល់ថ្ងៃនៅភាគខាងជើងតំបន់ Ghouta និងបង្កើតច្រករបៀងសម្រាប់សកម្មភាពមនុស្សធម៌ដើម្បីជម្លៀសប្រជាជាតិទៅកាន់ទីកន្លែងសុវត្ថិភាព៕
Tag:
ស៊ីរី
រុស្ស៊ី
អាមេរិក
Igor Konashenkov
© រក្សាសិទ្ធិដោយ thmeythmey.com