អន្តរជាតិ
រដ្ឋបាល ត្រាំ អាចនឹងជួយអារ៉ាប៊ីសាអូឌីតផលិតអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់?
× សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បង្ហាញក្តីបារម្ភចំពោះគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែររបស់សម្ព័ន្ធមិត្តអាមេរិក អារ៉ាប៊ីសាអូឌីត។ ក្តីបារម្ភនោះគឺថា អារ៉ាប៊ីសាអូឌីត អាចនឹងប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលបម្រើប្រយោជន៍ស៊ីវិលនោះ ទៅផលិតសព្វាវុធវិញ ព្រោះសេដ្ឋីប្រេងនេះ មិនបានចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីធានាទប់ស្កាត់ការរាលដាល នៃអាវុធនុយក្លេអ៊ែរឡើយ។
រដ្ឋាភិបាលក្រុងរីយ៉ាដ គ្រោងប្រកាសពីគម្រោងសាសង់រោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន ចំនួនពីរនៅក្នុងខែមីនាខាងមុខ។ រដ្ឋអារ៉ាប់នេះ មានគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរសរុបទាំង ១៦ ឯណោះ ហើយសេដ្ឋីប្រេងមួយនេះ នឹងស្វែងរកជំនួយបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកផង ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ គម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរចំនួន ១៦ នេះ នឹងត្រូវធ្វើឡើងចន្លោះពី ២០ ដល់ ២៥ ឆ្នាំខាងមុខ ហើយរដ្ឋបាលអាមេរិក កំពុងពិចារណាដកការរឹតបន្តឹងការចែក រម្លែកបច្ចេកវិទ្យានុយក្លេអ៊ែរ ជាមួយអារ៉ាប៊ីសាអូឌីតផងដែរ។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា គម្រោងរបស់អារ៉ាប៊ីសាអូឌីត ដែលសហការជាមួយរដ្ឋបាលអាមេរិកនេះ បានធ្វើឲ្យសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ព្រួយបារម្ភខ្លាំង ដ្បិតគម្រោងនេះអាចនឹងធ្វើឲ្យបញ្ហាកាន់តែធំ កើតឡើងនៅមជ្ឈិមបូព៌ា។ សមាជិកព្រឹទ្ធសភារូបនេះ គឺ លោក Ed Markey ដែលមកពីបក្សប្រជាធិបតេយ្យ។
អារ៉ាប៊ីសាអូឌីតអាចនឹងប្រើនុយក្លេអ៊ែរស៊ីវិលដើម្បីផលិតអាវុធ
ក្នុងលិខិតមួយច្បាប់ ផ្ញើជូនទៅរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល័រសិន និងរដ្ឋមន្ត្រីថាមពល Rick Perry លោក Ed Markey បានលើកឡើងថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងចរចាជាមួយ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដោយអាមេរិក អាចនឹងជួយផ្តល់បច្ចេកវិទ្យា សម្រាប់ដំណើរការសាងសង់រោងចក្ររ៉េអាក់ទ័រនេះ។ ប៉ុន្តែបញ្ហានៅត្រង់ថា កិច្ចសហប្រតិបត្តិការនេះ តម្រូវឲ្យមានការចុះកិច្ចព្រមព្រៀងរួមគ្នាមួយ សំដៅទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ ឬកិច្ចព្រមព្រៀង ១២៣ (123 Agreement)ផង។
រដ្ឋមន្ត្រី Rick Perry នឹងជួបពិភាក្សាជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីត នៅទីក្រុងឡុងដ៍ ជុំវិញការបង្កើតកិច្ចសហប្រតិបត្តិការនេះផងដែរ នៅថ្ងៃសុក្រទី ២ កុម្ភៈខាងមុខ។ បើសិនជាមានការព្រមព្រៀងគ្នាមែន អាមេរិក នឹងអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីត ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងប្រើប្រាស់ឡើងសារធាតុនេះវិញផងដែរ ហើយក្រុមហ៊ុនអាមេរិក នឹងជួយសាងសង់រោងចក្រនុយក្លេអ៊ែរនោះ។
សមាជិកព្រឹទ្ធសភា Ed Markey បានកត់សម្គាល់ថា កន្លងមកនេះ អាមេរិក និងអារ៉ាប៊ីសាអូឌីត បរាជ័យរួចហើយ ក្នុងការសម្រេចកិច្ចព្រមព្រៀងនេះ ដោយសារអារ៉ាប៊ីសាអូឌីត នៅតែបដិសេធប្តេជ្ញាចិត្ត គោរពតាមស្តង់ដារ ក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលមានកំណត់ក្នុងកិច្ចព្រមព្រៀងនោះ។
«សភានៅតែមិនទាន់ដឹងច្បាស់ថា អ្វីដែលគេកំពុងពិចារណាពិតប្រាកដនៅពេលនេះ ហើយហេតុអ្វីបានជាយើង ចាំបាច់ត្រូវវាយតម្លៃឡើងវិញ ពីកម្មវត្ថុនៃការទប់ស្កាត់ ក៏ដូចជាស្តង់ដារ ដើម្បីហាមឃាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរនេះ។ យើងក៏មិនដឹងថា តើព័ត៌មាននេះ ផ្តល់ឲ្យអារ៉ាប៊ីសាអូឌីត និងប្រទេសផ្សេងទៀតទូទាំងពិភពលោក ដោយរបៀបណាឡើយ»។ នេះជាការចោទសួររបស់លោក Markey ក្នុងលិខិតរបស់ខ្លួន។
ខណៈដែលស្ថានការណ៍តំបន់តានតឹងស្រាប់ផង ដោយសារបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ គេក៏ពិបាកប៉ាន់ស្មានពីចេតនារបស់អារ៉ាប៊ីសាអូឌីតដូចគ្នាដែរ ហើយរដ្ឋមួយនេះ អាចនឹងយកលេសសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ បម្រើប្រយោជន៍ស៊ីវិល ដើម្បីផលិតអាវុធផងក៏មិនដឹង។ លោក Markey បានរម្លឹកផងដែរថា កន្លងមកមន្ត្រី និងសមាជិករាជវង្សអារ៉ាប៊ីសាអូឌីត បានព្រលយពាក្យថា កម្មវិធីនុយក្លេអ៊ែរកាន់តែចាំបាច់ ដោយសារហេតុផលភូមិសាស្ត្រនយោបាយ ដូចជាគេត្រូវការផលិតថាមពលអគ្គិសនីដូច្នេះដែរ។ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីមហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការស្វែងរកឱកាស ផលិតអាវុធនុយក្លេអ៊ែរនោះ។
រដ្ឋបាលលោក ដូណាល់ ត្រាំ កន្លងមកបានគំរាមបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ ដោយលោកសង្ស័យថា អ៊ីរ៉ង់កំពុងសម្ងំផលិតថាមពលនុយក្លេអ៊ែរ ដើម្បីក្លាយខ្លួនជាមហាអំណាចនុយក្លេអ៊ែរផង។ ក្រោមអំណាចនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥ អ៊ីរ៉ង់បានប្តេជ្ញាចិត្ត កម្រិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មពីសហគមន៍អន្តរជាតិផងដែរ។
ត្រឡប់មកវិញ បញ្ហាសំខាន់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការសាងសង់រោងចក្រនុយក្លេអ៊ែរនោះ គឺថាតើការចរចារវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត នឹងឈានទៅដល់ការកំណត់លក្ខខណ្ឌកម្រិតណា ដែលហាមឃាត់អារ៉ាប៊ីសាអូឌីត ផលិតអាវុធនុយក្លេអ៊ែរនោះ។ ជាការពិតណាស់ បើសិនអាមេរិក រឹងទទឹង និងមិនព្រមផ្តល់បច្ចេកវិទ្យាឲ្យអារ៉ាប៊ីសាអូឌីតទេ អារ៉ាប៊ីសាអូឌីត នៅតែអាចរត់ទៅពឹងពាក់រុស្ស៊ី ឬចិន ឬក៏អាចបារាំង ឬកូរ៉េខាងត្បូងផង ដែលមិនដាក់កំណត់លក្ខខណ្ឌខ្ពស់វិញ។
ដូច្នេះហើយ ទោះជាចង់មិនចង់ អាមេរិកត្រូវពិចារណា និងថ្លឹងថ្លែងខ្លាំងណាស់ដែរ។ សម្រាប់ប្រធានាធិបតី បច្ចុប្បន្ន ដែលផ្តល់តម្លៃលើផលប្រយោជន៍ ដែលអាមេរិកអាចទាញបាននោះ វារឹតតែច្បាស់ណាស់ថា អាមេរិក នឹងលះបង់លក្ខខណ្ឌកម្រិតសិទ្ធិអារ៉ាប៊ីសាអូឌីត ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះមិនខាន។
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman នឹងបំពេញទស្សនកិច្ចនៅអាមេរិក ដែលមានមុខមាត់លេចធ្លោរ និងជាអ្នកឡើងគ្រងរាជ្យនៅពេលខាងមុខនោះ ឮនឹងជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី។ ទំនាក់ទំនងអាមេរិក អារ៉ាប៊ីសាអូឌីត កាន់តែស្និទ្ធស្នាល ក្រោយលោក ដូណាល់ ត្រាំឡើងកាន់តំណែង ហើយលោកបានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកន្លងមកដែរ ដោយលោកបានសម្រេចកិច្ចព្រមព្រៀងលក់សព្វាវុធមានតម្លៃ ១១០ ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអូឌីតថែមទៀតផង៕
Tag:
អារ៉ាប៊ីសាអូឌីត
អ៊ីរ៉ង់
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com