អន្តរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រម្លឹកប្រវត្តិទំនាក់ទំនងជាមួយចិន ដើម្បីចែចូវវិនិយោគចិនឲ្យកាន់តែច្រើន
× រដ្ឋាភិបាលម៉ាឡេស៊ី បានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលចិន ជាពិសេសក្រុមហ៊ុនវិនិយោគចិននៅក្នុងប្រទេសរបស់ខ្លួន ។ ក្រុងកូឡាឡាំពួរ បានចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុងប៉េកាំង គឺជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
ថ្លែងក្នុងវេទិកាធុរកិច្ចម៉ាឡេស៊ី-ចិន នៅថ្ងៃ២៧ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បានថ្លែងស្វាគមន៍ការវិនិយោគពីប្រទេសចិននៅម៉ាឡេស៊ី។ មេដឹកនាំរូបនេះ ថែមទាំងពណ៌នា និងប្រៀបធៀបសហគមន៍ធុរកិច្ចចិននៅម៉ាឡេស៊ី គឺជាដៃគូមួយដ៏សំខាន់ ដែលចូលរួមបង្កើតចំណូល និងជំនាញកាន់ខ្ពស់សម្រាប់អនាគតរបស់ម៉ាឡេស៊ី ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានចិន Xinhua ។
នាវេទិកា ដែលមានអ្នកវិនិយោគចិនរាប់រយនាក់នោះ លោកនាយករដ្ឋមន្ត្រី ណាជីប ក៏បានឲ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មរវាងម៉ាឡេស៊ី និងចិន នៅឆ្នាំ២០១៧កន្លងទៅនៅតែបន្តរឹងមាំ ដោយភាគីទាំងពីរ សម្រេចបាន ៩៦.៣ ពាន់លានដុល្លារ ។
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« វា គឺជារឿងដ៏ត្រឹមត្រូវបំផុតសម្រាប់ម៉ាឡេស៊ីក្នុងនាមជាប្រទេសអាស៊ាន ដែលបានកសាងទំនាក់ទំនងការទូតជាមួយចិននៅឆ្នាំ ១៩៧៤ ហើយ យើងក៏កំពុងតែធ្វើរឿងដ៏ត្រឹមបន្តទៀតក្នុងការស្វាគមន៍វិនិយោគចិនមកកាន់ម៉ាឡេស៊ី » ។
ខណៈថ្លែងពីសមិទ្ធផល និងការពេញចិត្តក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក លោកនាយករដ្ឋមន្ត្រី ណាជីប ក៏បានប្រកាសស្វាគមន៍រាល់បណ្តាអ្នកវិនិយោគប្រទេសនានាដែលមានទំនាក់ទំនងល្អជាមួយនឹងម៉ាឡេស៊ីរួមមានជប៉ុន អារ៉ាប៊ី សាអូឌីត និងឥណ្ឌា ជាដើម ។
គួរជម្រាបផងដែរ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ចិន បានក្លាយជាដៃគូវិនិយោគធំបំផុតរបស់អាស៊ាន ។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចិន នៅក្នុងឆ្នាំ២០១៧ វៀណាម ថៃ និងម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្នុងចំណោមបណ្តាដៃគូសមាជិកអាស៊ាន ៕
Tag:
ចិន
ម៉ាឡេស៊ី
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com