អន្តរជាតិ
UN មិនអាច​ចូល​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​នៅ​តំបន់ Ghouta ទោះ​មាន​បទ​ឈប់​បាញ់​
01, Mar 2018 , 3:50 pm        
រូបភាព
រូបភាព៖ OCHA
រូបភាព៖ OCHA
​ទោះបី​មាន​បទ​ឈប់​បាញ់​ក៏ដោយ  ជំនួយ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ​មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ភាគ​ខាងកើត​តំបន់ Ghouta ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​ឡើយ​។ តំណាង​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​បាន​ទទូច​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ​បន្ទាន់​។​



​ជន​ស៊ីវិល​ស៊ី​រី​បន្ត​រងគ្រោះ និង​ប្រឈម​កង្វះខាត​ស្បៀងអាហារ និង​ថ្នាំសង្កូវ ដោយសារ​ការប្រយុទ្ធ​គ្នា និង​ការទម្លាក់​គ្រាប់បែក​នៅ​បន្ត​នៅ​តំបន់ Ghouta ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​ឧទ្ទាម​។ បញ្ហា​នេះ​នៅតែ​កើតឡើង បើទោះជា​ភាគី​បានសម្រេច​ទទួលយក​ប​ទ​ឈប់​បាញ់​ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ក្តី​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា  ដោយសារ​បញ្ហា​នេះ ខាង​ក្រុម​កិច្ចការ​មនុស្សធម៌​អង្គការសហប្រជាជាតិ​នៅតែ​មិនមាន​លទ្ធភាព​ចូល​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ស៊ី​រី​ដែល​រងគ្រោះ​ដដែល​។ ជំនួយ​មនុស្ស​ប្រហែល ៤០ ឡាន​នៅជាប់​គាំង​ចូលទៅ​តំបន់​ស្ថិតក្រោម​ការហ៊ុមព័ទ្ធ​មិនបាន​នោះឡើយ​។​

​លោក Mark Lowcock  មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ​បាន​អះអាងថា វា​មិនមាន​ការផ្លាស់ប្តូរ​សូម្បីតែ​បន្តិច​នៅ​តំបន់​ជម្លោះ បើទោះបី​ជាមាន​បទ​ឈប់​បាញ់​ក៏ដោយចុះ​។

 ក្នុងពេល​ប្រជុំ​ផ្តោតលើ​បញ្ហា​ស៊ី​រី​ប្រចាំខែ​នា​ថ្ងៃ​ពុធ​ទី ២៨ ខែកុម្ភៈ លោក Lowcock បាន​ចោទសួរ​ទៅកាន់​អង្គប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដូច្នេះ​៖« តើ​ដំណោះស្រាយ​របស់​អស់លោកអ្នក​នឹងត្រូវ​អនុវត្ត​ពេលណា​?»

​លោក Lowcock បានបញ្ជាក់​បន្ថែមថា គ្មាន​ឡើយ​ការបើកផ្លូវ​ឲ្យ​ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​ចូល​ផ្តល់ជំនួយ គ្មាន​ការអនុញ្ញាត​ពី​របប​ដឹកនាំ​ស៊ី​រី និង​គ្មាន​ការផ្តល់​ជម្លៀស​ប្រជាជន​ដែល​ស៊ីវិល​ដែល​រងគ្រោះ​ឬ​របួស​ចេញពី​តំបន់​គ្រោះថ្នាក់​ឡើយ​ចាប់ពី​ថ្ងៃអាទិត្យ​មក​។ ផ្ទុយទៅវិញ ការប្រយុទ្ធ​និង​ទម្លាក់​គ្រាប់បែក​នៅតែ​បន្ត​កើតមាន​។​

​ខណៈដែល​ប្រជាជន​ស៊ី​រី​បន្ត​រងគ្រោះ​នោះ តំណាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ម៉ូស្គូ​ឯណោះ​វិញ​បាន​បន្ត​ចោទ​ប្រកាប់​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​ការបំពាន​បទ​ឈប់​បាញ់​។ តំណាង​អាមេរិក Kelley Currie និយាយថា របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​បំពាន​បទ​ឈប់​បាញ់​ដោយ​បន្ត​ទម្លាក់​គ្រាប់ ខណៈដែល​តំណាង​ក្រុង​ម៉ូស្គូ​លោក  Vassily Nebenzia ចោទ​ក្រុម​ឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​វិញ​។

​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​នយោបាយ​លោក Jeffrey Feltman បានបង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​ក្រុមប្រឹក្សាសន្តិសុខ​មិន​សកម្ម​ដោះស្រាយ​បញ្ហា​វិបត្តិ​មនុស្សជាតិ​នោះ​។ លោក​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​លេខ ២៤៤១ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។

​ពាក់ព័ន្ធ​ការបន្ត​បំពាន​បទ​ឈប់​បាញ់​នេះដែរ ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​អះអាងថា គ្រាន់តែ​ថ្ងៃ​ពុធ​យន្តហោះ​ចម្បាំង​របប​ដឹកនាំ​ស៊ី​រី​បាន​វាយប្រហារ​លើ​ទីតាំង​ជាច្រើន​នៅក្នុង​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់ ហើយ​ស្ថាប័ន​នេះ​សង្កត់ធ្ងន់ថា មនុស្ស​យ៉ាងហោចណាស់ ៦០០​នាក់​បាន​ស្លាប់​ដោយសារ​ប្រតិបត្តិការ​យោធា​នេះ​ចាប់ពី​ថ្ងៃ ១៨ ខែកុម្ភៈ​មក​ក្នុងនោះ​មួយ​ភាគ​បួន​ជា​កុមារ​៕


Tag:
 ស៊ី​រី​
  រុស្ស៊ី​
  Ghouta
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com