អន្តរជាតិ
អ៊ុយក្រែនអួតថា ខ្លួនឈ្នះក្តីរុស្ស៊ីក្នុងបញ្ហាជម្លោះឧស្ម័នតាំងពីឆ្នាំ ២០១៤ រូបភាព៖ Euro Maidan Press
× ចុងក្រោយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ចាញ់ក្តីក្នុងសំណុំរឿងជម្លោះក្នុងការបញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនដែលកើតឡើងតាំងពីឆ្នាំ ២០១៤មកនោះ។ មជ្ឈត្តការស៊ុយអែត បានបញ្ជាឲ្យក្រុមហ៊ុនរដ្ឋរុស្ស៊ីនេះ បង់លុយសំណងទៅអ៊ុយក្រែន ក្នុងទំហំប្រហែល ៤ពាន់លានដុល្លារអាមេរិកឯណោះ។
ក្រុមហ៊ុនឧស្ម័ន Naftogaz របស់ក្រុងគៀវ បានប្រកាសជ័យជម្នះ នៅថ្ងៃពុធទី ២៨ ខែកុម្ភៈ ក្រោយចំណាយពេលវេលាតតាំងក្តី ជាមួយរុស្ស៊ី ពាក់ពាក់ព័ន្ធជម្លោះក្នុងការបញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន។ តុលាការអន្តរជាតិ បានទាមទារឲ្យរុស្ស៊ីបង់លុយចំនួន ៤,៦៣ ពាន់លានដុល្លារ ជាសំណងដល់រដ្ឋាភិបាលអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP សំណុំរឿងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនេះ ត្រូវបានដោះស្រាយដោយស្ថាប័នមជ្ឈត្តការទីក្រុងស្តុកខុម ប្រទេសស៊ុយអែត ក្រោយក្រុមហ៊ុនទាំងពីរ បានដាក់ពាក្យបណ្តឹងប្រឆាំគ្នាទៅវិញទៅមក ក្នុងឆ្នាំ ២០១៤ ក្រោយវិបត្តិអ៊ុយក្រែនផ្ទុះឡើង។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនឧស្ម័ន Naftogaz បានបញ្ជាក់ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នឹងត្រូវបង់លុយចំនួន ៤,៦៣ ពាន់លានដុល្លារទៅឲ្យខ្លួន ដោយសារក្រុមហ៊ុនរុស្ស៊ីនេះ បរាជ័យក្នុងការផ្គត់ផ្គង់ឧស្ម័ន ឆ្លងតាមប្រព័ន្ធបំពង់ឧស្ម័នអ៊ុយក្រែន ទៅទីផ្សារអឺរ៉ុបតាមការសន្យា។
ចំណែកក្រុមហ៊ុន Naftogaz ក៏ត្រូវមានកាតព្វកិច្ចបង់លុយ ២ ពាន់លានដុល្លារ ទៅក្រុមហ៊ុន Gazprom រុស្ស៊ីផងដែរ ដោយសារខ្លួនជំពាក់ថ្លៃឧស្ម័ន ដែលរុស្ស៊ីផ្គត់ផ្គង់ឲ្យក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៥។
យ៉ាងណាក៏ដោយ ដោយសារវាជាសំណុំរឿងពាណិជ្ជកម្ម ស្ថាប័នយុត្តាធិការនេះ មិនបានបញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធសេចក្តីសម្រេចរបស់ខ្លួនឡើយ។ ចំណែក ក្រុមហ៊ុន Gazprom របស់រុស្ស៊ីចេញមុខបញ្ជាក់ថា ខ្លួនមិនទទួលយកការសម្រេចរបស់តុលាការឡើយ។
សូមបញ្ជាក់ថា ជម្លោះពាក់ព័ន្ធឧស្ម័ននេះ កើតឡើងក្រោយទំនាក់ទំនងរវាងក្រុងគៀវ និងក្រុងម៉ូស្គូ ល្អក់កករខ្លាំង ដោយសាររុស្ស៊ី ក្រសោបយកទឹកដីគ្រីមៀ ពីអ៊ុយក្រែន និងគាំទ្រចលនាផ្តាច់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ដែលជម្លោះនេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០០០០ នាក់ឯណោះ៕
Tag:
អ៊ុយក្រែន
Gazprom
Naftogaz
រុស្ស៊ី
ឧស្ម័ន
© រក្សាសិទ្ធិដោយ thmeythmey.com