អន្តរជាតិ
សភាអាហ្វ្រិកខាងត្បូង គាំទ្រញត្តិស្នើឲ្យរឹបអូសដីធ្លីពីប្រជាជនស្បែកស ទៅចែកឲ្យប្រជាជនស្បែកខ្មៅ រូបភាព៖ Defend Europa
× ដើម្បីពន្លឿនការកែទម្រង់ដីធ្លី ដែលជាបញ្ហាបន្សល់ទុក តាំងពីក្រោយរបបរើសអើងពូជសាសន៍អាប៉ាថេត (Apartheid) អ្នកនយោបាយអាហ្វ្រិកខាងត្បូងមួយចំនួន បានជំរុញឲ្យសភាកែរដ្ឋធម្មនុញ្ញ ដើម្បីរឹបអូសដីធ្លីពីក្រុមប្រជាជនស្បែកស ដើម្បីចែកឲ្យប្រជាជនស្បែកខ្មៅវិញ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងថ្មី ដែលទើបឡើងកាន់អំណាច មិនទាន់បានមួយខែផងនោះ ក៏បានលើកឡើងស្រដៀងគ្នា ពីគោលនយោបាយរឹបអូសដីធ្លីនេះ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ការរឹបអូសនេះ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងធានាប៉ះពាល់ដល់ដំណើរការនៃសេដ្ឋកិច្ចឡើយ។
ចុងក្រោយសភាអាហ្វ្រិកខាងត្បូង បានបោះឆ្នោតគាំទ្រញ្ញត្តិដែលស្នើសុំកែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឲ្យអាហ្វ្រិកខាងត្បូង មានសិទ្ធិរឹបអូសយកដីធ្លី ពីប្រជាជនស្បែកស ដោយមិនចាំបាច់ផ្តល់សំណង និងយកមកចែកជូនពលរដ្ឋស្បែកខ្មៅវិញបាន។ ញ្ញត្តិនេះ ត្រូវបានសមាជិកសភាបោះឆ្នោតទទួលយកដោយឡេងគាំទ្រ ២៤១ ទល់នឹង ៨៣ សំឡេង។
ញត្តិទាមទារឲ្យមានការរឹបអូសដីធ្លី ពីប្រជាជនស្បែកស ដែលត្រូវបានសភាអនុម័តនោះ ត្រូវបានដាក់ស្នើឡើងដោយលោក Julius Malema សមាជិកសភាបក្សសកម្មប្រយុទ្ធដើម្បីសេរីភាពសេដ្ឋកិច្ចអាហ្វ្រិកខាងត្បូង ដែលជាបក្សប្រឆាំង មាននិន្នាការលើមនោគមន៍វិជ្ជាម៉ាកស៊ីសនោះ។
លោកបានអះអាងថា វិធានការនេះ ជាការស្វែងរកយុត្តិធម៌ដល់ប្រជាជនអាហ្វ្រិកខាងត្បូងស្បែកខ្មៅ ដែលបាត់បង់លទ្ធភាពធ្វើកសិកម្ម ដោយសារដីធ្លីភាគច្រើន ស្ថិតក្រោមកណ្តាប់ដៃរបស់ប្រជាជនស្បែកសនោះ។
«ពេលវេលាសម្រាប់ការផ្សះផ្សារជាតិចប់ហើយ។ ឥឡូវនេះ ជាពេលសម្រាប់ស្វែងរកយុត្តិធម៌ម្តង។ យើងត្រូវធានាថា យើងអាចស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ប្រជាជនយើងឡើងវិញដោយគ្មានការបង់សំណងជំងឺចិត្ត ដល់ឧក្រិដ្ឋជន ដែលលួចដីរបស់យើងឡើយ»។ នេះជាការបញ្ជាក់របស់ Julius Malema។
ក្រោយទទួលបានការគាំទ្រពីសមាជិកសភា សំណើសុំកែប្រែរដ្ឋធម្មនុញ្ញនេះ នឹងត្រូវបញ្ជូនទៅកាន់គណៈកម្មការត្រួតពិនិត្យរដ្ឋធម្មនុញ្ញ ដើម្បីសិក្សាសិន មុននឹងត្រឡប់មកផ្តល់ចម្លើយវិញនៅថ្ងៃ ៣០ ខែសីហាខាងមុខ។
ដោយឡែកប្រធានាធិបតីថ្មី Cyril Ramaphosa ដែលមកពីបក្សកាន់អំណាចសមាជជាតិអាហ្វ្រិក ក៏បានលើកឡើងផងដែរ ពីគោលនយោបាយរបស់រដ្ឋាភិបាលលោក ក្នុងការពន្លឿនការកែទម្រង់ដីធ្លី ដោយជំរុញការរឹបអូសយកដី ដោយមិនចាំបាច់ផ្តល់សំណង។
លោកបន្ថែមថា ការរឹបអូសនេះនឹងធ្វើឡើងដោយប្រុងប្រយ័ត្ន និងប្រកបដោយការទទួលខុសត្រូវ ដើម្បីធានានិរន្តរភាពនៃការលូតលាស់សេដ្ឋកិច្ច និងដំណើការនៃវិស័យកសិកម្ម និងសន្តិសុខស្បៀងផង។
តាមពិតទៅ បញ្ហាដីធ្លីជារឿងចម្រូងចម្រាស និងស្មុគស្មាញបំផុតដែរនៅអាហ្វ្រិកខាងត្បូង។ បើតាមទិន្នន័យរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងឆ្នាំ ២០១៧ អាហ្វ្រិកខាងត្បូង មានប្រជាជនសរុបជាង៥០ លាននាក់ ហើយអ្វីដែលសំខាន់ ប្រជាជនស្បែកសកាន់កាប់ដីកសិកម្ម សរុបរហូតដល់ ៧២ភាគរយឯណោះ។ ចាប់ពីរបបដឹកនាំរើសអើងពូជសាសន៍ ដែលដឹកនាំដោយក្រុមជនជាតិភាគតិចស្បែកសបញ្ចប់ទៅ កាលពីជាងពីរទសវត្សរ៍មុន ដីធ្លីដែលអាចធ្វើកសិកម្មបាន និងអចលនទ្រព្យភាគច្រើន ស្ថិតក្រោមការកាន់កាប់របស់ប្រជាជនស្បែកស ហើយទ្រព្យសម្បត្តិប្រហែល ៩៥ភាគរយ នៃប្រទេសនេះ ស្ថិតក្នុងកណ្តាប់ដីប្រជាជនប្រហែល ១០ភាគរយប៉ុណ្ណោះ។
យ៉ាងណាមិញ គោលនយោបាយរឹបអូសដីធ្លី ដោយមិនផ្តល់សំណងនេះ មិនទទួលបានការគាំទ្រពីគណបក្សមួយចំនួន ដែលមានអាសនៈក្នុងសភា ហើយក៏ប្រឈមការរិះគន់ខ្លាំងដែរ។ សភាធុរកិច្ចកសិកម្មអាហ្វ្រិកខាងត្បូង ដែលតំណាងដោយវិស័យកសិកម្មនោះ បានព្រមានថា ការរឹបអូសដីធ្លីពីប្រជាជនស្បែកស ជាការបំពានសិទ្ធិគ្រប់គ្រងវត្ថុរបស់ពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋាន និងជាតម្លៃសកលមួយពាក់ព័ន្ធសេរីភាពបុគ្គល និងសេរីភាពសេដ្ឋកិច្ចផង។ ម្យ៉ាងទៀត ញត្តិរបស់អ្នកនយោបាយខាងលើ ក៏ត្រូវបានគេចាត់ទុកជាការរំលោភបំពាន លើកិច្ចព្រមព្រៀងឆ្នាំ ១៩៩៤ ដែលគណបក្សកាន់អំណាចបច្ចុប្បន្ន សន្យាធ្វើយ៉ាងណារក្សាប្រយោជន៍របស់ក្រុមជនជាតិភាគតិចស្បែកស ក្រោយរបបដឹកនាំរើសអើង អាប៉ាថេត ដួលរលំផងដែរ។
អ្នកជំនាញមួយចំនួនក៏បានរិះគន់ និងព្រមានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងផងដែរ ចំពោះការប៉ុនប៉ងរឹបអូសដីធ្លីពីប្រជាជនស្បែកសនោះ។ គេបារម្ភថា អាហ្វ្រិកខាងត្បូង នឹងជាន់គន្លងស៊ីមប៉ាវេ ដែលរឹបអូសយកដីពីប្រជាជនស្បែកស ហើយក្រោយមកក៏ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរតែម្តង៕
Tag:
អាហ្វ្រិកខាងត្បូង
ដីធ្លី
Julius Malema
© រក្សាសិទ្ធិដោយ thmeythmey.com