អន្តរជាតិ
តារាចម្រៀង​អេ​ហ្ស៊ី​បម្នាក់​ជាប់ទោស​៦​ខែ ដោយសារ​និយាយ​បង្អាប់​ទន្លេ​នី​ល​
02, Mar 2018 , 9:25 am        
រូបភាព
តារាចម្រៀង Sherine Abdel Wahab នាពិធីប្រគំតន្ត្រីមួយ។ រូបថត AFP
តារាចម្រៀង Sherine Abdel Wahab នាពិធីប្រគំតន្ត្រីមួយ។ រូបថត AFP
ដោយ: ធីតា
​តុលាការក្រុង​គែរ កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​កាត់ទោស​តារាចម្រៀង​អេ​ហ្ស៊ី​ប​ឈ្មោះ Sherine Abdel Wahab ដាក់ពន្ធនាគារ​រយៈពេល​៦​ខែ ដោយបាន​និយាយ​បន្ទោស​បង្អាប់​គុណភាព​ទឹក​នៅក្នុង​ទន្លេ​នី​ល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។



​ទន្លេ​នី​ល​ត្រូវបាន​ចាត់ទុកជា​បេះដូង​របស់​ប្រជាជន​អេ​ហ្ស៊ី​ប ដូច្នេះ​គេ​មិន​ទទួលយកបាន​នោះឡើយ​នូវ​ការបន្ទោស​បង្អាប់​ណាមួយ​ពី​ជាតិ​ខ្លួនឯង​។ តារាចម្រៀង​អេ​ហ្ស៊ី​ប​ដែល​កំពុង​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​អារ៉ាប់ Sherine Abdel Wahab ត្រូវបាន​តុលាការក្រុង​គែរ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៦​ខែ ពីបទ «​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​» និង «​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទោស​ដាក់ពន្ធនាគារ​ត្រូវបាន​ព្យូ​រ នា​ដំណាក់​កាលដែល​តារាចម្រៀង​រូបនេះ បន្ត​ប្តឹងទៅ​ឧទ្ធរណ៍ និង​ក្រោយ​ការដាក់​ប្រាក់​តម្កល់​ប្រមាណ​៥០០០​ផោន​អេ​ហ្ស៊ី​ប (​ជាង​២៨០​ដុល្លារ​អាមេរិក​)​។​

​រយៈពេល​ជាច្រើន​ខែ​មកហើយ អ្នកប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត បាន​ចែករំលែក​វីដេអូ​មួយ​ស្តីពី​ការប្រគំ​តន្ត្រី​នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដោយ​អ្នកគាំទ្រ​ម្នាក់ ស្នើសុំ​ទៅ​នាង Sherine ឲ្យ​ច្រៀង​បទ «​តើ​អ្នក​ផឹកទឹក​ទន្លេ​នី​ល​ដែរឬទេ​?» ដែលជា​បទ​ល្បី​មួយ​របស់​នាង​។​

​តារាចម្រៀង​រូបនោះ បាន​ឆ្លើយថា «​អ្នក​អាច​ឆ្លង Schistosomiasis» ដែល​ក្នុងន័យ​សំដៅលើ​ជំងឺឆ្លង​ពី​ពពួក​ប៉ា​រ៉ា​សិត​ដែលមាន​វត្តមាន​នៅក្នុង​ទឹក​។ នាង​បាន​បន្ត​និយាយ​លេងសើច​ថា​៖ «​ផឹកទឹក Evian វិញ​ទៅ ប្រសើរ​ជាង​»​។​

​គុណភាព​ទឹកទន្លេ​នី​ល ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅ​មួយ បន្ទាប់ពី​មានការ​សាងសង់​ទំនប់​ពី​ប្រទេស​អេ​ត្យូ​ពី ប៉ុន្តែ​មិនមាន​អ្នកណា​ហ៊ាន​រិះគន់​ចំៗ​នោះឡើយ​។ សមាគម​តន្ត្រី​នៅ​អេ​ហ្ស៊ី​ប បាន​ហាមឃាត់​វត្តមាន​របស់​នាង Sherine នៅលើ​ឆាក​តន្ត្រី​។

​ជាមួយគ្នានេះ តារាចម្រៀង​ដ៏​ល្បី និង​ជា​ចៅក្រម​កម្មវិធី The Voice អេ​ហ្ស៊ី​ប​ផង​ដែរនោះ បាន​សុំ​ការ​អភ័យទោស​ពី​សាធារណជន ចំពោះ​ការនិយាយ​លេងសើច​ជ្រុល​របស់​នាង​៕


Tag:
 ​អេ​ហ្ស៊ី​ប​
  ទន្លេ​នី​ល
© រក្សាសិទ្ធិដោយ thmeythmey.com