អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក​បញ្ចប់​ការសាកល្បង Explore Feed នៅ​កម្ពុជា និង​ប្រទេស​៥​ទៀត​
02, Mar 2018 , 11:29 am        
រូបភាព
ដោយ: រួបរួម
​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) បានប្រកាស​បញ្ចប់​កា​រសក​ល្បង​ដំណើរការ Explore Feed នៅ​ប្រទេស​ចំនួន​៦ ដែល​ក្នុងនោះ​មាន​កម្ពុជា ស្រីលង្កា បូ​លី​វី ស្លូ​វ៉ា​គី ស៊ែ​ប៊ី និង​ហ្គា​តេ​ម៉ា​ឡា​។ ការសម្រេច​នេះ មានន័យថា នឹង​គ្មាន​ការបែងចែក​ព័ត៌មាន​ដោយឡែក​រវាង​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទៀតហើយ​។​



​លោក Adam Mosseri ប្រធាន​ផ្នែក News Feed របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​សរសេរ​នៅលើ​ប្លក់​របស់ខ្លួន  កាលពី​ថ្ងៃទី​១ ខែមីនា កន្លងមក​ថា ពេលវេលា​នៃ​ការសាកល្បង Explore Feed នៅ​ប្រទេស​ចំនួន​៦​ឈានដល់​ទីបញ្ចប់​ហើយ​។​

​លោក Mosseri បានសរសេរថា ហ្វេ​ស​ប៊ុ​ក​បានធ្វើការ​បន្ទាន់​សម័យ​លើ​កម្មវិធី​ជាច្រើន ដូចជា​ប៊ូ​តុង Like ប្រតិកម្ម (Reactions), Live Video និង GIFs ជាដើម ហើយ​កម្មវិធី​ទាំងនោះ ទទួលបាន​នូវ​ការចូលរួម​យោបល់​វិជ្ជមាន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​

​ទាក់ទង​នឹង Explore Feed ដែល​ហ្វេ​ស​ប៊ុ​ក ចង់ភ្ជាប់​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​មិត្តភក្តិ និង​គ្រួសារ តាមរយៈ​ការបែងចែក​ឲ្យ​ដាច់​ពី​ទំព័រ​ក្រុមហ៊ុន និង​ទំព័រ​ពាណិជ្ជកម្ម​ផ្សេងៗ ប៉ុន្តែ​លទ្ធផល​មិនបាន​ដូច​ការរំពឹង​នោះឡើយ​។ ហ្វេ​ស​ប៊ុ​ក​ទទួលបាន​មតិយោបល់ (Feedback) ជាច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​នៅ​កម្ពុជា ស្រីលង្កា បូ​លី​វី ស្លូ​វ៉ា​គី ស៊ែ​ប៊ី និង​ហ្គា​តេ​ម៉ា​ឡា ដែល​សុទ្ធតែ​ត្អូញត្អែ ចំពោះ​ការបែងចែក News Feed បែបនេះ​។​

​លោក Adam Mosseri បាន​បញ្ជាក់ថា ការសម្រេច​បញ្ចប់​ការសាកល្បង Explore Feed ដែល​ចាប់ផ្តើម​កាលពី​ខែតុលា ឆ្នាំ​២០១៧ នៅ​ប្រទេស​ទាំង​៦​នោះ  គឺ​ដោយសារតែ​ហ្វេ​ស​ប៊ុ​ក​ផ្អែកលើ​មតិយោបល់​ចូល​ពី​សំណាក់​អ្នកប្រើប្រាស់​។​

​ប្រធាន News Feed ហ្វេ​ស​ប៊ុ​ក​រូបនេះ បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​នៅតែ​បន្ត​ប្រើប្រាស់​មធ្យោបាយ​ស្ទាបស្ទង់​មតិ​រាល់​ការសាកល្បង​ផលិតផល​ថ្មី​របស់ខ្លួន ដើម្បី​ឲ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន News Feed កាន់តែ​ទូលំទូលាយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែមីនា នេះ Explore Feed នៅតែ​បន្ត​វត្តមាន​លើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកប្រើប្រាស់​កម្ពុជា​នៅឡើយ​៕


Tag:
 ហ្វេ​ស​ប៊ុ​ក​
  Explore Feed
© រក្សាសិទ្ធិដោយ thmeythmey.com