អន្តរជាតិ
ក្រុមការងារ​អាស៊ាន​-​ចិន ជួបគ្នា​នៅ​វៀតណាម ជជែក​ពី DoC និង CoC
02, Mar 2018 , 1:56 pm        
រូបភាព
រូបភាព៖ ក្រសួងការបរទេសចិន
រូបភាព៖ ក្រសួងការបរទេសចិន
ដោយ:
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ចិន នៅ​ថ្ងៃ​១ និង​២ មីនា​នេះ នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​រួមគ្នា​លើក​ទី​២៣ ស្តីពី​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​នៃប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DoC) នៅក្នុង​ប្រទេស​វៀតណាម ។ ភាគី​ទាំងពីរ ក៏​នឹង​ចាប់ផ្តើម​ការពិគ្រោះ​យោបល់​គ្នា​លើ​ការបង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្ត និង​គ្រប់គ្រង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង នៅ​ថ្ងៃ​២៨ កុម្ភៈ នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ បាន​ឲ្យ​ដឹងថា ក្រុមការងារ​រួម​ចិន និង​អាស៊ាន នឹង​បើ​កិច្ចប្រជុំ​ពីរ​ថ្ងៃ នៅក្នុង​ខេត្ត Nha Trang របស់​វៀតណាម ។ តាមរយៈ​ជំនួប​នេះ លោក រំពឹងថា ភាគី​ពាក់ព័ន្ធ​នឹង​អាច​មានឱកាស​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​ការអនុវត្ត DoC , ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដែ​ន​សមុទ្រ ក៏ដូចជា​ការពិគ្រោះ​យោបល់​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ( CoC ) ។

​ខណៈ​ការ​របាយការណ៍​នៅតែ​បន្ត​ចុះផ្សាយ​ពី​សកម្មភាព​ចិន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​លទ្ធភាព​នៃ​ការ​ប្រឈម​គ្នា​រវាង​ចិន និង​អាមេរិក​នៅ​តំបន់​នោះ អ្នកនាំពាក្យ​ខាងលើ បាន​ពណ៌​នាពី​ស្ថានភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ថា​មាន​ស្ថិរភាព​បំផុត ។ ស្ថិរភាព​នេះ លោក អះអាងថា កើតឡើង​បាន​ដោយសារតែ​កិច្ចប្រឹងប្រែង​របស់​ចិន និង​ប្រទេស​នៅក្នុង​តំបន់​ប៉ុណ្ណោះ ។

​លោក ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« ចិន និង​ប្រទេស​អាស៊ាន មាន​ឆន្ទៈ និង​ទំនុកចិត្ត​ក្នុង​ការបន្ត​កិច្ចសន្ទនា និង​សហប្រតិបត្តិការ ក៏ដូចជា​ពុះពារ​ជាមួយគ្នា​សម្រាប់​ការ​ដំណើរការ​កាន់តែ​ល្អ និង​រឹងមាំ​នៃ​ស្ថានភាព​នៅក្នុង​តំបន់ » ។​

​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែន​ជម្លោះ​អធិបតេយ្យ​មួយ​ដែលមាន​ភាគី​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន ។ កន្លងមក លិ​ខិ​តូ​បក​រណ៍​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ខាងត្បូង ដែល​រឹងមាំ​ជាងគេ ដែល​ភាគី​បានសម្រេច​បាន​នោះ​គឺ DoC ។ លិ​ខិ​តូ​បក​រណ៍​នេះ ត្រូវបាន​អ្នកជំនាញ​មួយចំនួន យល់ឃើញថា មិនមាន​ច​រិ​ក​ចាប់បង្ខំ​ភាគី ហើយ ក៏​មិនមាន​យន្តការ​ច្បាស់លាស់​សម្រាប់​គ្រប់គ្រង​តំបន់​ជម្លោះ​ផងដែរ ។​

​ដូច្នេះហើយ​ទើបបានជា​ភាគី​ពាក់ព័ន្ធ​អាស៊ាន និង​ចិន នៅ​ចុង​ឆ្នាំមុន បាន​ព្រមព្រៀងគ្នា​ចុះហត្ថលេខា​លើ​ក្របខណ្ឌ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​សំដៅលើ​យន្តការ​បឋម ក្នុងការ​ឈានទៅដល់​ការបង្កើត​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​គ្រប់គ្រង​សកម្មភាព​ផ្សេងៗ​នៅ​ទីនោះ ។ តែ​យន្តការ​បែបណា នឹងត្រូវ​ដាក់បញ្ចូល​នៅក្នុង​ក្រម​នេះ នៅ​មិនទាន់មាន​ភាពជាក់លាក់​ឡើយ ដ្បិត​ភាគី​ពាក់ព័ន្ធ ក៏​ទើបតែ​ចាប់ផ្តើម​នីតិវិធី​ចរចា និង​ពិគ្រោះ​យល់​គ្នា ជាមួយនិង​ឆន្ទៈ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​ផង​៕



Tag:
 ចិន​
  វៀតណាម
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com