អន្តរជាតិ
កូរ៉េខាងត្បូងត្រៀមបញ្ជូនបេសកជនពិសេសទៅកូរ៉េខាងជើង
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១ ខែមីនា បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញការវិវត្តថ្មីៗឧបទ្វីបកូរ៉េ។ ក្នុងការជជែកនេះ លោក មូន ចេអ៊ីន បានប្រាប់លោក ត្រាំ ពីគម្រោងបញ្ជូនប្រេសិតពិសេសទៅកាន់កូរ៉េខាងជើង។ គម្រោងបញ្ជូនប្រេសិតនេះ ធ្វើឡើងដើម្បីឆ្លើយតបទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់តំណាងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អំឡុងពេលព្រឹត្តិការណ៍អូឡាំពិករដូវរងា។
ក្នុងការសន្ទនាតាមទូរសព្ទនៅថ្ងៃទី១ ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានប្រាប់សមភាគីអាមេរិក ដូណាល់ ត្រាំ ពីលទ្ធផលនៃទស្សនកិច្ចរបស់ប្រតិភូកូរ៉េខាងជើងនៅកូរ៉េខាងត្បូងដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក ក៏ដូចជាស្ថានការណ៍ថ្មីៗនៅឧបទ្វីបកូរ៉េផង។ បើតាមការប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង មេដឹកនាំទាំងពីរក៏បានពិភាក្សាការរំសាយនុយក្លេអ៊ែរ តាមរយៈការរក្សាទំនាក់ទំនងល្អរវាងកូរ៉េទាំងពីរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន ចេអ៊ីន បានប្រាប់លោក ត្រាំ ថា លោកនឹងបញ្ជូនបេសកជនពិសេសទៅកាន់កូរ៉េខាងជើង តែមិនទាន់ដឹងថា ដឹកនាំដោយនរណាឡើយ។ ការបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅទស្សនកិច្ចនៅកូរ៉េខាងជើងនៅពេលខាងមុខ គឺជាការឆ្លើយតបទៅនឹងការបញ្ជូនប្រេសិតពិសេស និងវត្តមានមន្ត្រីកូរ៉េខាងជើងចូលរួមក្នុងពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិករដូរងានៅទីក្រុងព្យុងឆាង។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាត់តាំងប្អូនស្រីរបស់ខ្លួន គឺលោកស្រី គីម យ៉ូចុង ធ្វើជាបេសកជនពិសេស និងបានអញ្ជើញលោក មូន ចេអ៊ីន ទៅទស្សនកិច្ចនៅកូរ៉េខាងជើងផង។ លោកស្រី គីម យ៉ូចុង គឺជាសាច់ញាតិសន្តិវង្ស គីម ដំបូងគេ ដែលជាន់ទឹកដីកូរ៉េខាងត្បូង ក្រោយសង្គ្រាមឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ។ ក្នុងពេលបិទព្រឹត្តិការណ៍អូឡាំពិក មន្ត្រីកូរ៉េខាងជើងក៏បានចូលរួមដែរ ហើយថែមទាំងប្រកាសជំហរចរចាជាមួយអាមេរិកទៅទៀត។
យ៉ាងណាមិញ លោក មូន ចេអ៊ីន មិនបញ្ជាក់ពីគោលដៅនៃការបញ្ជូនតំណាងពិសេសទៅកូរ៉េខាងជើងឡើយ។ កន្លងមក រដ្ឋបាលក្រុងសេអ៊ូលក៏តែងបញ្ជូនមន្ត្រីរបស់ខ្លួន ទៅជួបមន្ត្រីកូរ៉េខាងជើងដែរ ហើយប្រធានបទនៃការចរចា អាចជាការរៀបចំជំនួបមេដឹកនាំកំពូលដូចជាឆ្នាំ២០០០ និងឆ្នាំ២០០៧ ឬក៏ទៅជជែកពីបញ្ហានុយក្លេអ៊ែរ នៅពេលស្ថានការណ៍តានតឹងខ្លាំង។
ជុំវិញគម្រោងបញ្ជូនតំណាងពិសេសទៅកូរ៉េខាងជើងរបស់កូរ៉េខាងត្បូង ក្រសួងការបរទេសអាមេរិកលើកឡើងថា ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលបានបន្តទាក់ទាក់គ្នាជិតដិតដើម្បីមានការឆ្លើយតបរួមគ្នាមួយ។ បើតាមការប្រកាសរបស់សេតវិមាន លោក ត្រាំ និងលោក មូន បានឯកភាពគ្នាថា ការចរចាជាមួយក្រុងព្យុងយ៉ាង ត្រូវធ្វើឡើងដោយមានគោលដៅសំខាន់បំផុតមិនប្រែប្រួល គឺការរំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
អាមេរិក
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com