អន្តរជាតិ
យ៉ាងហោច ៣០នាក់ស្លាប់ក្នុងហេតុការណ៍ឆេះមណ្ឌលកែប្រែនៅអាហ្ស៊ែបៃហ្សង់ រូបភាព CGTV
× មនុស្សយ៉ាងតិចណាស់៣០នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់នៅថ្ងៃទី២ ខែមីនា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ឧបទ្ទវហេតុឆេះមណ្ឌលកែប្រែមួយកន្លែងនៅក្រុងបាគូ ប្រទេសអាហ្ស៊ែបៃហ្សង់បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់បាត់បង់ជីវិត។ ករណីឆេះនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រទី ២ ខែមីនានេះ។
ទាក់ទិននឹងករណីឆេះនេះ ទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្តីការិយាល័យអគ្គរដ្ឋអាជ្ញាអាហ្ស៊ែបៃហ្សង់ថា ភ្លើងបានឆាបឆេះទីតាំងនេះនៅវេលាម៉ោង ៦៖១០ នាទីព្រឹក ហើយមូលហេតុបឋមដែលនាំឲ្យឆេះនេះគឺ ទុស្សេខ្សែភ្លើង។ មកដល់ឥឡូវនេះ អាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះ ២៤ នាក់រួចហើយ។ ចំណែក ទីភ្នាក់ងារព័ត៌មាន អាហ្ស៊ែបៃហ្សង់ បានផ្សាយថា អ្នកស្លាប់មានយ៉ាងហោចណាស់ ៣០នាក់ឯណោះ។
ខាងក្រុមសង្គ្រោះ និងក្រុមពន្លត់អគ្គីភ័យកំពុងបន្តភារកិច្ចរបស់ខ្លួនដើម្បីពន្លត់ទីតាំងដែលឆេះ និងជួយសង្គ្រោះមនុស្ស ហើយការស៊ើបអង្កេតមូលហេតុដែលនាំឲ្យឆេះនោះកំពុងបន្តទៅមុខដូចគ្នា។ តាមពិតទៅ អតីតរដ្ឋសហភាពសូវៀតនេះប្រឈមនឹងករណីឆេះទ្រង់ទ្រាយធំបែបនេះជាច្រើនដងមកហើយ។ កាលពីខែតុលាឆ្នាំ ១៩៩៥ មនុស្ស ២៨៩ នាក់បានស្លាប់ដោយសារករណីឆេះរថភ្លើងក្រោមដីនៅកណ្តាលរដ្ឋធានីបាគូ ហើយក្នុងខែឧសភាឆ្នាំ ២០១៥ វាមានករណីឆេះអាគារមួយកន្លែងដែលបានឆក់យកជីវិតមនុស្សអស់ ១៥ នាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com