អន្តរជាតិ
របាយការណ៍​អូស្ត្រាលី​បង្ហាញ​ពី​គុណវិបត្តិ​ដែល​នៅតែមាន​សម្រាប់​ជនជាតិដើម​អូស្ត្រាលី​
02, Mar 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ស៊ីដនី ៖ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ឲ្យ​ដឹងថា ការតាមដាន​សុខភាព​និង​សុខុមាលភាព​របស់​ពល​រដ្ឋ​ជនជាតិដើម របស់ខ្លួន​បានបង្ហាញ​ពី​លទ្ធផល​ជោគជ័យ​ប្រសើរ​បំផុត​តាំងពី​ឆ្នាំ​២០១១ បើទោះបីជា​ភាពល្អប្រសើរ​ជាង​មុន​សម្រេច​លើ​គោលដៅ​ចំនួន​តែ​បី​ក្នុងចំណោម​គោលដៅ​ទាំង​ប្រាំពីរ​ក៏ដោយ​ក្តី​។​



​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​អត្រា​មរណ​របស់​កុមារ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​សម្រេចបាន​នូវ​បទដ្ឋាន​អប់រំ​ពីរ​ក្នុងចំណោម​បទដ្ឋាន​អប់រំ​បួន បានទទួល​ជោគជ័យ​តាម​ការកំណត់​។ ប៉ុន្តែ​បញ្ហា​វិសមភាព​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​នៅតែ​កើតមានឡើង ដែល​អត្រា​ទទួល​បានកា​រងារ​ធ្វើ​របស់​ពួកគេ​មាន​ត្រឹមតែ​៤៦​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ពលរដ្ឋ​មិនមែន​ជនជាតិដើម​អូស្ត្រាលី​នាពេល​បច្ចុប្បន្ន​។ អាយុ​រស់នៅ​មធ្យម​របស់​ជនជាតិដើម​អូស្ត្រាលី​គឺ​១០​ឆ្នាំ​តិចជាង​ពលរដ្ឋ​មិនមែន​ជនជាតិដើម​។​

​ពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​នៅតែ​ជា​ក្រុម​ប្រជាជន​មួយ​ដែល​ជួប​ការលំបាក​ខ្លាំងជាងគេ​។ អត្រា​ដែល​ពួកគេ​ត្រូវបាន​ជាប់ឃុំ​ឃាំង មាន​ជំងឺ​និង​ក្រលំបាក គឺ​នៅ​ខ្ពស់​ខ្លាំង​នៅឡើយ​។​

​កាលពី​១០​ឆ្នាំមុន ជនជាតិដើម​អូស្ត្រាលី​ទទួលបាន​ការសុំ​ទោស​ជា​ប្រវត្តិសាស្ត្រ​មួយ​ពី​រដ្ឋាភិបាល​ចំពោះ​ភាពអយុត្តិធម៌​កាលពី​ពេលមុនៗ ដែល​រួមមាន​ដូចជា ការ​បំបែក​ក្មេង​រាប់សិប​ម៉ឺន​នាក់​ចេញពី​គ្រួសារ​របស់​ពួកគេ​។ ហើយ​ក្មេង​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា «​ជំនាន់​ដែល​ត្រូវគេ​ឆក់យក​»​ឬ «Stolen Generations» ក្រោម​គោលនយោបាយ​នៃ​ការដាក់​ឲ្យ​រស់នៅ​លាយឡំ​ជាមួយនឹង​គ្នា ដែល​ត្រូវ​បានបញ្ចប់​នៅ​ចុង​ទសវត្សរ៍​១៩៦០​។ ពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​ជាច្រើន បានទទួល​ការសុំ​ទោស​ជា​ផ្លូវការ​នេះ ប៉ុន្តែ​ពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​ជាច្រើន​ទៀត​នៅតែ​បន្ត​ទាមទារ​សំណង​ចំពោះ​អ្វីដែល​ពួកគេ​បាន​រងគ្រោះ​។​

​លោកស្រី Muriel Bamblett មកពី​ទីភ្នាក់ងារ​ថែទាំ​កុមារ​ជនជាតិដើម​ប្រចាំ​រដ្ឋ Victoria​ដែលជា ទីភ្នាក់ងារ​មួយ​បង្កើតឡើង​ដោយ​ក្រុម​ជនជាតិដើម​អូស្ត្រាលី ក្នុង​រដ្ឋ Victoria កាលពី​ទសវត្សរ៍​១៩៧០​។​

​លោកស្រី​បាន​ថ្លែងថា​៖

«​មនុស្ស​ទាំងនេះ​កំពុងតែ​ស្លាប់​បណ្តើរៗ​ហើយ​។ ពួកគេ​ភាគច្រើន​ស្ថិតក្នុង​វ័យ​៧០​និង​៨០​ឆ្នាំ ហើយ​ពួកគេ​មួយចំនួន​បាន​ស្លាប់​ដោយ​មិន​ទទួលបាន​សំណង​អ្វី​ទាំងអស់​។ អ្វីដែល​សំខាន់​ជាង​នេះ​សម្រាប់​ពួកគេ​គឺ ការទទួលបាន​នូវ​ការ​ទទួលស្គាល់ថា អ្វីដែល​បានកើត​ឡើង​ចំពោះ​ពួកគេ​គឺជា​អំពើ​មួយ​មិន​ត្រឹមត្រូវ​។ យើង​ទទួលបាន​ការសុំ​ទោស​មែ​ន​ប៉ុន្តែ​គ្មានអ្វី​ទៀត​ទេ​ក្រៅពីនោះ​»​។​

​ការសុំ​ខមាទោស​ទៅកាន់ «​ជំនាន់​ដែល​ត្រូវគេ​ឆក់យក​»​ឬ «Stolen Generations» កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៨ ត្រូវបាន​ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​នាពេលនោះ​គឺ​លោក Kevin Rudd​។​

​លោក​ជឿថា​សុខុមាលភាព​និង​ឱកាស​របស់​ក្រុម​ជនជាតិដើម មាន​ភាពប្រសើរ​ជាង​មុន​ច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ​។​

​លោក​បាន​ថ្លែងថា​៖

«​ខ្ញុំ​សូម​ជំទាស់​ចំពោះ​ការអះអាង​ដែលថា វា​មាន​ការវិវឌ្ឍ​តិច​។ ដប់ឆ្នាំ​ទៀត​អ្នកនឹង​ឃើញថា ទារក​របស់​ជនជាតិ​ដើម​ជាច្រើន​នឹងមិន​ស្លាប់​នៅពេល​ទើប​កើត​ទៀត​នោះទេ​។ មាន​កុមារ​ជនជាតិដើម​រាប់សិប​ម៉ឺន​នាក់​អាយុ​បួន​ឆ្នាំ​ច្រើនជាង​មុន​បាន​ចូលរៀន​នៅ​សា​លាម​តេ្ត​យ្យ​។ ដូច្នេះ​អ្វីដែល​ខ្ញុំ​ចង់​និយាយ​គឺថា​អ្នក​រាល់គ្នា​គួរតែ​ត្រូវបាន​លើកទឹកចិត្ត ពួកគេ​គួរតែ​ដឹងថា​មានរឿង​ជាច្រើន​ទៀត​ដែល​យើង​ត្រូវធ្វើ​»​។​

​ពលរដ្ឋ​ជនជាតិដើម​អូស្ត្រាលី​មាន​ចំនួន​ប្រហែល​បី​ភាគរយ​នៃ​ចំនួន​ប្រជាជន​អូស្ត្រាលី​សរុប​។ ហើយ​បើតាម​ការប៉ាន់ស្មាន ពួកគេ​មកដល់​ទ្វីប​អូស្ត្រាលី​ប្រហែល​តាំងពី​៦០.០០០​ឆ្នាំមុន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com