អន្តរជាតិ
ពូទីន ថា រុស្ស៊ីមានអាវុធថ្មីដែលអាចទម្លុះខែលការពារអាមេរិក តែអាមេរិកថា មិនភ្ញាក់ផ្អើល ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបភាព៖ AFP)
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១ ខែមីនា បានទម្លាយពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបជាច្រើនមុខដែលមានទាំងមីស៊ីលអន្តរទ្វីប ដ្រូនក្នុងទឹក និងអាវុធឡាស៊ែរ ហើយដែលអាចទម្លុះប្រព័ន្ធការពាររបស់អាមេរិក។ តាមលោក ពូទីន ឥទ្ធិពលសព្វាវុធថ្មីៗទាំងនេះនឹងបង្ខំអាមេរិកបោះបង់នយោបាយឡោមព័ទ្ធរុស្ស៊ី និងទទួលស្គាល់រុស្ស៊ីជាដៃគូស្មើភាព។ យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោនមិនមានការភ្ញាក់ផ្អើលនឹងសម្ដីលោក ពូទីន ឡើយ។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រើប្រាស់សុន្ទរកថាទៅកាន់ក្រុមអ្នកនយោបាយជាន់ខ្ពស់ ដើម្បីប្រកាសពីជោគជ័យក្នុងការអភិវឌ្ឍសព្វាវុធថ្មីៗដើម្បីទប់ទល់អាមេរិក។ ក្នុងសុន្ទរកថានៅវិមានក្រេមឡាំងនៅថ្ងៃទី១ ខែមីនា មេដឹកនាំរុស្ស៊ីរូបបានចាប់ផ្ដើមរៀបរាប់ពីសមិទ្ធផល និងទិសដៅនយោបាយក្នុងស្រុក មុននឹងរៀបរាប់ពីយុទ្ធោបករណ៍សង្គ្រាមទំនើបៗ ដែលសូម្បីតែប្រព័ន្ធការពារមីស៊ីលអាមេរិកក៏មិនអាចទប់ទល់បាន។
១. អាវុធថ្មី៖ មីស៊ីលអន្តរទ្វីប, មីស៊ីលនាំផ្លូវ, ដ្រូនក្នុងទឹក...
មីស៊ីលដែលរុស្ស៊ីទើបអភិវឌ្ឍហើយ ដែលត្រូវបានលោក ពូទីន ប្រកាសជាសាធារណៈ គឺមីស៊ីលអន្តរទ្វីបបំពាក់នុយក្លេអ៊ែរ Sarmat ឬ RS-28 ។ មីស៊ីល Sarmat អាចរត់បានចម្ងាយឆ្ងាយ និងបាញ់ដល់ទឹកដីអាមេរិកតាមផ្លូវនៅប៉ូលខាងត្បូង ទោះជាអាមេរិកបានពង្រាយខែលការពារនៅផ្លូវជាច្រើនក្ដីដូចជានៅរដ្ឋអាឡាស្កាជាដើម។ ប៉ុន្តែមីស៊ីលដែលដាក់ឈ្មោះតាមកុលសម្ព័ន្ធមួយរបស់រុស្ស៊ី អាចឆ្លងកាត់គ្រប់ប្រព័ន្ធការពាររបស់អាមេរិក។
ចំពោះមុខសមាជិកសភា និងថ្នាក់ដឹកនាំរុស្ស៊ីផ្សេងទៀត លោក ពូទីន ក៏បានបង្ហើបពីអាវុធពិសេសពីរមុខទៀត ដែលមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។ នោះ គឺមីស៊ីលនាំផ្លូវដែលអាចរត់ឆ្ងាយ និងដ្រូនក្នុងទឹក។ បើតាមសារព័ត៌មាន RT មីស៊ីលនេះត្រូវបានសាកល្បងជោគជ័យនៅចុងឆ្នាំ២០១៧ ដែលអាចហោះក្នុងរយៈកម្ពស់ទាប អាចប្ដូរផ្លូវរត់ និងទម្លុះប្រព័ន្ធការពារបាន។ មកទល់ពេលនេះ រុស្ស៊ីកំពុងអភិវឌ្ឍមីស៊ីលនេះទៅជាអាវុធយុទ្ធសាស្ត្រ។
ដោយឡែកដ្រូនក្នុងទឹកវិញ អាចរត់បានចម្ងាយឆ្ងាយ ក្នុងជម្រៅទឹកជ្រៅ និងមានល្បឿនលឿនជាងនាវាមុជទឹកខ្លះផង។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានអួតថា ដ្រូនថ្មីនេះអាចវាយប្រហារក្រុមនាវាដឹកយន្តហោះរបស់សត្រូវ ហេដ្ឋារចនាសម្ព័ន្ធការពាររបស់សត្រូវ។ ដូចមីស៊ីលទាំងពីរខាងលើ ដ្រូននេះអាចទម្លាយប្រព័ន្ធការពារបានគ្រប់យ៉ាង។ មិនទាន់អស់ឡើយ លោក ពូទីន ក៏ទម្លាយពីអាវុធដែលជា ប្រភេទ Supersonic និងឡាស៊ែរសម្រាប់ប្រយុទ្ធផងដែរ។
២. ពូទីន ៖ ដល់ពេលអាមេរិកស្ដាប់រុស្ស៊ីហើយ
ខណៈដែលលោក ពូទីន កំពុងរៀបរាប់ម្ដងមួយៗពីសព្វាវុធថ្មី ដែលខ្លះសាកល្បងរួច ខ្លះកំពុងអភិវឌ្ឍនោះ នៅផ្ទាំងខាងក្រោយខ្នងលោក គេឃើញមានវីដេអូបង្ហាញពីអានុភាពអាវុធទាំងនេះ។ ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា រុស្ស៊ីមិនប្រើអាវុធទាំងនេះឡើយ បើផលប្រយោជន៍ស្របច្បាប់របស់រុស្ស៊ីមិនត្រូវបានបោះបង់ដោយអាមេរិក និងសម្ព័ន្ធមិត្ត។ «គ្មាននរណាចង់និយាយជាមួយយើងឡើយ។ គ្មាននរណាស្ដាប់យើងឡើយ។ ឥឡូវស្ដាប់យើងម្ដង!»
ប្រមុខរដ្ឋរុស្ស៊ីបានស្នើឲ្យអាមេរិកបោះបង់នយោបាយប្រទូស្តរាយដាក់រុស្ស៊ី និងចាប់ផ្ដើមការចរចាសន្តិសុខដោយគិតពីផលប្រយោជន៍របស់រុស្ស៊ីផង។ លោក ពូទីន អះអាងថា នយោបាយរបស់អាមេរិកជាច្រើនឆ្នាំមកនេះ រាប់ទាំងការដាក់ទណ្ឌកម្មផ្ទុយច្បាប់អន្តរជាតិផងនោះ មិនអាចធ្វើអ្វីរុស្ស៊ីបានឡើយ ហើយអ្វីដែលអាមេរិកប្រឹងប្រែងទប់ស្កាត់មិនឲ្យកើតឡើងនោះ បានលេចជារូបរាងហើយ។ លោក ពូទី បានប្រាប់ឲ្យអាមេរិកទទួលស្គាល់ការពិត ហើយអ្វីដែលលោកនិយាយ មិនមែនជាការរឿងកម្លាដែរ។
ក្នុងសុន្ទរកថាវែងអន្លាយដដែលនេះ លោក ពូទីន ក៏បានប្រកាសចំហថា ការវាយប្រហារណាមួយលើសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺជាការវាយប្រហារលើរុស្ស៊ីផ្ទាល់ ដែលចាំបាច់ត្រូវឆ្លើយតបជាបន្ទាន់។ លោក ពូទីន មិនបាននិយាយសំដៅប្រទេសសម្ព័ន្ធមិត្តណាមួយឡើយ តែទំនងជាស៊ីរី ប៉ុន្តែការប្រកាសនេះជាការព្រមានទៅក្រុងវ៉ាស៊ីនតោន មិនត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅទីតាំងដែលមានរុស្ស៊ីឡើយ។
៣. អាមេរិកមិនភ្ញាក់ផ្អើលនឹងការអួតអាងរបស់លោក ពូទីន
ការបង្ហាញពីសព្វាវុធថ្មីរបស់លោក ពូទីន មិនបានធ្វើឲ្យអាមេរិកភ្ញាក់ផ្អើលអ្វីឡើយ។ មន្ត្រីក្រសួងកាពារជាតិអាមេរិកនិយាយថា អាមេរិកដឹងពីប្រភេទអាវុធនុយក្លេអ៊ែរដែលរុស្ស៊ីមានយូរមកហើយ និងឆ្ងល់ថា រុស្ស៊ីមានអ្វីថ្មីដែលយោធា ឬចារកម្មអាមេរិក មិនដឹងឬទេ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Dana White បញ្ជាក់ថា អាមេរិកបានតាមដានរុស្ស៊ីយូរឆ្នាំហើយ ហើយក៏មិនភ្ញាក់ផ្អើលនឹងការប្រកាសរបស់លោក ពូទីន ដែរ។
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទក្រុងមូស្គូថា បានបំពានសន្ធិសញ្ញាសម័យសង្គ្រាមត្រជាក់ដែលហាមការអភិវឌ្ឍមីស៊ីលបាលីស្ទិក មីស៊ីលបំពាក់នុយក្លេអ៊ែរ និងមីស៊ីលនាំផ្លូវដែលអាចរត់ចម្ងាយពី៥០០គីឡូម៉ែត្រ ទៅ៥៥០០គីឡូម៉ែត្រ។ អ្នកនាំពាក្យសេតវិមាន Sarah Sanders និយាយថា លោក ពូទីន បានបង្ហាញភស្តុតាងនូវអ្វីដែលខ្លួនធ្លាប់បដិសេធ គឺរុស្ស៊ីបានអភិវឌ្ឍប្រព័ន្ធអាវុធបង្កអស្ថិរភាពជាច្រើនទសវត្សរ៍ ដែលជាការបំពានផ្ទាល់លើសន្ធិសញ្ញារួមគ្នាផង៕
Tag:
រុស្ស៊ី
អាមេរិក
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com