ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន បែងចែក​ភារកិច្ច​ទៅ​អគ្គ​ស្នងការរង​១៧​រូប​របស់ខ្លួន
03, Mar 2018 , 10:19 pm        
រូបភាព
Credit លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
Credit លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ដោយ:
 ​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីសម្រេច​ប្រគល់​ភារកិច្ច​ជូន​អគ្គ​ស្នងការរង​របស់​ខ្លួន​ចំនួន​១៧​នាក់ ដែល​ក្នុងនោះ​មាន​ឋានៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ៨​រូប និង​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ៩​រូប ធ្វើជា​ជំនួយការ​ដឹកនាំ​អង្គភាព​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។​

 
​នៅក្នុង​សេចក្ដីសម្រេច​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ លោក នេ​ត សាវឿន បានប្រគល់​ភារកិច្ច​ដល់​លោក ខេង សុមេធ ដឹកនាំ​ការងារ​ព្រំដែន​ទទួល​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ ចំណែក​លោក ដាំ វុទ្ធី គ្រប់គ្រង​ការងារ​ព្រំដែន​ភូមិភាគ​ទី​១ ទី​២ និង​ទី​៣ ។​
 
​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ ជា​បន្ទុក​របស់លោក កង សុខន ចំណែក លោក សួស អង្គា​រ៍ ដឹកនាំ​ការងារ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ សង្គ្រោះ និង បេតិកភណ្ឌ​។ អគ្គ​ស្នងការរង ជួន សុវណ្ណ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាធម្មតា​។ 
 
​សម្រាប់​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ គ្មានអ្វី​ប្រែប្រួល​នោះឡើយ ដោយ​បន្ត​ធ្វើជា​ជំនួយការ​ដឹកនាំ​ការងារ​សេនាធិការដ្ឋាន លោក ថោង លីម ដឹកនាំ​ការងារ​ចោរកម្ម ក្រុម​ស៊ើបអង្កេត បទល្មើស​ឆ្លងដែន ការងារ​វិនិយោគិន និង​ទេសចរណ៍​បរទេស​។ 
 
​លោក ឆៃ ស៊ីណា​រិ​ទ្ធ មាន​បន្ទុក​ការងារ​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​លោក​ត្រូវ​ដឹកនាំ​ការងារ​សន្តិសុខ​ផ្ទៃក្នុង ការងារ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការងារ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ការងារ​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស​ការងារ​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​ការងារ​គ្រប់គ្រង​សន្តិសុខ​ឯកជន​។​
 
​លោក យក់ សុខា ជា​ជំនួយ​ការដឹកនាំ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យែ​ន​ឌ័​រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ម៉ក់ ជី​តូ ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន លោក ទូច ណារ៉ុថ ដឹកនាំ​ការងារ​អង្គរក្ស និង​ការងារ​រៀបចំ​ផែនការ​ការពារ ខណៈ លោក ហ៊ឹម យ៉ាន ដឹកនាំ​ការងារ​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​នគរបាល​ទេសចរណ៍​។​
 
​ការងាររដ្ឋបាល ក្នុង​ផែន​នគរបាល​ព្រំដែន គ្រប់គ្រង និង​ដឹកនាំ​ការងារ​ជំនាញ​នៃ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន និង​ទទួល​ជួយ​ការងារ​ព្រំដែន ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ ស្ថិតក្រោម​ការគ្រប់គ្រង​របស់ លោក ហ៊ូ សា​គុណ​។ ខណៈ មួន សារ៉ន មាន​ភារកិច្ច​ដឹកនាំ​អង្គភាព​អន្តរាគមន៍ និង​អម​ការងារ​សម្តេចនាយក​រដ្ឋមន្ត្រី លោក ស ថេត មាន​បន្ទុក​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទបញ្ជា​។ 
 
​លោក ប៉ែន វិបុល រ៉ាប់រង​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក ចំណែកឯ​លោក ឌី វិជ្ជា ដែលជា​កូនប្រសារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​បេសកកម្ម​ដឹកនាំ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការងារ​បច្ចេកទេស​ស​ន្តិ​សុខ និង​ការងារ​រួម​នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​៕
 

Tag:
 ជំនួយការ​
  ភារកិច្ច​
  ​តួនាទី​
 ​ នេ​ត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com