អន្តរជាតិ
លោក ស៊ី ជិន​ភីង នឹង​កាន់អំណាច​យូរ ប៉ុន្តែ​មិនមែន​មួយជីវិត​
15, Mar 2018 , 8:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ការលុបចោល​មាត្រា​កំណត់​អាណត្តិ​ប្រធានាធិបតី​ចិន​ត្រឹម​ពីរ​អាណត្តិ បាន​បើកផ្លូវ​ឲ្យ​លោក ស៊ី ជិន​ភីង កាន់តំណែង​នេះ​អស់​មួយជីវិត បើសិនជា​លោក​ចង់​ធ្វើ​បែប​នោះ​មែន​។ ការលុបចោល​មាត្រា​នេះ ធ្វើ​ឲ្យ​លោក ស៊ី ក្លាយជា​មេដឹកនាំ​មានអំណាច​បំផុត​ក្នុង​សម័យកាល​ក្រោយ​មរណភាព​របស់​បិតា​ស្ថាបនិក​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​លោក​ប្រធាន ម៉ៅ សេទុង ។ យ៉ាងណាមិញ លោក ស៊ី ជិន​ភីង ទំនងជា​អាច​កាន់អំណាច​យូរ​ឆ្នាំ តែ​មិន​ដល់​ថ្នាក់​ក្ដាប់​អំណាច​មួយជីវិត​ឡើយ ដ្បិត​មេរៀន​ប្រវត្តិសាស្ត្រ​ក៏​បង្ហាញ​រឿយៗ​ដែរ​ថា ការ​ក្ដាប់​អំណាច​យូរ មិនមាន​លទ្ធផល​ល្អ​ឡើយ​។​



​កាលពី​សប្ដាហ៍​មុន សភា​ប្រជាជន​ចិន​បាន​បោះឆ្នោត​គាំទ្រ​ភ្លូកទឹកភ្លូកដី​លុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន ស៊ី ជិន​ភីង ដែល​អាណត្តិ​ទីមួយ​មិនទាន់​ចប់ ហើយ​អាណត្តិ​ទី​ពីរ​មិនទាន់​ចាប់ផ្ដើម​ផង​នោះ អាច​កាន់តំណែង​នេះ​ហួស​ពី​ឆ្នាំ​២០២៣ ។ មតិ​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​ប្រតិកម្ម​ខ្លាំង​រហូត​មានការ​លើកឡើងថា លោក ស៊ី ជិន​ភីង ចង់​កាន់អំណាច​អស់​មួយជីវិត​តែម្ដង​។​

​ក្រោយ​ការលុបចោល​ការកំណត់​បែបនេះ សំណួរ​សំខាន់​មួយ​បាន​ផុស​ឡើង គឺ​លោក ស៊ី ជិន​ភីង ពិតជា​ចង់​ក្លាយជា​ប្រធានាធិបតី​អស់​មួយជីវិត​មែន​ទេ​? ឬ​សំណួរ​បែប​ផ្សេង​ថា តើ​បក្ស​កុម្មុយនីស្ត​ចិន​ពិតជា​ចង់​ឲ្យ​លោក ស៊ី ជិន​ភីង ក្ដាប់​អំណាច​មិន​លែង​រហូត ឬក៏​គ្រាន់តែ​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​កាន់អំណាច​យូរ​ប៉ុណ្ណោះ​?

​តាមពិតទៅ ការកំណត់​អាណត្តិ​ប្រធានាធិបតី​ឬ​អត់ មិនមែនជា​រឿង​ធំដុំ​ឡើយ​សម្រាប់​ចិន​។ នៅក្នុង​ប្រព័ន្ធ​នយោបាយ​ឯក​បក្ស​របស់​ចិន តំណែង​ប្រធានាធិបតី​នេះ​គ្មាន​ឥទ្ធិពល​ឡើយ ខណៈ​អំណាច​ពិតប្រាកដ ស្ថិតក្នុង​កណ្ដាប់ដៃ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត និង​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ទៅវិញ​ទេ​។ ក្រោយ​សម័យ​លោក តេង ស៊ា​វ​ភីង តំណែង​ទាំងបី​នេះ​ត្រូវបាន​កាន់កាប់​ដោយ​មនុស្ស​តែ​ម្នាក់​ដើម្បី​រក្សា​ស្ថិរភាព​ប្រទេស​។​

​ឆ្លើយ​សំណួរ​ខាងលើ​វិញ លោក ស៊ី នឹង​កាន់តំណែង​រយៈពេល​យូរ​ទៅមុខទៀត តែ​មិន​ប្រាកដថា កាន់អំណាច​មួយជីវិត​ឡើយ​។ មូលហេតុ​សំខាន់​ជាងគេ ដែល​អាច​ប្រើប្រាស់​ដើម្បី​ពន្យល់​ពី​លោក ស៊ី ប្រឹង​ក្រសោប​អំណាច គឺ​ក្ដី​សុបិន​មិនទាន់​សម្រេច មិនអាច​ដើរចេញ​បាន​។ ជាមួយនឹង​ការលុបចោល​អាណត្តិ​ប្រធានាធិបតី លោក ស៊ី អាច​មូល​ផ្ដុំ​អំណាច​ទាំង​អស់ទាំង​រដ្ឋាភិបាល ទាំង​ផ្ទៃក្នុង ទាំង​ប្រជាជន ដើម្បី​សម្រេចបាន​ក្ដី​សុបិន​របស់​ចិន​។
​ក្ដី​សុបិន​របស់លោក ស៊ី ជិន​ភីង គឺ​ការលើក​មុខមាត់​ជាតិ​ឡើងវិញ​ដើម្បី​ក្លាយជា​មហាអំណាច​ពិភពលោក​នៅ​ឆ្នាំ ២០៥០ ដែល​លោក​បាន​ដាក់ចេញ​ក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៩ កាលពី​ខែតុលា ឆ្នាំ​២០១៧ ។ រយៈពេល ៥​ឆ្នាំ​ដំបូង លោក ស៊ី បាន​កែប្រែ​មុខមាត់​ចិន​យ៉ាងខ្លាំង​។ នៅក្នុង​ស្រុក លោក​បាន​ដឹកនាំ​យុទ្ធនាការ​បោសសម្អាត​មន្ត្រី​ពុករលួយ កាត់បន្ថយ​ភាពក្រីក្រ កែទម្រង់​រចនាសម្ព័ន្ធ​រដ្ឋ និង​យោធា និង​ពង្រឹង​សេដ្ឋកិច្ច​ជាដើម​។

​ទោះជា​យ៉ាងណា អំពើពុករលួយ​នេះ​មិនបាន​ជោគជ័យ​ទាំងស្រុង​នៅឡើយ​។ ការបង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៨ គឺជា​សញ្ញា​បង្ហាញថា យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​នឹង​ផ្ដោតលើ​គ្រប់មុខ​ព្រួញ​ទាំងអស់​។ ងាក​ទៅ​សេដ្ឋកិច្ច​វិញ ទោះជា​កំណើន​ប្រចាំឆ្នាំ​ជាង ៦​ភាគរយ​ក្ដី ស្ថានភាព​សេដ្ឋកិច្ច​ចិន​នៅ​ប្រឈមមុខ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​នៅឡើយ ហើយ​ដំណើការ​កែទម្រង់​ក៏​មិនទាន់​ស្មើភាព​ដែរ​។  

​នៅ​ខាងក្រៅ​ស្រុក លោក ស៊ី ជិន​ភីង បានដាក់​ចេញ​គំនិត​ផ្ដួច​ផ្ដួច​ខ្សែក្រវាត់ និង​ផ្លូវ​ដើម្បី​បង្កើត​ផ្លូវ​សូត្រ​សតវត្សរ៍​ទី​២១ ដែល​ភ្ជាប់​អាស៊ី អាហ្វ្រិក អឺរ៉ុប និង​តំបន់​ផ្សេងទៀត​។ គំនិត​ផ្ដួចផ្ដើម​នេះ​មាន​អាយុកាល​ត្រឹម​៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គម្រោង​អភិវឌ្ឍ​ធំៗ​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​នេះ ស្ថិតក្នុង​ដំណាក់​ដំបូង​នៅឡើយ​។ បានន័យថា គម្រោង​ផ្លូវ​សូត្រ​ថ្មី​នេះ មិនទាន់​ផ្ដល់​ផ្លែផ្កា​ដុំកំភួន​នៅឡើយ​។ ដូច្នេះ​លោក​មិនអាច​ចាកចេញ​ទៅណា​ឡើយ​។  

​គំនិត​ផ្ដួចផ្ដើម​ខាងលើ​ពិតជា​បាន​ជួយ​លើក​មុខមាត់​ចិន​មែន តែ​រឿងនេះ​ក៏​ធ្វើ​ឲ្យ​មហាអំណាច​ផ្សេង មិន រីករាយ​ដែរ​។ ក្រុម​លោកខាងលិច​យល់ថា គម្រោង​របស់​ចិន​បាន​ប៉ះពាល់​ឥទ្ធិពល​របស់​ពួកគេ ព្រោះ​ចិន​បាន​ជ្រៀតចូល​ទឹកដី ឬ​តំបន់​ដែល​ពួកគេ​ចាត់ទុកជា​តំបន់​ស្ថិតក្រោម​ឥទ្ធិពល​របស់ខ្លួន​។ ពួកគេ​នឹង​ចាត់វិធានការ​តប​វិញ​មិន​ខាន​។ 

​ខណៈដែល​គោលនយោបាយ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សុទ្ធតែ​មិនទាន់​សម្រេចបាន​ការចង់​បាន លោក ស៊ី ជិន​ភីង ច្បាស់​ក្នុង​ចិត្ត​ថា ការបន្ត​អំណាច​គឺជា​រឿង​សំខាន់​ដើម្បី​ឲ្យ​ក្ដី​សុបិន​របស់ខ្លួន​លេច​ជា​រូបរាង​ពិតប្រាកដ​។ លោក​ផ្ទាល់​ធ្លាប់​និយាយថា ដំណើរ​ទៅកាន់​ក្ដី​សុបិន​នេះ ត្រូវ​ប្រើប្រាស់​ពេល​មិន​ក្រោម​មួយ​ទសវត្សរ៍​ឡើយ​។ បើ​គិត​តាម​នេះ លោក ស៊ី កាន់អំណាច​បាន​ត្រឹម​៥​ឆ្នាំ​ប៉ុណ្ណោះ ដូចនេះ​ពេលវេលា​នៅ​វែងឆ្ងាយ​ទៀត​។​

​ខាងលើ​ជា​មូលហេតុ​ដែល​លោក ស៊ី ជិន​ភីង ចង់​កាន់តំណែង​យូរ ខណៈ​ក្ដី​សុបិន​ទើប​ចាប់ផ្ដើម​។ ជាការ​ពិត ក្ដី​សុបិន​របស់​ចិន​ត្រូវ​ចំណាយពេល​ច្រើន​ទៀត តែ​លោក ស៊ី ក៏​ទំនង​មិនអាច​កាន់អំណាច​មួយជីវិត​បានដែរ ឬក៏​មិន​ហ៊ាន​តែម្ដង​។ កត្តា​ទីមួយ គឺ​លោក​ទំនងជា​បាន​សន្យា​ក្នុង​បក្ស​ថា លោក​មិន​ក្ដោប​អំណាច​តែម្នាក់ឯង​មួយជីវិត​ឡើយ ជា​ថ្នូរ​នឹង​ការលុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី​នោះ ព្រោះ​ត្រូវ​ប្រឈមមុខ​ការរិះគន់​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ បើ​គ្មាន​ការបើកផ្លូវ​ពី​សំណាក់​មន្ត្រី​ចាស់ៗ​មាន​ឥទ្ធិពល​ក្នុង​បក្ស​ទេ ការកែ​រដ្ឋធម្មនុញ្ញ​ទំនងជា​មិនអាច​កើតឡើង​បានឡើយ​។​

​កត្តា​ទី​ពីរ គឺ​ការមិន​ពេញចិត្ត​របស់​ប្រជាជន​។ ទោះជា​គ្មាន​ការបង្ហាញ​ក្ដី​មិន​ពេញ​ចិត្តជា​សាធារណៈ​ក្ដី ប្រជាជន​ចិន​ជាច្រើន ជាពិសេស​ពួក​វណ្ណៈ​កណ្ដាល​បាន​ប្រតិកម្ម​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត​រហូត​អាជ្ញាធរ​ចិន​ហាមប្រាម​ការ​បង្ហោះ​សារ​ពាក់ព័ន្ធ​ការលុបចោល​អាណត្តិ​ប្រធានាធិបតី​នេះ​ទៅទៀត​។ គេ​ឃើញថា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ចិន បានបង្ហាញ​ជំហរ​ជំទាស់​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដែល​នេះ​អាច​បង្កបញ្ហា​សម្រាប់​លោក ស៊ី ដែល​ចង់​បង្រួបបង្រួម​ប្រជាជន​ដើម្បី​សម្រេច​ក្ដី​បំណង​របស់លោក​។

​លើសពីនោះ នៅ​បស្ចិម​លោក​វិញ ពាក្យរិះគន់​លោក ស៊ី ក៏​កើនឡើង​ដែរ​ដោយសារ​រឿងនេះ ហើយក៏​នាំ​ឲ្យ​មានការ​សង្ស័យថា លោក​ចង់​កាន់អំណាច​មួយ​ជីវិត​តែម្ដង​។ ការណ៍​នេះ​ក៏​អាច​ប៉ះពាល់​ការសម្រេច​គោលដៅ​នៃ​ក្ដី​សុបិន​លើ​ឆាក​អន្តរជាតិ​ដែរ ព្រោះ​វា​បង្កើតជា​គម្រូ ឬ​រូបភាព​អាក្រក់​របស់​ចិន​ដែលមាន​មេដឹកនាំ​ក្រាញ​អំណាច ខណៈ​ខ្លួន​ចង់​ក្លាយជា​មហាអំណាច​ពិភពលោក​។ ចង់ ឬ​មិន​ចង់ ឥទ្ធិពល​ក៏​សាបរលាប​តាម​នោះដែរ​។​

​កត្តា​ទី​បី​វិញ គឺ​បញ្ហា​ប្រវត្តិសាស្ត្រ​។ ប្រវត្តិសាស្ត្រ​បាន​ប្រាប់​ហើយ​ថា មេដឹកនាំ​ផ្ដាច់ការ​មិនសូវមាន​លទ្ធ​ផល​ល្អ​ឡើង​នៅ​ចុងក្រោយ​នោះ ហើយ​ប្រវត្តិសាស្ត្រ​ក៏បាន​ប្រាប់ថា ការកំណត់​រយៈពេល​កាន់អំណាច គឺ​រឿង​សមស្រប​បំផុត​ដែរ​។ មេដឹកនាំ​ផ្ដាច់ការ​ច្រើន​អស់តំណែង​ដោយសារ​រដ្ឋប្រហារ​យោធា រដ្ឋប្រហារ​ផ្ទៃក្នុង​បក្ស ឬក៏​បដិវត្តន៍​របស់​ប្រជាជន​។ នៅ​ចិន ការ​កាន់អំណាច​យូរ​ហួស​របស់លោក ម៉ៅ បង្ក​ជា​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​មានការ​បោសសម្អាត​សូម្បីតែ​សមាជិក​បក្ស​កុម្មុយនីស្ត​ផ្ទាល់​។ នេះ​ជា​មេរៀន​ដែ​លោក ស៊ី ត្រូវ​ចងចាំ​។

​ជា​រឿង​មិនអាច​ប្រកែក​បាន លោក ស៊ី ជិន​ភីង នឹង​កាន់តំណែង​ប្រធានាធិបតី​ហួស​ពី​ឆ្នាំ​២០២៣ ។ ឯ​សំណួរ​ចុងក្រោយ​នោះ គឺ​តើ​លោក​ចង់​កាន់​ក្ដាប់​តំណែង​ដល់​ពេលណា​? យើង​សាកល្បង​គិតពី​រយៈ​ពេលដែល​មេដឹកនាំ​ចិន​មុនៗ​កាន់អំណាច​សិន​។ លោក ម៉ៅ សេទុង ក្ដាប់​អំណាច​ពេញដៃ​ចាប់ពី​ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ​១៩៧៦ ឯ​លោក តេង ស៊ា​វ​ភីង វិញ​ក្លាយជា​មេដឹកនាំ​នៅ​ឆ្នាំ​១៩៧៩ និង​បន្ត​នៅ​ពីក្រោយ​ឆាក​រហូតដល់​ឆ្នាំ​១៩៩៧ ។​

​លោក ចាង ហ្សេ​មីន ដែល​ស្នង​តំណែង​ជា​លេខា​បក្ស​នៅ​ឆ្នាំ​១៩៨៩ នោះ ត្រូវ​រង់ចាំ​ដល់​លោក តេង ស្លាប់​ក្នុង​ឆ្នាំ​១៩៩៧ ទើប​មានអំណាច​ពិតប្រាកដ​។ ទោះបីជា​ចូលនិវត្តន៍​ផ្លូវការ​នៅ​ឆ្នាំ​២០០៤ និង​ប្រគល់​អំណាច​ឲ្យ​លោក ហ៊ូ ជីន​តាវ ក្ដី លោក ចាង បាន​រក្សា​ឥទ្ធិពល​របស់លោក​ក្នុង​រជ្ជកាល​លោក ហ៊ូ ពេញ​១០​ឆ្នាំ​ទៀត គឺ​រហូតដល់​លោក ហ៊ូ ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១២ ។ មេដឹកនាំ​ចិន​ទាំងនេះ​សុទ្ធតែ​កាន់អំណាច​យូរៗ​ទាំងអស់​។​

​ងាក​មក​លោក ស៊ី ជិន​ភីង វិញ​។ លោក ស៊ី ក្លាយជា​លេខា​បក្ស​នៅ​ឆ្នាំ​២០១២ និង​ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៣ ។ អាណត្តិ​លេខា​បក្ស​លើក​ទី​ពីរបាន​ចាប់​នៅ​ឆ្នាំ​២០១៧ ឯ​អាណត្តិ​ប្រធានាធិបតី​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៨ នេះ ហើយ​សព្វថ្ងៃ​លោក​មាន​អាយុ​៦៤​ឆ្នាំ​។ ដូចនេះ បើ​គិតពី​តាមរយៈ​ពេលដែល​មេដឹកនាំ​ចិន​កាន់អំណាច​នាពេល​កន្លងមក លោក ស៊ី ជិន​ភីង អាច​ក្ដាប់​តំណែង​ដល់​ឆ្នាំ​២០២៧ ឬ​ឆ្នាំ​២០៣២ ។ ឆ្នាំ​២០៣២ គឺជា​កាលបរិច្ឆេទ​កៀក​បំផុត​ទៅនឹង​គោលដៅ​ចិន​ក្លាយជា​ប្រទេស​ទំនើប​នៅ​ឆ្នាំ​២០៣៥ ហើយ​នេះ​ក៏​មានន័យថា លោក ស៊ី អាច​សម្រេច​គោលដៅ​បានដែរ​៕  


Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com