អន្តរជាតិ
ក្រុង​ស៊ូ​វុន​៖ ហេតុអ្វី​កូរ៉េខាងត្បូង​មាន​បង្គន់​យក្ស​ដ៏​ល្បីល្បាញ​?
23, Mar 2018 , 5:31 pm        
រូបភាព
​នៅក្នុង​ទីក្រុង​ស៊ូ​វុន (Suwon) នៃ​សាធារណរដ្ឋ​កូរ៉េ មាន​សំណង់​មួយ​ចម្លែក​មួយ​ដែលមាន​រៀង​ដូច​ចាន​បង្គន់ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ទេសចរ​បរទេស​។ នោះ​គឺជា​សារមន្ទីរ​ផ្ទះ​បង្គន់ ឬ​ភាសា​កូរ៉េ​ហៅថា Haewoojae ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​ដែល​បាន​បង្កប់​នូវ​ទស្សន​វិទ្យា​នៃ​ការរស់នៅ​ដ៏​មាន​អនាម័យ​សម្រាប់​មនុស្ស​។ តើ​សារមន្ទីរ​ផ្ទះ​បង្គន់​មាន​ប្រវត្តិ​យ៉ាងដូចម្តេច​? តើ​អ្នកណា​ជា​អ្នកបង្កើត​បដិវត្ត​បង្គន់​ចេញពី​ទីក្រុង​ស៊ូ​វុន​នោះ​?



​តើ​អ្នកណា​អាច​នឹកស្មានថា វា​អាចមាន​សមាគម​បង្គន់​ពិភពលោក​? សាវតា​នៃ​បដិវត្ត​បង្គន់​ដ៏​ល្បី​រន្ទឺ​ពេញ​ពិភពលោក រួមទាំង​សារមន្ទីរ​បង្គន់​ផង​នោះ គឺ​កើតចេញពី​ជនជាតិ​កូរ៉េ លោក ស៊ីម ចេ​ដាក់ (Sim Jae-Duck) រហូតដល់​លោក​ទទួលបាន​រហ័ស​នា​ម​ថា Mr. Toilet ទៀតផង​។



​ទំនង ដោយសារ​បុរស​ម្នាក់នេះ​បានចាប់កំណើត​នៅក្នុង​បង្គន់​នៃ​ផ្ទះ​របស់​ជីដូន​គាត់​កាលពី​ឆ្នាំ​១៩៣៩ ទើប​ធ្វើ​ឲ្យ​គាត់​ដក់​ចិត្តនឹង​បង្គន់ ហើយ​ចង់​បង្វែរ​ផ្នត់គំនិត​របស់​ពិភពលោក​ពី​ការ​គិតថា បង្គន់​ជា​កន្លែង​កខ្វក់ ឬ​គ្រាន់តែ​ជា​កន្លែង​«​ដោះ​ទុក្ខ​» ឲ្យ​ទៅជា​បង្គន់​ជា​កន្លែង​ដែល​មនុស្ស​អាច​សម្រាក សមាធិ​យក​កម្លាំង​ពលំ​ឡើងវិញ​បន្ទាប់ពី​«​ដោះ​ទុក្ខ​» ហើយ​នោះ​។ ដើម្បី​អាច​បង្កើន​តម្លៃ​បង្គន់​យ៉ាង​ដូច្នេះ បង្គន់ ជាពិសេស​បង្គន់​សាធារណៈ ត្រូវតែ​ជា​កន្លែង​ដែលមាន​អនាម័យ និង​ស្អាត​យ៉ាងពិត​ប្រាកដ​។​

​លទ្ធភាព​គ្រប់គ្រាន់​នៃ​ការផ្តើម​យុទ្ធនាការ ឬ​ចលនា​បង្គន់​ស្អាត បានចាប់ផ្តើម ក្នុង​ឆ្នាំ​១៩៩៥ នៅពេលដែល​លោក ស៊ីម ចេ​ដាក់ ដែលជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​វប្បធម៌ បាន​ក្លាយជា​អភិបាលក្រុង​ស៊ូ​វុន​។ «​លោក ស៊ីម ចេ​ដាក់ បាន​ប្តេជ្ញាចិត្ត​ធ្វើ​ឲ្យ​បង្គន់​សាធារណៈ​របស់​ក្រុង​ស៊ូ​វុន ក្លាយជា​បង្គន់​ដ៏​ស្អាត​បំព្រង​ជាងគេ​នៅក្នុង​ពិភពលោក​។ ការិយាល័យ​ពិសេស​មួយ​របស់​ក្រុង​ស៊ូ​វុន​ដែល​ទទួលបន្ទុក​អនុវត្ត​របៀបវារៈ​បង្គ​ន់​ស្អាត ត្រូវបាន​បង្កើតឡើង​ភ្លាម​ដែរ​»​។ នេះ​បើ​យោងតាម​ឯកសារ​របស់​សារមន្ទីរ​ផ្ទះ​បង្គន់​។​



​យោងតាម​របាយការណ៍​មួយ​នៃ​អង្គការ​សុខភាព​ពិភពលោក ៤០​ភាគរយ​នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក ពោលគឺ​២,៦​ពាន់​លាន​នាក់ បានរស់នៅ​ដោយ​គ្មាន​បង្គន់​ត្រឹមត្រូវ​។ ជា​លទ្ធផល មាន​មនុស្ស​២​លាន​នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​ដែល​រស់​នៅតាម​ទឹក ជា​រៀងរាល់ឆ្នាំ​។​

​ក្នុង​រយៈពេល​នៃ​ការដឹកនាំ​ក្រុង​ស៊ូ​វុន​ពីរ​អាណត្តិ​ជាប់​គ្នា (១៩៩៥ ដល់ ២០០២) វា​បានអនុញ្ញាត​ឲ្យ​លោក ស៊ីម ចេ​ដាក់ មានលទ្ធភាព​ច្រើន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ចលនា​វប្បធម៌​បង្គន់​អនាម័យ ជាពិសេស​នៅមុន​ពេលដែល​កូរ៉េ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក (World Cup) ឆ្នាំ​២០០២​។ ក្នុង​ឆ្នាំ​១៩៩៩ សមាគម​បង្គន់​កូរ៉េ​មួយ​ត្រូវបាន​បង្កើត ហើយ​លោក ស៊ីម ចេ​ដាក់ គឺជា​ប្រធាន​ទីមួយ​នៃ​សមាគម​នេះ​។ នៅក្នុង​ឆ្នាំ​២០០៧ សមាគម​បង្គន់​ពិភពលោក ក៏ត្រូវ​បាន​បង្កើត ហើយ​លោក ស៊ីម ចេ​ដាក់ ក៏​ជា​ប្រធាន​សមាគម​បង្គន់​ពិភពលោក​នេះ​ទៀត​។​



​ឯកសារ​នៃ​សារមន្ទីរ​ផ្ទះ​បង្គន់​បានសរសេរថា​៖«​គោលបំណង​នៃ​ការបង្កើត​សមាគម​បង្គន់​ពិភពលោក គឺ​ដើម្បី​នាំយក​ប្រធានបទ​បង្គន់​អនាម័យ​មក​ផ្សព្វផ្សាយ​ជាទូទៅ ដើម្បី​ឲ្យ​មនុស្ស​បាន​យល់​អំពី​សារសំខាន់​នៃ​បង្គន់​អនាម័យ និង​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​បង្គន់​អនាម័យ​។ ហើយ​គម្រោង​នៃ​ការកសាង​បង្គន់​អនាម័យ​សាធារណៈ​របស់​សមាគម​បង្គន់​ពិភពលោក គឺជា​យុទ្ធនាការ​នៃ​ការសាងសង់​បង្គន់​អនាម័យ​នៅតាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​»​។​

​នៅក្នុង​ឆ្នាំ​២០០៧ Mr. Toilet បានសម្រេច​រុះរើ​គេហដ្ឋាន​ដែលមាន​អាយុ​៣០​របស់គាត់ ដើម្បី​សាងសង់​ផ្ទះ​ថ្មីៗ​ដែលមាន​ទម្រង់​ជា​ចាន​បង្គន់ ដើម្បី​ឧទ្ទិស​ដល់​សមាគម​បង្គន់​ពិភពលោក​នេះឯង​។ ក្នុង​ឆ្នាំ​២០០៩ Mr. Toilet ឬ​លោក ស៊ីម ចេ​ដាក់ បានទទួល​មរណភាព​ដោយ​ជំងឺមហារីក​ប្រូ​ស្តា​ត បន្ទាប់មក​គ្រួសារ​របស់លោក​បានសម្រេច​ប្រគល់​ផ្ទះ​ដែលមាន​រាង​ដូច​ចាន​បង្គន់​នេះ​ទៅ​អាជ្ញាធរ​ក្រុង​ស៊ូ​វុន ដែល​បានរៀបចំ​ឲ្យ​ក្លាយជា​សារមន្ទីរ​ផ្ទះ​បង្គន់​នៅក្នុង​ឆ្នាំ​២០១០​។​

​នៅលើ​ដំបូល​សារមន្ទីរ​ផ្ទះ​បង្គន់​មាន​ដោត​ទង់ជាតិ​នៃ​ប្រទេស​ដែលជា​សមាជិកសមាគម​បង្គន់​ពិភពលោក ដែល​ក្នុងចំណោម​នោះ​ក៏មាន​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា​ផងដែរ​៕










Tag:
 toilet house
  Sim Jae-duck
  Sowon
  Haewoojae
© រក្សាសិទ្ធិដោយ thmeythmey.com