ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ដែល​ខ្វះជីវជាតិ​ក្នុង​ខ្លួន​អាចមាន​អាកា​រៈ​បែបណាខ្លះ​?
26, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​អស់កម្លាំង ស្ងួត​ស្បែក ឬ​ផ្តាសាយ​ទៀតហើយ​មែន​ទេ​? បើសិនជា​អ្នក​យល់ថា មាន​អ្វីមួយ​តិចតួច​កើតឡើង​ក្នុង​ខ្លួន អ្នក​ប្រហែលជា​អាច​ដឹងថា វា​ជាការ​កង្វះ​នូវ​ជីវជាតិ​មួយចំនួន​ហើយ​មើលទៅ​។ វា​អាចជួយ​ដល់​កោសិកា និង​សរីរាង្គ​ជាច្រើន​ក្នុង​ខ្លួន​ធ្វើការ​បានល្អ ហើយក៏​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភា​ស៊ាំ​ថែមទៀត​។ ជាធម្មតា មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ទទួលបាន​ជីវជាតិ​នេះ​គ្រប់គ្រាន់ គឺ​ញ៉ាំ​អាហារ​ដែលមាន​ជីវជាតិ​ទាំងនេះ​។ យ៉ាងណាមិញ តើ​វា​មាន​រោគសញ្ញា​អ្វី​ខ្លះទៅ​ដែល​បញ្ជាក់ថា ជាការ​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​?



​អស់កម្លាំង​
​បើសិនជា​អ្នក​អស់កម្លាំង​ក្រោយពី​គេង​ស្អាត​ពេញ​មួយ​យប់​ហើយ​នោះ វា​អាចជា​អាកា​រៈ​មួយ​នៃ​ការ​កង្វះ​ជាតិ​ដែក ឬ​វីតាមីន B12 ហើយ​។ ជីវជាតិ​ទាំងពីរ​នេះ​សំខាន់​សម្រាប់​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម សម្រាប់​ដឹកនាំ​អុកស៊ីសែន​ចិញ្ចឹម​រាងកាយ​។ អ្នក​អាច​រក​ប្រភព​របស់​ជីវជាតិ​មួយ​នេះ​ពី សាច់​សុទ្ធ សណ្តែក និង​ថ្លើម​សត្វ​ជាដើម​។

​ឈឺក្បាល​
​បើសិនជា​អ្នកមាន​អាកា​រៈ​មួយ​នេះ​ញឹកញាប់ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ជាតិ​ម៉ាញ៉េ​ស្យូ​ម ដែល​វា​មាននៅ​ក្នុង​សណ្តែក និង​បន្លែ​ពណ៌​បៃតង​។ ជីវជាតិ​មួយ​នេះ​អាចជួយ​ដល់​សរសៃប្រសាទ​ធ្វើការ​កាន់តែ​ល្អ និង​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​។ យក​ល្អ​គួរតែ​ញ៉ាំ​ជីវជាតិ​នេះ ៤០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ដើម្បី​អាចជួយ​ការឈឺ​ក្បាល​បែប​ប្រកាំង​បាន​។

​ស្ងួត​ភ្នែក​

​វា​ប្រហែលជា​កើតឡើង​ដោយសារ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី ឬ​ការពាក់​កន្តា​ក់ឡេ​ន​យូរពេក ប៉ុន្តែ​មូលហេតុ​មួយ​ផ្សេងទៀត​គឺ​មិន​ទទួលបាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​គ្រប់គ្រាន់​ទៅវិញ​ទេ​។ ជីវជាតិ​មួយ​នេះ​មាន​ក្នុង​ត្រី​សម្បូរ​ខ្លាញ់​ជាពិសេស​ត្រី​សាល​ម៉ុង​តែម្តង ដែល​វា​សំខាន់​សម្រាប់​សុខភាព​ភ្នែក​។ កាលណា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក្នុង​ខ្លួន​មាន​តិច គឺ​វា​ជាប់ទាក់ទង​នឹង​ការ​ខូច​ភ្នែក​ដោយសារតែ​ការ​ចាស់​ទៅតាម​អាយុ និង​បញ្ហា​ផ្សេងៗ​ទៀត​។

​ស្បែក​ស្ងួត និង​រមាស់​
​ការដែល​ប្រតិកម្ម​ស្បែក​អាច​បណ្តាលមកពី​ការប៉ះពាល់​នឹង​សារធាតុ​បង្ក​រលាក ឬ​ជំងឺ​ប៉ុន្តែ​វា​ក៏​អាច​បណ្តាលមកពី​ការ​កង្វះ​វីតាមីន B2 ដែរ ដែល​វា​ជា​អ្នក​ជួយ​ឲ្យ​កោសិកាលូតលាស់ និង​ធ្វើការ​បានល្អ​។ អ្នក​អាច​រកបាន​ជីវជាតិ​មួយ​នេះ​ក្នុង​ស៊ុត និង​បន្លែ​ពណ៌​បៃតង​ដូចជា ប្រូ​ខូ​លី​។

​ជ្រុះ​សក់​
​រឿងនេះ​អាច​កើតឡើង​តាមបែប​ធម្មជាតិ​នៅពេល​អ្នក​អាយុ​កាន់តែច្រើន ប៉ុន្តែ​វា​ក៏​អាច​បណ្តាលមកពី​បញ្ហា​ជីវជាតិ​ដែរ ជាពិសេស​ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ​។ ចូរ​បង្កើន​ការទទួល​ទាន​ជាតិ​ដែក តាមរយៈ​ការ​ញ៉ាំ​សាច់ និង​សណ្តែក ដើម្បី​ធានាថា សក់ និង​ស្បែក​នៅតែមាន​សុខភាព​ល្អ​។

​ឈាម​អញ្ចាញធ្មេញ​
​មូលហេតុ​ញឹកញាប់​បំផុត​គឺជា​ជំងឺ​អញ្ចាញធ្មេញ​តែម្តង ប៉ុន្តែ​ការ​កង្វះ​វីតាមីន C​ធ្ងន់ធ្ងរ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​នេះដែរ​។ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ដែល​ជូរៗ​។

​ខ្សោយ​សាច់ដុំ​
​ការ​កង្វះ​វីតាមីន B1 ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​នេះ និង​បញ្ហា​ផ្សេងៗ​ទៀត​កើតឡើង​បានដែរ​។ ជីវជាតិ​មួយ​នេះ​ត្រូវបាន​គេ​រកឃើញ​ក្នុង​គ្រាប់​ធញ្ញជាតិ សាច់ជ្រូក ត្រី​និង​សណ្តែក​។ ប៉ូ​តា​ស្យូ​ម​ដែលមាន​ក្នុង​ផ្លែ​ចេក ក៏​សំខាន់​សម្រាប់​សុខភាព​សាច់ដុំ​ដែរ​។

​ផ្តាសាយ​រ៉ាំរ៉ៃ​
​អ្នក​ប្រហែលជា​ក្អក និង​កណ្តាស​ជា​ញឹកញាប់​បើសិនជា​អ្នក​មិន​ទទួលបាន​វីតាមីន C និង E គ្រប់គ្រាន់ ដែល​វា​ជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​សំខាន់​សម្រាប់​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ របប​អាហារ​មាន​តុល្យភាព​មិនអាច​បង្ការ​ជំងឺ​ផ្តាសាយ​បានទេ ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​រាងកាយ​មាន​សុខ​ភាពល្អ​គ្រប់គ្រាន់​នឹង​ប្រឆាំង​ជំងឺ​នេះ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com