ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ផ្លែ​ប៉ោម​ជាមួយ​អាហារ​ពេលព្រឹក មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!
25, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្វីដែល​យើង​ធ្លាប់​ដឹង​នោះ​គឺថា មួយថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​អាចជួយ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​បាន​។ ដូច្នេះ​តើ​អ្នកនឹង​អោយ​អតិ​ភាព​នៃ​ការ​ញ៉ាំ​ផ្លែឈើ​នេះ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​សុខភាព​ដែរ​ទេ​? ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ជាមួយ​អាហារ​ពេលព្រឹក​៖



​ប្រឆាំងនឹង​មហារីក​
​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​យល់ស្រប​ថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​ដែល​សម្បូរ​ទៅដោយ​សារធាតុ Flavonol អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​លំពែង​បាន​រហូទដល់ ២៣​ភាគរយ​។ អ្នកវិទ្យាសាស្ត្រ​បាន​សម្គាល់​ឃើញ​សារធាតុ​ជាច្រើន ដោយ​ក្នុងនោះ​រួមទាំង Triterpenoids ដែល​ស្ថិតនៅក្នុង​សម្បក​ផ្លែ​ប៉ោម ហើយ​វា​ក៏​ជួយ​ប្រឆាំង​ការលូតលាស់​កោសិកា​មហារីក​សុដន់ ថ្លើម និង​ពោះវៀន​ទៀត​។

​ឆ្អឹង​មាន​សុខភាព​ល្អ​
​រឿងនេះ​ប្រហែលជា​មិន​ត្រូវបាន​មនុស្ស​ជាច្រើន​ដឹង​ឡើយ ប៉ុន្តែ​ផ្លែ​ប៉ោម​មាន​ជាតិ​កាលស្យូម​ដែរ​។ មួយវិញទៀត សារធាតុ Phloridzin ក៏​ជា​ជីវជាតិ​ដ៏​កម្រ​មួយ​ក្នុង​ផ្លែ​ប៉ោម​ដែរ​។ ការស្រាវជ្រាវ​បាន​រកឃើញថា សារធាតុ​មួយ​នេះ​អាចជួយ​បង្ការ​បញ្ហា​នៅ​ឆ្អឹង​បាន ជាពិសេស​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​តែម្តង​។ ផ្លែ​ប៉ោម​ក៏មាន​សារធាតុ Boron ដែល​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​ការពារ​សុខភាព​របស់​ឆ្អឹង​។

​សុខភាព​បេះដូង​
​ផ្លែ​ប៉ោម​អាចជួយ​បង្ការ​កំណក​ក្នុង​សរសៃឈាម​អាក់ទែ​កុំ​ឲ្យ​មាន​កំណក ដែល​វា​ជាដើម​ហេតុ​ដ៏​ចំបង​មួយ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ នេះ​ដោយសារតែ​សារធាតុ Phenolic ដែលមាន​ក្នុង​សម្បក​ផ្លែ​ប៉ោម​។

​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
​មូលហេតុ​ដែល​គេ​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែ​ប៉ោម​ជាមួយ​អាហារ​ពេលព្រឹក ដោយសារតែ​វា​មាន​កូ​ឡេ​ស្តេ​រ៉ុល​ទាប​។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ប៉ោម​ក៏​អាចជួយ​បឺត​ស្រូប​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ខ្លួន​ដើម្បី​បញ្ចេញ​ចោល​ដែរ​។

​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​
​ការសិក្សា​បាន​ឲ្យ​ដឹងថា ផ្លែ​ប៉ោម​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​។ រឿងនេះ​មិនមែន​មានន័យថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​អាចជួយ​បង្ការ​រោគសញ្ញា​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ល្អ​។

​ការពារ​ជំងឺ Parkinson’s
​ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ផ្លែឈើ និង​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ប្រហែលជា​អាច​ការពារ​ខ្លួន​ពី​ជំងឺ Parkinson’s បាន ដែល​ជំងឺ​នេះ​សម្គាល់​ដឹង​តាមរយៈ​ការបំផ្លាញ​កោសិកា​សរសៃប្រសាទ​សម្រាប់​ផលិត​អ័រម៉ូន Dopamine​។

​សម្រក​ទម្ងន់​
​ផ្លែ​ប៉ោម​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព​ក្បាលពោះ​។ អ្នក​ដែល​កំពុងតែ​ស្វែងរក​វិធី​គ្រប់គ្រង​ទម្ងន់ ឬ​សម្រក​ទម្ងន់ ចូរ​ចាប់ផ្តើម​ញ៉ាំ​ផ្លែ​ប៉ោម​នៅពេល​ព្រឹក​ទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com