ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី សុំ​ឲ្យ​សម្តេច ហ៊ុន សែន ទុក​រឿង​បុគ្គល​មួយ​ឡែក ហើយ​ចាប់យក​ការចរចា​
26, Mar 2018 , 1:54 pm        
រូបភាព
រូបពីគេហទំព័រ www.samdechhunsen.gov.kh
រូបពីគេហទំព័រ www.samdechhunsen.gov.kh
ភ្នំពេញ​៖ លោក សម រង្ស៊ី  ផ្ញើ​សារ​តាមរយៈ​សារព័ត៌មាន​មកកាន់​ស​ម្តេច ហ៊ុន សែន ម្តងទៀត ដោយ​ឲ្យ​បោះបង់ចោល​នូវ​ជម្លោះ​បុគ្គល ទើប​អាចមាន​ការចរចា និង​ដំណោះស្រាយ​រួមគ្នា​។ លោក សម រង្ស៊ី  បង្ហាញ​ពី​បំណង​នៃ​ចរចា​ជា​លើក​ទី​ពីរ​នេះ បន្ទាប់ពី​សម្តេច ហ៊ុន សែន បដិសេធ​សំណើ​លើកទីមួយ​របស់លោក​។



​ថ្វីបើ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ លោក សម រង្ស៊ី  អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សហការី និង​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស នៅតែ​ព្រួត​គ្នា​វាយប្រហារ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​តម្រង់​មកកាន់​សម្តេច ហ៊ុន សែន ខ្លាំងជាងគេ​ក្តី ប៉ុន្តែ​លោក ក៏​នៅ​ឆ្លៀត​ព្យាយាម​រក​ផ្លូវ​ទៅកាន់​តុ​ចរចា​ដែរ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ សង្កេតឃើញ​លោក សម រង្ស៊ី  ទិតៀន​រដ្ឋាភិបាល​កម្ពុ​ជា និង​បក្ស​កាន់អំណាច ដោយ​លាយឡំ​ជាមួយនឹង​ការបន្ទន់​ឥរិយាបទ​តិចៗ ដែល​ស្តាប់ និង​មើលទៅ ទំនងជា​ចង់​ឲ្យ​មាន​ការចរចា​។ 
 
​សម្រាប់​កាលៈទេសៈ​នេះ លោក សម រង្ស៊ី  មានជំនឿថា ក្រៅពី​ការចរចា​រវាង​ក្រុមប្រឆាំង និង​បក្ស​កាន់អំណាច ប្រហែលជា​គ្មាន​មធ្យោបាយ​អ្វី​ផ្សេង​ឡើយ ដែល​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​។ មកដល់​ចំណុច​នេះ លោក ក៏​ផ្តល់​តម្លៃ​ដល់​វប្បធម៌​សន្ទនា​សាជាថ្មី ដែល​មនុស្ស​ភាគ​ច្រើន​យល់ថា​ស្លាប់​បាត់ទៅហើយ​។  
 
​ទោះជា​លោក សម រង្ស៊ី  មិន​បញ្ចេញ​ឈ្មោះ​ចំៗ​ថា ចង់​ចរចា​ជាមួយ​អ្នកណា​ក៏ដោយ ប៉ុន្តែ​តួអង្គ​ដែល​លោក សំដៅ​នោះ មិនមាន​អ្នកណា​ផ្សេង​ក្រៅពី​សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឡើយ​។ លោក សម រង្ស៊ី  បាន​សរសេរ​សា​រលើ​បណ្តាញ​ទំនាក់ទំនង Twitter ជា​ភាសា​អង់គ្លេស ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ បែបនេះ​ថា​៖«​ខ្ញុំ នៅតែ​ជឿ​លើ​វប្បធម៌​សន្ទនា​ដដែល បើ​យើង អនុវត្ត​ដោយស្មោះ​ត្រង់ និង​គ្មាន​ការគំរាមកំហែង​»​។​
 
​លោក សម រង្ស៊ី  យល់ថា ដើម្បី​បន្ត​វប្បធម៌​សន្ទនា ឬក៏​ដើម្បី​ឲ្យ​ការចរចា​កើតឡើង​បាន លុះត្រាតែ​សម្តេច ហ៊ុន សែន ទុក​រឿង​បុគ្គល​មួយអន្លើ​សិន​។ សម្រាប់​លោក រឿង​ជាតិ គឺ​សំខាន់​ជា​ងរឿង​បុគ្គល​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ប្រព័ន្ធ​ទូរ​សព្ទ លោក សម រង្ស៊ី  បាន​ផ្ញើ​សារ​មកកាន់​សម្តេច ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ ក៏ត្រូវ​គេ​ថា​ឲ្យ​ច្រើន​ដែរ​។ បើ​ខ្ញុំ គិតតែ​រឿង​ផ្ទាល់ខ្លួន ខ្ញុំ ឈប់​និយាយ​រក​គេ​បាត់ទៅហើយ​។ ប៉ុន្តែ បើ​យើង ធ្វើ​អ៊ីចឹង មិន​ត្រឹមត្រូវ​ទេ​។ យើង ឈឺចាប់​មិន​ប៉ុន្មាន​ទេ កុំ​ឲ្យ​តែ​ជាតិ​យើង​លិចលង់​។ យើង​ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ ជាធំ​។ យើង ត្រូវ​គិតថា ត្រូវធ្វើ​អ្វី ដើម្បី​លើកតម្កើង​ប្រយោជន៍​ជាតិ​»​។​
 
​ថ្មីៗ​នេះ លោក សម រង្ស៊ី  ធ្លាប់​បង្ហើប​ពី​បំណង​នៃ​ការចរចា​ម្តង​រួចមកហើយ ប៉ុន្តែ​សម្តេច ហ៊ុន សែន បាន​បដិសេធ​។ សម្តេច ហ៊ុន សែន បាន​ទម្លាក់កំហុស​ឲ្យ​លោក សម រង្ស៊ី  ថា​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ជ្រុល​ហួសហេតុ ដែល​នាំ​ឲ្យ​បិទផ្លូវ​ចរចា​។ 
 
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨       សម្តេច ហ៊ុន សែន ប្រាប់​ទៅ​លោក សម រង្ស៊ី  យ៉ាង​ដូច្នេះ​ថា​៖«​ហ៊ុន សែន អត់​មាន​ត្រូវ​ចរចា​ជាមួយ​អ្នកណា​ទាំងអស់​។ អ្នកឯង​ទៅ​ហួស​ពី​គំនូស​ក្រហម​ហើយ​»​។ 
 
​បើ​មាន​ការចរចា​មែន​នោះ គ្មាន​រឿង​អ្វី​ផ្សេង ក្រៅពី​ចង់​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ស្នើ​ឲ្យ​បើកផ្លូវ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បានធ្វើ​សកម្មភាព​ឡើងវិញ​នោះទេ​។ នេះ​ជាការ​បង្ហើប​របស់លោក សម រង្ស៊ី​។ 
 
​មិនមែន​តែ​លោក សម រង្ស៊ី  និង​បក្សពួក​របស់លោក​នោះទេ សូម្បីតែ​សហគមន៍​អន្តរជាតិ ក៏​យល់ថា ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២0១៨ មិនអាច​ខ្វះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ សហគមន៍​អន្តរជាតិ​មួយចំនួន បានប្រកាស​ទុកជាមុន​ថា ពួកគេ​នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​ឡើយ បើ​អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស​នេះ មិន​ត្រូវបាន​ដោះលែង​។ 
 
​ទោះជា​មានការ​ព្រមាន​យ៉ាងនេះ​ក្តី ក៏​រដ្ឋាភិបាល​កម្ពុជា មិន​បារម្ភ​ដែរ​។ រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​បក្ស​កាន់អំណាច ឆ្លើយតប​ថា ការបោះឆ្នោត​នៅ​កម្ពុជា មិន​ទាមទារ​ឲ្យ​មានការ​ទទួលស្គាល់​ពី​បរទេស​នោះទេ​។ 
 
​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២0១៨​នេះ សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង ទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថា កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ តាម​ការគ្រោងទុក នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨ ដោយ​មិន​ពន្យារពេល​ឡើយ​៕ 

អត្ថបទទាក់ទង

 
 

Tag:
 ​សម រង្ស៊ី
 ហ៊ុន សែន​
 ចរចា​
© រក្សាសិទ្ធិដោយ thmeythmey.com