ពីនេះ ពីនោះ
ពាក្យ ដែលមាន «ទុ» នៅខាងដើមពាក្យ ច្រើនតែបង្កប់អត្ថន័យ «អាក្រក់»
× «ទុ» គឺជានិបាតសព្ទ ដែលត្រូវបានប្រើប្រាស់នៅខាងដើមនៃពាក្យណាមួយ។ ជាទូទៅ ពាក្យណា ដែលផ្សំដោយ «ទុ» នៅខាងដើម ពាក្យនោះ តែងមានអត្ថន័យអាក្រក់ ឬសេចក្តីបែបអវិជ្ជមាន។
«ទុ» អាចប្រែបានច្រើនយ៉ាង ដូចជា អាក្រក់, ក្រ, កម្រ, លំបាក, អវិជ្ជមាន, ខូច ។ល។
ពាក្យដែលមាន «ទុ» នៅខាងដើម មានដូចជា ទុគ្គតិ (ដំណើរទៅអាក្រក់), ទុគតិភាព (កន្លែងកើតនៃសត្វដែលមានគតិអាក្រក់), ទុច្ចរិត (ដំណើរប្រព្រឹត្តអាក្រក់ដោយកាយ វាចា ចិត្ត), ទុច្ឆន្ទៈ (ឆន្ទៈអាក្រក់), ទុជ៌ន (ជនអាក្រក់), ទុទិដ្ឋិនិយម (ការយល់ឃើញបែបអវិជ្ជមានចំពោះអ្វីមួយ ឬការយល់ឃើញថាអ្វីៗក្នុងលោក សុទ្ធតែមិនល្អ), ទុព្ភាសិត (សម្តីអាក្រក់, ពាក្យគំរោះគំរើយ), ទុព្វចបុគ្គល (បុគ្គលដែលគេទូន្មានបានដោយលំបាក), ទុព្វិជ្ជា (វិជ្ជាអាក្រក់), ទុយ៌ស (ដំណើរខូចយស) ។ល។
ការបកប្រែ និបាតសព្ទ «ទុ» ខាងលើ ត្រូវឲ្យសមស្របទៅតាមលក្ខណៈនៃវត្ថុ ឬ សភាវៈអ្វីមួយ។ ជារួម «ទុ» អាចប្រើបែបណាក៏បាន ឲ្យសិ្ថតក្នុងអត្ថន័យបែបអវិជ្ជមាន។
គប្បីចងចាំថា និបាតសព្ទ «ទុ» មានន័យផ្ទុយទៅនឹង និបាតសព្ទ «សុ»។ ពាក្យដែលមាន «សុ» នៅខាងដើម ច្រើនតែមានអត្ថន័យល្អ ឬ សេចក្តីបែបវិជ្ជមាន។
ខ្លឹមសារនៃការបកស្រាយខាងលើ គឺដកស្រង់ពីវចនានុក្រម សម្តេច ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com