ជាតិ
សង្គមជាតិ
ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពុជា ចំណាយ​ពី ៤0 ទៅ ៥0​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ជំងឺអេដស៍​
26, Mar 2018 , 10:30 pm        
រូបភាព
លោក តែង គន្ធី ឡើងធ្វើបទបង្ហាញ
លោក តែង គន្ធី ឡើងធ្វើបទបង្ហាញ
ដោយ:
​ភ្នំពេញ​៖ កម្ពុជា ចំណាយ​ថវិការ ក្នុង​ខ្ទង់​៤0 ទៅ​៥0 លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​មេរោគ​អេដស៍ ក្នុង​មួយឆ្នាំៗ​។ នេះ​ជាការ​អះអាង​របស់លោក តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺអេដស៍​។


 
​បើតាម​លោក តែង គ​ន្ធី ថវិកា ដែល​ចំណាយ ដើម្បី​ទប់ស្កាត់​មេរោគ​អេដស៍ នៅ​ឆ្នាំ​២០០៩ មាន​៥៣​លាន​ដុល្លារ​, ឆ្នាំ​២០១០ មាន​៥៨​លាន​ដុល្លារ​, ឆ្នាំ​២០១១ មាន​៥២​លាន​ដុល្លារ​, ឆ្នាំ​២០១២ មាន​៥០​លាន​ដុល្លារ​, ឆ្នាំ​២០១៤ មាន​៤៩​លាន​ដុល្លារ និង​ឆ្នាំ​២០១៥ មាន​៥៣​លាន​ដុល្លារ​។ លោក លើកឡើង​បែបនេះ​ថា​៖«​ការសាងសង់​ស្ពាន​មាន​ត្រឹមតែ​ពី ២៣ ទៅ​១៨​លាន​ដុល្លារ ប៉ុន​ណ្ណោះ​។ ដូច្នេះ ចំណាយ​លើ​ការទប់ស្កាត់​មេរោគ​អេដស៍ មាន​ទំហំ​ទឹកប្រាក់​ច្រើន ជាង​ការសាងសង់​ស្ពាន់​»​។ 
 
​តាមរយៈ​ការធ្វើ​បទ​បង្ហាញ ក្នុង​ពិធី​មួយ​ស្តីពី «​ការប្ដេជ្ញា​របស់​ក្រសួងបរិស្ថាន ក្នុងការ​ចូលរួម​បញ្ចប់​អេដស៍​ឆ្នាំ​២០២៥» នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨​នេះ លោក តែង គ​ន្ធី បាន​អះអាងថា ក្រុម​ដែល​ងាយ​ប្រឈម​ទៅនឹង​មេរោគ​អេដស៍ មានដូចជា នារី​បម្រើការ​នៅតាម​ខារ៉ាអូខេ និង​តាម​រង្គសាល ជាដើម​។ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺអេដស៍ បន្តថា ក្រុម​មួយទៀត គឺ​បុរស​រួមភេទ​ជាមួយ​បុរស នារី​ដែលមាន​ដៃគូ​ច្រើន និង​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន ក៏មាន​ហានិភ័យ​ខ្ពស់​ជាងគេ​ដែរ ក្នុង​ឆ្លង​មេរោគ​អេដស៍​។ លោក បាន​លើកឡើងថា ការ​តម​រួមភេទ ភាពស្មោះត្រង់​មួយ​ទល់នឹង​មួយ និង​ការប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ គឺជា​វិធីសាស្ត្រ​ក្នុងការ​ការពារ​មេរោគ​អេដស៍​។ 
 
​បើតាម​លោក តែង គ​ន្ធី រហូតមកដល់​បច្ចុប្បន្ន មិនទាន់មាន​ថ្នាំ​ប្រភេទ​ណាមួយ អាច​ព្យាបាល​មេរោគ​អេដស៍​ឲ្យ​ជាសះស្បើយ​បាន​នៅឡើយ​ទេ​។ ការធ្វើ​បទ​បង្ហាញ​របស់លោក បាន​ឲ្យ​ដឹងថា ប្រជាជន​ប្រមាណ ៣៦​លាន ៧​សែ​នាក់ បាន​ផ្ទុកមេរោគ​អេដស៍​នៅ​ទូទាំង​ពិភពលោក ដោយ​ក្នុងនោះ អ្នក​ដែល​បានទទួល​ថ្នាំ​ពន្យារ មាន​ប្រមាណ​១៦​លាន ៥​សែន​នាក់​ប៉ុណ្ណោះ​។ 
​លោក តែង គ​ន្ធី បាន​លើកឡើងថា ចំនួន​អ្នក​ដែល​មិន​មក​ទទួលយក​ថ្នាំ​ព្យាបាល ដោយសារ​មិនបាន​អើពើ​នៃ​អាកា​រៈ​ជំងឺ​របស់ខ្លួន ហើយ​ពួកគេ នៅតែ​បន្តសកម្មភាព​ចាស់​ដដែល និង​ភ្លើតភ្លើន​ជាមួយនឹង​ការសប្បាយ​។ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺអេដស៍​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​ជំងឺអេដស៍ បច្ចុប្បន្ន​មនុស្ស​ទូទាំង​ពី​ភព​លោក​បាន​ស្លាប់​ជាង ១​លាន​នាក់​»​។ 
 
​នៅ​កម្ពុជា អ្នក​ដែលមាន​អាយុ​ពី​១៥ ដល់​៤៩​ឆ្នាំ ប្រមាណ​ជា ១.៦​ភាគរយ បាន​ឆ្លង​រាលដាល​ខ្លាំង​នូវ​មេរោគ​អេដស៍ ចាប់តាំងពី​ឆ្នាំ​១៩៩៧​។ ប៉ុន្តែ មកដល់​ឆ្នាំ​២០១៦ អត្រា​អ្នក​ឆ្លង​បាន​ធ្លាក់​មក​នៅត្រឹម ០.៦​ភាគរយ ហើយ​អ្នក​ផ្ទុក​ជំងឺអេដស៍​មាន​ប្រមាណ ៧​ម៉ឺន​នាក់​។ នេះ​បើតាម​ការប៉ាន់ប្រមាណរ​បស់ លោក តែង គ​ន្ធី ដដែល ដោយ​លោក​បាន​បន្ថែមថា ក្នុងចំណោម​៧​ម៉ឺន​នាក់ អ្នក​ដែល​ដឹងខ្លួន​ថា​មាន​ផ្ទុកមេរោគ​អេដស៍ មាន ៨៣​ភាគរយ ឯ ១៧​ភាគរយ​ទៀត មិនបាន​ដឹង​ឡើយ​។ 
 
​ជាមួយគ្នានេះដែរ អ្នក​ដែល​បាន​ទៅធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ មាន​ប្រមាណ ៩៧​ភាគរយ ហើយ​បានទទួល​ការព្យាបាល​។ ចំណែក ៣​ភារ​យ​ទៀត​ដឹងថា​ខ្លួន មាន​ផ្ទុកមេរោគ​អេដស៍ ប៉ុន្តែ​មិន​ទៅ​ទទួល​ការព្យាបាល​ទេ​។ សម្រាប់​អ្នក​ដែល​ទទួលយក​ថ្នាំ​ដើម្បី​ព្យាបាល ហើយ​មេរោគ​ថយចុះ​មាន​ប្រមាណ ៦០​ភាគរយ​។ នេះ​បើតាម​ការអះអាង​បន្ថែម​របស់ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺអេដស៍​។ លោក បាន​អំពាវនាវ អ្នក​ដែល​ដឹង​ពី​ស្ថានភាព​ខ្លួន​ថា មាន​ផ្ទុកមេរោគ​អេដស៍ ឲ្យ​ឆាប់​រួសរាន់​ទៅ​ទទួល​ថ្នាំ​ព្យាបាល ដើម្បី​មានជីវិត​រស់នៅ​បានយូ​រ​។​

​នៅ​ឆ្នាំ​២០១៦ ប្រជាជន​ទូទាំង​ពិភពលោក បាន​ឆ្លង​មេរោគ​អឹ​ដស៍​ប្រមាណ ១​លាន ៨​សែន​នាក់​។ ជាមួយគ្នានេះដែរ យុវវ័យ​ប្រមាណ ៣២០០​នាក់ ក្នុង​ពិភពលោក បាន​ឆ្លង​មេរោគ​អេដស៍ ក្នុង​មួយថ្ងៃ​។ ដោយឡែក នៅ​កម្ពុជា មាន​ប្រមាណ ៥៨៦​នាក់ ក្នុងនោះ ស្រី​មាន​ចំនួន ២៨៧​នាក់ បាន​ឆ្លង​មេរោគ​អេដស៍ កាលពី​ឆ្នាំ​២០១៦​កន្លង ហើយ​នៅ​ឆ្នាំ​២០១៧ ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍ ក៏មាន​ប្រហាក់ប្រហែលគ្នា​។ របាយការណ៍​ខាងលើនេះ ត្រូវបាន​បង្ហាញ​ដោយ​លោក តែង គ​ន្ធី​៕

Tag:
 ​អេដស៍​
  តែង គ​ន្ធី
© រក្សាសិទ្ធិដោយ thmeythmey.com