អន្តរជាតិ
ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ស្នើ​កែ​រដ្ឋធម្មនុញ្ញ​បន្ថយអំណាច​ប្រធានាធិបតី​
27, Mar 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានស្នើ​កែទម្រង់​រដ្ឋធម្មនុញ្ញ​ដើម្បី​បន្ថយអំណាច​ប្រធានាធិបតី បន្ថយ​អាយុ​អ្នកបោះឆ្នោត និង អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​បាន​ពីរ​អាណត្តិ​ដែរ​។ សំណើរ​កែទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​នឹងត្រូវ​ដាក់​ឲ្យ​សភា​អនុម័ត មុននឹង​ត្រូវ​ប្រជាជន​បោះឆ្នោត​ប្រជាមតិ​នៅ​ខែមិថុនា​ខាងមុខ​។



​តាម​ការសន្យា​ក្នុងពេល​ឃោសនាបោះឆ្នោត​ឆ្នាំមុន ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នា​ថ្ងៃ​ចន្ទ​ទី ២៦ ខែមីនា​នេះ​បានសម្រេច​ដាក់សំណើរ​សុំ​កាត់​បន្ថយអំណាច​ប្រធានាធិបតី បន្ថយ​អាយុ​អ្នកបោះឆ្នោត និង​លើកលែង​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម​មួយ​អាណត្តិ​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សំណើរ​ទាំងនេះ​ស្ថិតក្នុង​កញ្ចប់​សំណើរ​សុំ​កែទម្រង់​រដ្ឋធម្មនុញ្ញ ហើយ​វា​នឹងត្រូវ​ដាក់​ឲ្យ​សភា​អនុម័ត មុននឹង​បន្ត​ដាក់​ឲ្យ​ប្រជាជន​បោះឆ្នោត​ប្រជាមតិ​ផងដែរ​។ បើសិនជា​មានការ​គាំទ្រ​មែន​នោះ ការកែប្រែ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​លើក​ក្រោយ​ប៉ុណ្ណោះ ហើយ​វា​មិន​អាចមាន​អនុភាព​ក្នុង​អាណត្តិ​លោក មូ​ន ចេ​អ៊ី​ន​ឡើយ​ព្រោះ​លោក​កាន់អំណាច​បានតែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​។

​ថ្វីបើ​កូរ៉េខាងត្បូង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ក្តី ប្រធានាធិបតី​កូរ៉េខាងត្បូង មានអំណាច​ខ្លាំងណាស់​។ ខាង​ក្រុម​អ្នក​រិះគន់​បាន​អះអាងថា ការផ្តល់អំណាច​ច្រើន​ហួសហេតុ​ដល់​ប្រធានាធិបតី​នេះ​ជំរុញ​ឲ្យ​មាន​អំពើពុករលួយ​កើនឡើង​និង​បន្ថយ​សំឡេង​ក្រុមប្រឆាំង​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ការ​បន្ថយអំណាច​ប្រធានាធិបតី លោក មូ​ន​បានស្នើ​ឲ្យ​មាន​ការដក​អំណាច​ក្នុងការ​តែងតាំង​ប្រធាន​តុលាការ​ធម្មនុញ្ញ​របស់​ប្រធានាធិបតី ដោយ​អនុញ្ញាត​ឲ្យ​ចៅក្រម​តុលាការ​នេះ​បោះឆ្នោត​ជ្រើសរើស​ដោយ​ខ្លួនឯង​វិញ​។

​ក្រៅពីនេះ​រាល់​ការលើកលែង​របស់​ប្រធានាធិបតី​ត្រូវ​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​ពិសេស ហើយ​ក្រុមប្រឹក្សា​សវនកម្ម និង​អធិការកិច្ច​ជា​ភ្នាក់ងារ​ត្រួតពិនិត្យ​ដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋ​ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ការិយាល័យ​ប្រធានាធិបតី​នោះ​ក៏​នឹងត្រូវ​ដាក់​ឲ្យ​ជា​ស្ថាប័ន​ឯករាជ្យ​ដែរ​។​

​លោក មូ​ន ដែលជា​អតីត​អ្នកច្បាប់​សិទ្ធិមនុស្ស​នោះបាន​អះអាងថា លោក​ចង់​ឲ្យ​មានការ​បញ្ចប់​ការរិះគន់ និង​ហៅ​តំណែង​ប្រធានាធិបតី​ថា​ជា​អធិរាជ​នោះ​។ លោក​បញ្ជាក់​ដូច្នេះ​៖« ខ្ញុំ​មិនបាន​ទទួល​អ្វី​ឡើយ​ពី​ការកែទម្រង់​រដ្ឋធម្មនុញ្ញ​នេះ ព្រោះ​វា​ផ្តល់​អំណាច​ប្រធានាធិបតី​ទៅ​ប្រជាជន ទៅ​រដ្ឋាភិបាល​ថ្នាក់​តំបន់ និង​សភា​»​។​

​ទាក់ទិន​នឹង​ការបន្ថយ​អាយុ​បោះឆ្នោត លោក មូ​ន ចង់​ឲ្យ​មានការ​បន្ថយ​អាយុ​ប្រជាជន​កូរ៉េខាងត្បូង​ដែលមាន​សិទ្ធិ​បោះឆ្នោត​ពី ១៩ ទៅ ១៨ ឆ្នាំ​វិញ ហើយ​សភា​ក៏​នឹងមាន​អំណាច​ក្នុងការ​ត្រួតពិនិត្យ​ជាមុន​លើ​សេចក្តីសម្រេច​មុនៗ​តាមរយៈ​ក្រឹត្យ​របស់​ប្រធានាធិបតី​នោះ​។​

​ចំណែក​អាណត្តិ​ប្រធានាធិបតី លោក មូ​ន ចង់​ឲ្យ​មាន​ការដក​ការកំណត់​អាណត្តិ​តែមួយ​សម្រាប់​ប្រធានាធិបតី តែ​បន្ថយ​រយៈពេល​កាន់អំណាច​ពីមួយ​អាណត្តិ​ប្រាំ​ឆ្នាំ​មក​ត្រឹម​បួន​ឆ្នាំ​។ ប្រធានាធិបតី​អាចមាន​ឱកាស​ឈរឈ្មោះ​ជាថ្មី​សម្រាប់​អាណត្តិ​ទី​ពីរ តាមរយៈ​ការស្នើសុំ​នេះ​។​

​តាមពិតទៅ កូរ៉េខាងត្បូង​កំណត់​អាណត្តិ​ប្រធានាធិបតី​ចាប់ពី​ពេលដែល​ប្រធានាធិបតី​ផ្តាច់ការ Park Chung-he ឪពុក​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ត្រូវគេ​ធ្វើឃាត​។ លោក Park បាន​កាន់អំណាច​ចាប់ពី​ឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៧៩ ហើយ​លោក​បាន​សើរើ​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​កាន់អំណាច​បានយូរ​តាម​ដែល​អាច​ធ្វើបាន​ផងដែរ​។ ក្រៅពីនោះ​លោក​ក៏បាន​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រឹង​អំណាច​ប្រធាន​ធិបតី​ផងដែរ​៕


Tag:
 មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com