កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល B រវាង ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ ម៉ា​រ៉ុ​ក និង​អ៊ីរ៉ង់​
28, Mar 2018 , 8:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ផ្តួល​អ៊ីតាលី​ដើម្បី​ឈរលើ​កំពូល​តារាង​ពូ​ល G នៃ​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអឺរ៉ុប លើផ្លូវ​ឆ្ពោះទៅកាន់​ការប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ ២០១៨​។ អេ​ស្ប៉ា​ញ​នឹងត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​មកពី​អឺរ៉ុប​ដូចគ្នា​គឺ​ព័រ​ទុយ​ហ្គា​ល់ ក៏ដូចជា​ម៉ា​រ៉ុ​ក​របស់​អាហ្វ្រិក និង​អ៊ីរ៉ង់​ក្រុម​ខ្លាំង​ពី​តំបន់​អាស៊ី​។



អត្ថបទទាក់ទង

​អេ​ស្ប៉ា​ញ នឹង​ចាប់ផ្តើម​ការប្រកួត​ដំបូង​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B នៃ​ពានរង្វាន់ World Cup នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នា​កីឡដ្ឋាន Fisht ក្នុង​ក្រុង​សូ​ជី វេលា​ម៉ោង ១​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ នេះ​គឺជា​ជំនួប​ពិសេស​មួយ​រវាង​ក្រុម​ជើង​ខ្លាំង​មកពី​អឺរ៉ុប​ទាំងពីរ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​មិនអាច​ខកខាន​ទស្សនា​បាន​។​

​អ្វីដែល​យើង​គួរ​ដឹង​អំពី​ក្រុម​ទាំង​៤​ដែល​ត្រូវ​ជួបគ្នា​ក្នុង​ពូ​ល B នេះ​
​ព័រ​ទុយ​ហ្គា​ល់​៖ ក្នុងនាម​ជា​ម្ចាស់​ពានរង្វាន់ EURO 2016 និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ពានរង្វាន់ FIFA Confederations Cup ឆ្នាំ ២០១៧ ក្រោយ​យកឈ្នះ​ម៉ិ​ក​ស៊ិ​ក ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Fernando Santos​។​

​អេ​ស្ប៉ា​ញ​៖ ម្ចាស់​ជើងឯក World Cup ឆ្នាំ​២០១០ ដែល​សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​ច្រើន និង​ប្រក​អាជីព​ក្នុង​ក្រុម​ខ្លាំងៗ​ក្នុង​តំបន់​អឺរ៉ុប​។ អេ​ស្ប៉ា​ញ មាន​អ្នកចាត់ការ​លោក Julen Lopetegui ដែលជា​អតីត​អ្នកចាំទី​របស់ Barcelona និង Real Madrid​។​

 អ៊ីរ៉ង់​៖ ក្រុម​មកពី​អាស៊ី​នេះ មាន​ខ្សែប្រយុទ្ធ​ឆ្មើ​ម​ដែល​កំពុង​លេចធ្លោ​គឺ​កីឡាករ Sardar Azmoun​។ ខ្សែប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូបនេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​សម្បូរបែប​សម្រាប់​ប្រទេស​របស់គេ​ចាប់តាំងពី​ព្រឹត្តិការណ៍ AFF Asian Cup ឆ្នាំ ២០១៥​មក​។ Azmoun ជា​តួរ​អង្គ​សំខាន់បំផុត​ដែល​បាន​ជួយ​ឲ្យ​អ៊ីរ៉ង​អាចឈាន​ទៅ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។
​ម៉ា​រ៉ុ​ក​៖ ជា​ក្រុម​ដែល​ឈរ​នៅលើ​កំពូល​តារាង​នៃ​ពូ​ល C ក្នុង​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាហ្វ្រិក​ដោយ​នាំមុខ​កូត​ឌី​វ័រ ហ្គា​បុ​ង និង​ម៉ាលី ដើម្បី​ឈាន​មក​ដណ្តើម​ពានរង្វាន់ World Cup នៅ​រុស្ស៊ី​នេះ​។​

​អ្វីដែល​ជាការ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​ក្នុង​ពូ​ល B នេះ គឺ​អ៊ីរ៉ង់​ដែលជា​ក្រុមទី​៣​ដែល​បាន​កក់​កៅអី​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២​នេះ បន្ទាប់ពី​ប្រេ​ស៊ី​ល និង​ម្ចាស់ផ្ទះ​រុស្ស៊ី​៕


Tag:
 ​បាល់ទាត់​
  FIFA World Cup
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com