អន្តរជាតិ
ប្រទេស​វៀតណាម​ទាក់ទង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អូស្ត្រាលី​ដើម្បី​ទប់​ចិន​
29, Mar 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​វៀតណាម​កំពុង​ខិតចូល​កាន់តែ​ជិត​ឡើង​ទៅនឹង​ប្រទេស​អូស្ត្រាលី​នៅពេលដែល​ខ្លួន​ស្វះ​ស្វែងរក​ការជួយ​ពី​សំណាក់​អន្តរជាតិ​កាន់តែ​ធំ​ឡើង​ដើម្បី​ទប់​នឹង​ការពង្រីក​ទឹកដី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងមាន​ជម្លោះ​។​



​ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែមីនា​លើ​ភាពជា​ដៃគូ​យុទ្ធ សាស្ត្រ​ដើម្បី​បង្កើន​ការសន្ទនា​កម្រិត​ខ្ពស់​ដែល​កំពុង​កត់សម្គាល់​នូវ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ប្រសិទ្ធភាព​នូវ​ភាពជា​ដៃគូ​ផ្សេងទៀត រួមមាន​ការសន្យា​ឆ្លើយតប​ដល់​ការគំរាមកំហែង​ខាង​សន្តិសុខ ហើយនឹង​ធ្វើការ​ជាមួយគ្នា​«​លើ​គោលនយោបាយ​ផ្លូវ​នាវាចរ​ណ‍៍​»​។​

​អូស្ត្រាលី​និង​វៀតណាម​បានធ្វើ​កិច្ចព្រមព្រៀង​នៅពេលដែល​វៀតណាម​ស្វះ ស្វែងរក​ការជួយ​កាន់តែខ្លាំង​ឡើង​ដើម្បី​ទប់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែលមាន​អំណាច​កាន់តែ​ធំ​ឡើង​ក្នុងការ​ត្រួតត្រា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មានការ​ប្រជែង​គ្នា​នោះ​។ អូស្ត្រាលី​ក៏​កំពុង​ស្វែងរក​ផ្លូវ​ចូល​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នៅ​ទីនោះ​ខ្លួន​មាន​ផលប្រយោជន៍ខាង​សន្តិសុខ​និង​ពាណិជ្ជកម្ម​។​

​លោក Frederick Burke ធ្វើការ​នៅ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា​៖ «​ពួកគេ​មានការ​ព្រួយ​កង្វល់​អំពី​បញ្ហា​ពិសេសៗ​ដូចជា​សេរីភាព​នៃ​ការធ្វើការ​នាវាចរណ៍ និង​សមុទ្រ​ចិន​ខាងកើត ពួកគេ​មាន​ផលប្រយោជន៍​រួមជាមួយ​វៀតណាម​ក្នុង​ការរក្សា​ផ្លូវ​នាវាចរណ៍​នោះ​ឲ្យ​នៅ​បើកចំហ​រ‍​»​។​ជម្លោះ​បូរណភាព​ទឹកដី​រវាង​ចិន និង​វៀតណាម​លើ​ផ្នែក​នានា​នៃ​សមុទ្រ​ដែល​សម្បូរ​ទៅដោយ​ធនធាន​ដែលមាន​ចម្ងាយ​៣​លាន​៥​សែន​គីឡូ​ម៉ែត្រការ៉េ​ចាប់តាំងពី​ទីក្រុង​ហុងកុង​ដល់ទី​ក្រុង Borneo​។ កោះ​តៃ​វ៉ា​និង​ប្រទេស​៣​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បានទាមទារ​សមុទ្រ​នោះដែរ​។​

​ពួក​អ្នកវិភាគ​និយាយថា វៀតណាម​កំពុង​ស្វែងរក​មិត្តភាព​ជាមួយ​ប្រទេស​ជាច្រើន​ដើម្បី​ការពារ​ទូក​នេសាទ ការរុករក​ថាមពល​នៅក្នុង​សមុទ្រ​ហើយ​និង​ការទាមទារ​អធិបតេយ្យភាព​របស់ខ្លួន​។​

​លោក Termsak Chalermpalanupap ជា​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេស​សិង្ហ​បុរី​បាន​និយាយថា​៖ «​វៀតណាម​កំពុង​ស្វែងរក​មិត្តភក្តិ ហើយ​និង​ការគាំទ្រ​គ្រប់​ទីកន្លែង​។ វៀតណាម​ស្វែងរក​មិត្តភក្តិ​និង​ការគាំទ្រ​ផ្សេងៗ​​»​។​

​ប្រទេស​អូស្ត្រាលី​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​របស់​សហរដ្ឋអាមេរិក​ដែល​កំពុង​ប្រឈម​បញ្ហា​ផ្ទាល់​ជាមួយ​ចិន​បាន​ស្ថិតនៅក្នុង​សម្ព័ន្ធភាព​ចតុ​ភាគី​រួមមាន​ប្រទេស ឥណ្ឌា ជប៉ុន​និង​សហរដ្ឋអាមេរិក​។​

​ប្រមុខរដ្ឋ​មកពី​ក្រុម​នោះបាន​ជួបគ្នា​នៅក្នុង​ទីក្រុង​ម៉ានីល​កាលពី​ខែវិច្ឆិកា​ដើម្បី​ពិភាក្សា​ថា​តើ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ឲ្យ​សមុទ្រ​នោះ​នៅ​បើកចំហរ​សម្រាប់​ផ្លូវ​នាវាចរណ៍​។ ប្រទេស​អូស្ត្រាលី​និង​ជប៉ុន​បាន​អំពាវនាវ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់ «​ហើយ​និង​ការគោរព​ច្បាប់​អន្តរ​ជា​ត‍ិ​»​។​

​វៀតណាម និង​ឥណ្ឌា​បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ភាពជា​ដៃគូ​ខាង​យុទ្ធសាស្ត្រ​របស់ខ្លួន​កាលពី​ឆ្នាំទៅ ហើយ​នៅ​ឆ្នាំ​២០១៤ ប្រទេស​ជប៉ុន​បាន​យល់ព្រម​លក់​នាវា​ស៊ើបការណ៍​សម្ងាត់​ចំនួន​៦​គ្រឿង​ទៅ​ឲ្យ​វៀតណាម​។ នៅ​ខែ​នេះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​ប្រទេស​វៀតណាម​ដែលជា​ដំណើរ​ទស្សនកិច្ច​បែបនេះ​លើកទីមួយ​។​

​នាវិក​បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិចរ​វា​ង​ចិន​និង​វៀតណាម​នៅឯ​សមុទ្រ​នៅ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៨៨ នាវា​មកពី​ប្រទេស​ចិន​និង​វៀតណាម​បាន​បើក​បុក​គ្នា​បន្ទាប់ពី​ចិន​បានអនុញ្ញាត​ឲ្យ​ដំឡើង​កន្លែង​បូម​ប្រេង​របស់ខ្លួន​នៅក្នុង​សមុទ្រ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានធ្វើ​ឲ្យ​រកាំចិត្ត​ដល់​គូប្រកួត​ប្រជែង​ទាមទារ​សមុទ្រ​ចិន​ខាងត្បូង​របស់ខ្លួន​ជាង​មួយ​ទសវត្សរ៍​នេះ​ដោយ​ការស្ថាបនា​ប្រជុំ​កោះ​តូចៗ​សម្រាប់​ប្រើប្រាស់​ខាង​យោធា និង​នាវា​កា​ពារ​ដែនសមុទ្រ​ឆ្លងកាត់​ផ្ទៃ​ទឹក​ជិត​ប្រទេស​នានា​។ ប្រទេស​អូស្ត្រាលី​មិនបាន​ទាមទារ​ដែនទឹក​នោះទេ​។​

​លោក Stuart Orr សាស្ត្រាចារ្យ​នៃ​ការចាត់ចែង​ខាង​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Deakin ក្នុងប្រទេស​អូស្ត្រាលី​បាន​និយាយថា អូស្ត្រាលី ប្រហែល​ជួយ សម្ព័ន្ធភាព​ចតុ​ភាគី​ដើម្បី​ឃ្លាំមើល​សមុទ្រ​ចិន​ខាងត្បូង​។ ភាពជា​ដៃគូ​ជាមួយ​វៀតណាម «​ផ្តល់​ឲ្យ​អូស្ត្រាលី​នូវ​វត្តមាន​កាន់តែ​ជិតស្និទ្ធ​ឡើង ហើយ​និង​ប្រភពព័ត៌មាន​ផ្សេងទៀត​អំពី​តំបន់​ន‍ោះ​»​។​

​ក៏ប៉ុន្តែ ទាំង​អូស្ត្រាលី​និង​វៀតណាម​ចាត់ទុក​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់ខ្លួន ដែល​មានន័យថា ពួកគេ​នឹង​ទំនង​បញ្ចៀស​ការប្រឈមមុខ​ជា​មួយ​ចិន​នៅឯ​សមុទ្រ​។ លោក Burke បាន​និយាយទៀតថា «​ខ្ញុំ​គិតថា ពួកគេ​នឹងមិន​ប្រើ​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដូចជា​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន​ទ‍េ​»​។​

​លោក Trung Nguyen ព្រឹទ្ធបុរស​នៃ​ទំនាក់ទំនង​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សជាតិ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា វៀតណាម ប្រហែល​យកចិត្តទុកដាក់​លើ​ប្រទេស​អូស្ត្រាលី​ពី​ព្រោះតែ​ខ្លួន​មិនអាច​ដឹង​ពី​អ្វីដែល​សហរដ្ឋអាមេរិក​នឹងធ្វើ​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ពួក​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ក្នុង​តំបន់​និយាយថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​គោលនយោបាយ​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​សម្រាប់​ទ្វីបអាស៊ី​។​

​លោក Nguyen បាន​និយាយថា​៖ «​ដោយមាន​គោលនយោបាយ​ការបរទេស​ជាច្រើន វៀតណាម​អាចធ្វើ​ឲ្យ​មាន​តុល្យភាព​ដើម្បី​ទប់ទល់​នឹង​ចិន​ក្នុងករណី​អវត្តមាន​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​។ «​ទោះជា​អូស្ត្រាលី មានអំណាច​កម្រិត​ទី​២ ក្នុង​ករណីខ្លះ ពួកគេ​អាច​ជំនួស​ឲ្យ​សហរដ្ឋអាមេរិក​បានដែ​រ បើសិន​សហរដ្ឋអាមេរិក​ត្រឡប់​ទៅកាន់​គោលនយោបាយ​គិតពី​ប្រទេស​អាមេរិក​មុន​ន‍ោះ​»​។​

​ពួក​អ្នកវិភាគ​និយាយថា អូស្ត្រាលី​បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ជាមួយ​វៀតណាម​ដើម្បី​ព្យាយាម​រឹតបន្តឹង​ចំណងទាក់ទង​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រទេស​១០​ជា​សមាជិក​។ អូស្ត្រាលី​មើលឃើញ​ក្រុម​ប្រទេស​ទាំងនេះ រួមទាំង​វៀតណាម​ជា​គន្លឹះ​ដ៏​សំខាន់​ដល់​សន្តិសុខ​តំបន់​អាស៊ី​នឹង​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​អូស្ត្រាលី​។​

​សមាគម​អាស៊ាន​មាន​ប្រជាពលរដ្ឋ​ប្រហែល​៦៣០​លាន​នាក់ រួមមាន​ទីផ្សារ​ប្រើប្រាស់​ទំនិញ​កំពុង​រីកចម្រើន​បំផុត​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន​និង​វៀតណាម​។ លោក Nguyen និយាយទៀតថា វៀតណាម​អាច​សម្របសម្រួល​ចំ ណង​ទាក់ទង​របស់​អូស្ត្រាលី​ក្នុង​តំបន់​កាន់តែ​ធំ​ឡើង​។​

​លោក Burke និយាយថា ក្រុមហ៊ុន​អូស្ត្រាលី ជួនកាល​ដេញថ្លៃ​គម្រោង​រៀបចំ​ចាត់ចែង​ទឹក​ក្នុងប្រទេស​វៀតណាម​។ នៅ​ខែ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន​នឹង​ចាប់ផ្តើម​ជើងហោះហើរ​រវាង​ទីក្រុង​ហូជីមិញ និង​ទីក្រុង Brisbane នៃ​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួយ​ការផ្លាស់ប្តូរ​សមាហរណកម្ម​ក្នុង​តំបន់​និង​ពាណិជ្ជកម្ម​។​

​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​និង​វៀតណាម​ក្នុង​ឆ្នាំ​២០១៦​និង​២០១៧​បាន​ឡើងដល់​៩​ពាន់​លាន​ដុល្លារ​ដែល​ធ្វើ​ឲ្យ​វៀតណាម​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១៥​របស់​អូស្ត្រាលី​។​

​រដ្ឋាភិបាល​បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​ប្រព័ន្ធ Website របស់ខ្លួន​ថា កាលពី​ថ្ងៃទី​១៧​និង​ទី​១៨ ខែមីនា​នេះ ប្រទេស​អូស្ត្រាលី​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​ពិសេស​លើកទីមួយ​របស់ខ្លួន​ជាមួយ​សមាគម​អាស៊ាន​ដោយ​ផ្តោតលើ​បញ្ហា​សន្តិ សុខ​រួម​និង​ការពារ​ឱកាស​កាន់តែ​ច្រើនឡើង​សម្រាប់​ពាណិជ្ជកម្ម​យើ​ង‍​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com