ជាតិ
លោក នេ​ត សាវឿន បញ្ជា​ឲ្យ​អធិការ​គ្រប់​ខណ្ឌ​នៅ​ភ្នំពេញ បង្កើន​ការទប់ស្កាត់​បទល្មើស​នា​នា​
30, Mar 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​អធិការ​គ្រប់​ខណ្ឌ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បង្កើន​ការទប់ស្កាត់​រាល់​បទល្មើស​នានា ដែល​តែងតែ​កើតឡើង​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។



​ការលើកឡើង​របស់លោក នេ​ត សាវឿន ធ្វើឡើង ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ល​ទ្ឋ​ផល​នៃ​កិច្ចសហប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ប្រចាំឆ្នាំ​២០១៧ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២0១៨​។

​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ពី​ប្រសាសន៍​របស់លោក នេ​ត សាវឿន ថា ទោះបី​បទល្មើស​នៅ​ឆ្នាំ​២០១៧ មានការ​ថយចុះ​ច្រើនក្ដី ប៉ុន្តែ​ករណី​ឆក់​-​ប្លន់ នៅតែ​ជាការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដដែល​។ លោក  បញ្ជា​ឲ្យ​ស្វែងរក​មុខសញ្ញា​នៃ​បទល្មើស​ទាំងនេះ និង​យក​ជនល្មើស មក​ផ្តន្ទាទោស ឲ្យ​ទាល់តែ​បាន​។

​លោក នេ​ត សាវឿន បាន​បញ្ជាក់ថា ដើម្បី​រក្សា​សន្តិសុខ​ឲ្យ​បានល្អ និង​គ្មាន​បទល្មើស​ផ្សេងៗ​កើតមានឡើង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ក៏ដូចជា​សន្តិសុខ​ជាតិ គ្រប់​អង្គភាព​ទាំងអស់ ត្រូវតែ​សហការគ្នាជាមួយ​សមត្ថ​កិច្ច​គ្រប់ផ្នែក ដោយ​ពង្រឹង និង​ខិតខំ​ទប់ស្កាត់​បន្ថែមទៀត​រាល់​បទល្មើស​។

​បើតាម​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល លោក នេ​ត សាវឿន បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់​អង្គភាព​ទាំងអស់ ត្រូវធ្វើ​ការ​ឲ្យ​ទាន់ពេលវេលា និង​ទាន់សភាពការណ៍ ដែលជា​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​»៕


Tag:
 នេ​ត សាវឿន​
 ​ បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com