អន្តរជាតិ
ចិន​ប្រាប់​ឲ្យ ICC គោរព​អធិបតេយ្យ​ហ្វីលីពីន​ជុំវិញ​សង្គ្រាម​គ្រឿងញៀន​
29, Mar 2018 , 9:19 pm        
រូបភាព
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបភាពគេហទំព័រក្រសួងការបរទេសចិន)
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបភាពគេហទំព័រក្រសួងការបរទេសចិន)
​នៅ​ថ្ងៃទី​២៨ ខែមីនា ចិន​បាន​ចេញមុខ​ការពារ​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បន្ទាប់ពី​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ស៊ើបអង្កេត​ជំហាន​ដំបូង​លើ​ករណី​សម្លាប់​រង្គាល​ជុំវិញ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ ក្រុង​ប៉េកាំង​បាន​ប្រាប់​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​គោរព​អធិបតេយ្យ​របស់​ហ្វីលីពីន ព្រោះ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​ក្នុងស្រុក​។​



​ស្រប​ពេលដែល​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​នៅ​ហ្វីលីពីន​រង​ការរិះគន់​ពី​អង្គការសិទ្ធិមនុស្ស និង​ប្រទេស​ជាច្រើន ដល់​ថ្នាក់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការស៊ើបអង្កេត​ដំបូង​នោះ ចិន​ឯណោះ​វិញ​បាន​ការពារ និង​លើកសរសើរ​មិន​ដាច់​ពី​មាត់​។ ដោយសារតែ​មិន​ពេញ​ចិត្តនឹង​ការស៊ើបអង្កេត​នេះ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ដក​ហ្វីលីពីន​ចេញពី​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តែម្ដង​។​

​ជុំវិញ​រឿងនេះ ក្រុង​ប៉េកាំង យល់ថា ចំណាត់ការ​របស់លោក ឌូ​ទើ​តេ គឺជា​រឿង​ត្រឹមត្រូវ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang និយាយថា លោក ឌូ​ទើ​តេ ប្រកាន់​ជំហរ​តឹងរ៉ឹង​ក្នុងការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​គ្រឿងញៀន និង​បាន​ពង្រឹង​សន្តិសុខ​សាធារណៈ​ថែមទៀត​។ បើតាម​អ្នកនាំពាក្យ​រូបនេះ វិធានការ ដែលមាន​ការ​គាំំ​ទ្រ​ពី​ប្រជាជន បាន​បង្កើត​បរិយាកាស​ល្អ​សម្រាប់​សេដ្ឋកិច្ច​ហ្វីលីពីន និង​ជីវិត​រស់នៅ​ដោយ​សន្តិភាព​សម្រាប់​ប្រជាជន​។​

​ក្នុងន័យ​ការពារ​យុទ្ធនាការ​របស់លោក ឌូ​ទើ​តេ អ្នកនាំពាក្យ​ដដែល​បាន​ប្រាប់​ឲ្យ​សហគមន៍​អន្តរជាតិ​ស្វែងយល់​ពី​ហ្វីលីពីន​ឲ្យ​បាន​ច្រើន និង​គាំទ្រ​វិធានការ​របស់​ហ្វីលីពីន​ក្នុងការ​បោសសម្អាត​គ្រឿងញៀន​ជាជាង​ការស្ដីបន្ទោស​។ មន្ត្រី​ក្រសួងការបរទេស​ចិន​ខាងលើ​ក៏​ឆ្លៀត​ផ្ញើ​សារ​ទៅ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បាន​បើក​ការស៊ើបអង្កេត​បឋម​លើ​មេដឹកនាំ​ហ្វីលីពីន រហូត​បង្ខំ​ឲ្យ​ហ្វី​លី​ពី​ចាកចេញ​ទាំង​មិន​អាល័យ​។​

«​ចិន​តែងតែ​ប្រកានខ្ជាប់​ជំហរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គួរ​គោរព​អធិបតេយ្យ​របស់​ប្រទេស​នានា ធ្វើ​អ្វី​ឲ្យ​ប្រយ័ត្នប្រយែង និង​ចៀសវាង​ក្លាយជា​ឧបករណ៍​នយោបាយ​។ ចិន​ជឿថា ប្រទេស​មាន​អធិប តេ​យ្យ មាន​សិទ្ធិ​និយាយ «​ទេ​» ចំពោះ​ឧបាយកល​នយោបាយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Lu Kang ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៨ ខែមីនា​។​

​ក្រោយ​ការដើរ​ចេញពី​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ​ហើយ​នោះ លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក៏​បបួល​ប្រទេស​ហត្ថលេខី​ផ្សេងទៀត​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ឲ្យ​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ពេល​ហ្វីលីពីន​ដកខ្លួន​ចេញ នៅ​តំបន់​អាស៊ាន នៅ​មានតែ​កម្ពុជា មួយ​ប៉ុណ្ណោះ​ដែល​នៅ​ជា​សមាជិក​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នេះ​៕


Tag:
 ចិន​
  ហ្វីលីពីន​
  ICC
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com