សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន​ល្អប្រសើរ​បំផុត​ក្នុង​ត្រីមាស​ទីមួយ​
29, Mar 2018 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​សេដ្ឋកិច្ច​វៀតណាម​កើនឡើង​រហ័ស​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បង្ហាញថា គ្រាន់តែ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ ២០១៨ នេះ ការកើនឡើង​នៃ​ការផលិត​ទំនិញ​អេឡិចត្រូនិក និង​ការនាំចេញ​។​



​វៀតណាម​បានក្លាយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​ជាងគេ​មួយ​នៅក្នុង​តំបន់ ហើយបី​ខែ​ដើមឆ្នាំ ២០១៨ នេះ សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន​ខ្ពស់​ដែល​ស្ថិតក្នុង​កម្រិត​ល្អ​បំផុត​មួយ​ផង​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​ការិយាល័យ​ស្ថិតិ​របស់​រដ្ឋាភិបាល​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​កំណើនសេដ្ឋកិច្ច​វៀតណាម​ក្នុង​រយៈពេល​បី​ខែ​កន្លងមក​នោះ​កើន​ឡើងដល់​កម្រិត ៧,៨ ខណៈដែល​ឆ្នាំមុន​ក្នុង​រយៈពេល​ដដែល​សេដ្ឋកិច្ច​វៀតណាម​មានកំ​ណើ​ន​ត្រឹម​ប្រាំ​ភាគរយ​ប៉ុណ្ណោះ​។ បើតាម​របាយការណ៍រ​ដ្ឋា​ភិ​បាលដ​ដែល​នេះ វា​ជា​កំណើនសេដ្ឋកិច្ច​ល្អ​បំផុត​មួយ​រាប់​ចាប់ពី​ឆ្នាំ ២០០៨ មក​នោះ​។

​តាមពិតទៅ កំណើនសេដ្ឋកិច្ច​វៀតណាម​កើនឡើង​ខ្ពស់​ខណៈដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​ពង្រឹង​ទីផ្សារ​ក្រៅបរទេស ក្រោយ​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដារ​មាស​នៅ​ខែ​នេះ​ដែលមាន​ភាគី ១១ ដើម្បី​ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP)​។

​វិស័យ​សំខាន់ៗ​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​វៀតណាម បច្ចុប្បន្ន​មាន​កសិកម្ម  ពាណិជ្ជកម្ម និង​ការនាំចេញ​ផលិតផល​ផ្សេងទៀត​។ គ្រាន់តែ​ពី​ខែមករា​ដល់​ខែមីនា ការនាំចេញ​របស់​វៀត​ណា​ម​កើន​ឡើងដល់​ច្រើនជាង ៥៤ ពាន​លាន់​ដុល្លារ​។ គេ​កត់សម្គាល់ថា ផលិក​ម្ម​គ្រឿង​អេឡិចត្រូនិក​នោះ​កើនឡើង​ច្រើនជាង​១៣ ភាគរយ និង​ក្លាយជា​សរសរ​ស្តម្ភ​នៃ​កំណើនសេដ្ឋកិច្ច​ផងដែរ​។​

​វៀតណាម​ក្លាយជា​ទីតាំង​ផលិតកម្ម​សំខាន់​ជាងគេ​មួយ​នៅ​អាស៊ី​ជាពិសេស​សម្រាប់​ផលិតផល​អេឡិចត្រូនិក ដោយសារ​វា​មាន​កម្លាំង​ពលកម្ម​ថោក និង​មាន​គោលនយោបាយ​បើកចំហ​ទូលំទូលាយ​។ កន្លងមក​វៀតណាម​បាន​ទាក់ទាញ​ក្រុមហ៊ុន​គ្រឿង​អេឡិចត្រូនិក​លំដាប់​ពិភពលោក​ដូចជា Samsung ក្រុមហ៊ុន LG និង​ក្រុមហ៊ុន Canon ជាដើម​។

​សូមបញ្ជាក់ថា វៀតណាម​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​។ កន្លងមក អាជ្ញាធរ​វៀតណាម​ព្យាករ​ថា សេដ្ឋកិច្ច​ខ្លួន​នឹង​អាច​កើនឡើង​ដល់ ៦,៨ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ នេះ​ខណៈដែល​ខាង​ធនាគារពិភពលោក​វាយ​តម្លៃ​ថា សេដ្ឋកិច្ច​វៀតណាម​នេះ​អាចមាន​កំណើន​ត្រឹម ៦,៥​ប៉ុណ្ណោះ​៕


Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com