អន្តរជាតិ
ប្រជាជន​ស៊ូដង់​ខាងត្បូង​កាន់តែច្រើន​បន្តធ្វើ​អត្តឃាត ព្រោះ​អស់សង្ឃឹម​នឹង​ភាព​រ៉ាំរ៉ៃ​នៃ​សង្គ្រាមស៊ីវិល​
29, Mar 2018 , 9:59 pm        
រូបភាព
​ប្រជាជន​ស៊ូដង់​ខាងត្បូង​កាន់តែច្រើន​សម្រេច​ជ្រើស​រើសយក​ការសម្លាប់​ខ្លួន​ដើម្បី​រួចផុត​ពី​ទុក្ខលំបាក​វេទនា និង​គ្រាំគ្រា​ដោយ​វិបត្តិ​ផ្លូវចិត្ត​ដែល​បង្កឡើង​ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ​ដែល​ផ្ទុះឡើង​ជាង​មួយ​ឆ្នាំក្រោយ​ប្រកាស​ឯករាជ្យ​ឆ្នាំ ២០១១​នោះ​។



​ជាង​ប្រាំ​ឆ្នាំ​ហើយ ដែល​ស៊ូដង់​ខាងត្បូង​ក្លាយជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យ​ពេញលេញ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ ប្រជាជន​ស៊ូដង់​ខាងត្បូង​បន្ត​រងទុក្ខវេទនា​មិន​ស្រាកស្រាន្ត​ដោយសារ​សង្គ្រាម​ដណ្តើម​អំណាច​។ ប្រជាជន​រាប់ពាន់នាក់​បាន​ស្លាប់​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ ខណៈដែល​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ដើម្បី​រក​សុវត្ថិភាព​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បញ្ហា​ប្រឈម​ធំ​មួយទៀត​សម្រាប់​ប្រជាជន​ស៊ូដង់​ខាងត្បូង​គឺ ការបង្ខំចិត្ត​ធ្វើអត្តឃាត​ដើម្បី​គេច​ឲ្យ​ផុតពី​ក្តី​លំបាក​វេទនា​ទាំងអស់នេះ​។ ប្រជាជន​កាន់តែច្រើន​សម្រេចចិត្ត​បញ្ចប់ជីវិត ព្រោះ​ពួកគេ​មើលមិនឃើញ​ពន្លឺ​នៃ​សន្តិភាព និង​ការ​ប្រសើរឡើង​នៃ​ជីវិត​របស់ខ្លួន​ឡើយ​។​

​ក្នុង​វ័យ ៤៤ ឆ្នាំ Ayak ជា​ជនភៀសសឹក​ម្នាក់​ក្នុងចំណោម​ប្រជាជន​ស៊ូដង់​ខាងត្បូង​រាប់សែន​នាក់​ផ្សេងទៀត​ដែល​កំពុង​រស់នៅ​លំបាកលំបិន​ក្នុង​ជំរុញ​ជនភៀសខ្លួន​។ នាង​បាន​រៀបរាប់ថា ជីវិត​ខ្លួន​គ្មាន​ន័យ​ទៀតឡើយ​ដោយសារ​នាង​បាន​បាត់បង់​បងប្អូន​ប្រុស​បួន​នាក់ និង​កូនប្រុស​វ័យ ១៩ ឆ្នាំ​ម្នាក់ទៀត​ពេល​រត់គេច​ពី​សង្គ្រាម​។ និយាយ​ទាំង​ទឹកភ្នែក នាង​អះអាងថា​៖« ខ្ញុំ​បានឃើញ​រាល់​គ្រប់​រូបភាព​ហើយ​។ នៅពេល​ខ្ញុំ​គិត​ពិត​ជីវិត​បងប្អូន​កូនចៅ និង​ការស្លាប់​របស់​ពួកគេ ខ្ញុំ​សម្រេចចិត្ត​សម្លាប់ខ្លួន​ដូចគ្នា​»​។

Ayak ធ្លាប់បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ម្តង​ហើយ​កន្លងមក​ប៉ុន្តែ​បរាជ័យ និង​ត្រូវគេ​សង្គ្រោះ​។ ប៉ុន្តែ​គេ​ក៏​ឃើញ​ចំនួន​អ្នកធ្វើ​អត្តឃាត​កាន់តែច្រើន​ផងដែរ​នៅ​ស៊ូដង់​ខាងត្បូង​ជាពិសេស​នៅ​ជំរំ​ជនភៀសខ្លួន​តែម្តង​។

​យោងតាម​របាយការណ៍​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​(IMO)  ឆ្នាំ ២០១៧ មនុស្ស ៣១ នាក់​បាន​ប៉ុនប៉ង​ធ្វើអត្តឃាត ក្នុងនោះ​មាន​ប្រុស ១៦​នាក់ និង​ស្ត្រី ១៥ នាក់​ផង​។ ប៉ុន្តែ​មានតែ​ប្រាំមួយ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់ ហើយ​កាលពី​ឆ្នាំ ២០១៦ មនុស្ស​បួន​នាក់​ស្លាប់​ដោយ​ការធ្វើអត្តឃាត​នេះដែរ​។

​របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មាន​បច្ចេកវិទ្យា​ខាង​ជីវសាស្ត្រ​របស់​អាមេរិក​បាន​បង្ហាញថា ប្រជាជន​ស៊ូដង់​ខាងត្បូង​យ៉ាងហោចណាស់​ណាស់ ៤០​ភាគរយ​ដែល​ចូលរួម​ក្នុង​ការស្ទង់មតិ សុទ្ធ​តែមាន​ជំងឺ​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម​ធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាមស៊ីវិល​នេះ​។​

«​បញ្ហា​ជាច្រើន​កើតឡើង​មុន​ពេលដែល​មនុស្សម្នា​ក់ស​ម្រេច​ចិត្ត​ធ្វើអត្តឃាត​។ ស្ថានភាព​រស់នៅ កង្វះ​ចំណីអាហារ និង​បញ្ហាលំបាក​ផ្សេងទៀត​សុទ្ធ​តែមាន​ចំណែក​ធ្វើ​ឲ្យ​មនុស្សៗ​ម្នាក់ៗ​ចង់​សម្លាប់ខ្លួន​។ វា​ជា​បន្ទុក​ធ្ងន់​ដែល​មិន​ជំរុញ​ឲ្យ​បុគ្គល​នោះ​មាន​សង្ឃឹមថានឹង​មានកា​រ​ផ្លាស់ប្តូរ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Raimund Alber ជា​បុគ្គលិក​ផ្នែក​សុខាភិបាល​នៃ​អង្គការ​គ្រូ​ពេ​ទ​គ្មាន​ព្រំដែន​។

​បច្ចុប្បន្ននេះ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ខាង​សុខាភិបាល​និង​សិទ្ធិមនុស្ស​បាន​ព្យាយាម​ជំរុញ​ឲ្យ​មានការ​ផ្តល់​ការប្រឹក្សា យោបល់ និង​គាំទ្រ​សុខភាព​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​ស៊ូដង់​ខាងត្បូង​ផងដែរ​៕


Tag:
 ស៊ូដង់​ខាងត្បូង​
  សង្គ្រាមស៊ីវិល​
  ​អត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com