ជាតិ
កងកម្លាំងច្រើនរយនាក់ត្រៀមការពារសន្តិសុខក្នុងកិច្ចប្រជុំទន្លេមេគង្គលើកទី៣នៅសៀមរាប
× សៀមរាប៖ នៅថ្ងៃទី២ ខែមេសា ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទន្លេមេគង្គលើកទី៣ ដែលគ្រោងធ្វើនៅខេត្តសៀមរាប។ កិច្ចប្រជុំកំពូលនេះ មានថ្នាក់ដឹកនាំប្រទេសសំខាន់មួយចំនួន គ្រោងនឹងចូលរួមផងដែរ ក្នុងនោះសម្តេច ហ៊ុន សែនជាប្រធានកិច្ចប្រជុំ។ ដើម្បីថែរក្សាសន្ដិសុខសណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរគ្រោងនឹងដាក់ពង្រាយកងកម្លាំងចម្រុះច្រើនរយនាក់ នៅតាមគោលដៅសំខាន់ៗ ពិសេសកន្លែងរៀបចំកិច្ចប្រជុំ។
អគ្គស្នងរងនគរបាលជាតិ លោក ទូច ណារ៉ុថ បានឱ្យដឹងថា យ៉ាងហោចណាស់ មានកម្លាំងចម្រុះច្រើនរយនាក់ ឬខ្ទង់ពាន់នាក់ ដែលនឹងដាក់ពង្រាយត្រៀមការពារក្នុងកិច្ចប្រជុំទន្លេមេគង្គលើកទី៣។ ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំសណ្ដាប់ធ្នាប់ការពារថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រោងចូលរួមកិច្ចប្រជុំទន្លេមេគង្គលើកទី៣ នៅថ្ងៃទី២៨ ខែមីនា នាខេត្តសៀមរាប លោក ទូច ណារ៉ុថ បានសង្កត់ធ្ងន់ដល់កម្លាំងទាំងអស់ ធ្វើយ៉ាងណា ថែរក្សាឱ្យបាននូវសន្ដិសុខ និងសុវត្ថិភាពដល់គណៈប្រតិភូនៃកិច្ចប្រជុំទាំងមូល។
តាមលោក ទូច ណារ៉ុថ ក្នុងការការពារនេះដែរ កម្លាំងទាំងអស់ក៏មានភារកិច្ចត្រួតពិនិត្យ លើការប្រើប្រាស់អគ្គិសនី កន្លែងស្នាក់នៅ ម្ហូបអាហារ តាមផ្លូវ និងគោលដៅដែលគណៈប្រតិភូគ្រោងធ្វើដំណើរកម្សាន្តផងដែរ ដើម្បីឱ្យប្រាកដពីសុវត្ថិភាពរបស់ពួកគេ។
ក្នុងកិច្ចប្រជុំនេះដែរ មានអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិប្រមាណ ជាង២០០នាក់ គ្រោងចូលរួមយកព័ត៌មាន។ នេះបើតាមការលើកឡើងរបស់មន្ត្រីនៃក្រសួងព័ត៌មាន ដែលបានប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី២៨ ខែមីនា។
សូមបញ្ជាក់ថា កិច្ចប្រជុំទន្លេមេគង្គលើកទី៣ ក្រោមប្រធានបទ «ទន្លេមេគង្គតែមួយ ស្មារតីតែមួយ» ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ គ្រោងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមេសា នៅខេត្តសៀមរាប។ ពិធីបើកនៃកិច្ចប្រជុំនេះ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ។ ក្នុងប្រជុំនេះដែរ នឹងមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ រួមមានកម្ពុជា ឡាវ វៀតណាម និងថៃ និងក៏មានការចូលរួមផងដែរពីប្រទេសមីយ៉ាន់ម៉ា និងចិន ដែលដើរតួនជាដៃគូសហប្រតិបត្តិការ៕
Tag:
ទន្លេមេគង្គលើកទី៣
© រក្សាសិទ្ធិដោយ thmeythmey.com