អន្តរជាតិ
សិស្ស​ជិត​៣​លាន​នាក់​នៅ​ឥណ្ឌា ត្រូវ​ប្រឡង​ឡើងវិញ ដោយសារ​ការ​បែកធ្លាយ​វិញ្ញាសា​មុន​
30, Mar 2018 , 7:39 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Prakash Javadekar។ រូបថត AFP
រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Prakash Javadekar។ រូបថត AFP
ដោយ: ធីតា
​រដ្ឋាភិបាល​ឥណ្ឌា បានប្រកាស​រឹតបន្តឹង​សុវត្ថិភាព​អន​ឡាញ បន្ទាប់ពី​មានការ​បែកធ្លាយ​វិញ្ញាសា​នៅមុន​ថ្ងៃ​សិស្ស​ប្រឡង​។ ករណីនេះ​ផងដែរ ក្រសួង​បាន​តម្រូវ​ឲ្យ​សិស្ស​ប្រមាណ​២.៨​លាន​នាក់ ប្រឡង​ឡើងវិញ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។



​រដ្ឋមន្ត្រីក្រសួង​អប់រំ​ឥណ្ឌា លោក Prakash Javadekar ប្រកាស​បើក​ការស៊ើបអង្កេត​លើ​ករណី​បែកធ្លាយ​វិញ្ញាសា​ប្រឡង​គណិតវិទ្យា និង​សេដ្ឋកិច្ច​របស់​សិស្ស​វិទ្យាល័យ​ទូទាំងប្រទេស​កាលពី​ថ្មីៗ​កន្លងមកនេះ តាមរយៈ​បណ្តាញ​សង្គម WhatsApp​។​

«​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​អំពើ​នេះ នឹងមិន​ត្រូវបាន​លើកលែង​ឡើយ​។ ខ្ញុំ​ជឿជាក់ថា ប៉ូលិស​នឹង​ចាប់បាន​អ្នក​ទាំងនោះ​យ៉ាង​ឆាប់រហ័ស​»​។ លោក Javadekar បាន​ថ្លែង​បែបនេះ​ទៅកាន់​អ្នកសារព័ត៌មាន ដោយ​ប្រកាស​ពង្រឹង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្នែក​អប់រំ​តាម​អន​ឡាញ​។​

​លោក Rahul Gandhi មកពី​គណបក្សប្រឆាំង បាន​លើកយក​ករណី​បែកធ្លាយ​វិញ្ញាសា​ប្រឡង​ដើម្បី​វាយប្រហារ​រដ្ឋបាល​រប​ស់លោក​នាយករដ្ឋមន្ត្រី Narendra Modi លើ​ការគ្រប់គ្រង​សុវត្ថិភាព​ឌីជីថល​។ លោក​បាន​ចំអក​ថា​៖ «​សិស្ស​២.៨​លាន​នាក់​ត្រូវ​ប្រឡង​ឡើងវិញ​! វា​ជាការ​លេងសើច​ជ្រុល​ពេក​ហើយ​! តើ​អ្នកណា​ត្រូវ​ទទួលខុសត្រូវ​លើ​រឿងនេះ​?»​។​

​លោក Javadekar ទទួលស្គាល់ថា ការសម្រេច​រៀបចំ​ឲ្យ​មានការ​ប្រឡង​ឡើងវិញ ពិតជា​ធ្វើ​ឲ្យ​សិស្ស និង​ឪពុកម្តាយ​សិស្ស ខឹងសម្បារ និង​ពិបាក​ទទួលយកបាន ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវតែ​រៀបចំ​ការប្រឡង​ឲ្យ​បាន​សុ​ក្រឹត្យ​។​

​ទាំង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​នៅ​ឥណ្ឌា សុទ្ធតែ​បាន​ភ្ជាប់​ករណីនេះ​ទៅនឹង​រឿងអាស្រូវ​ដ៏​ក្តៅគគុក​របស់​ហ្វេ​ស​ប៊ុ​កលើ​ការ​លួច​ប្រើប្រាស់​ទិន្នន័យ​ពី​សំណាក់​ក្រុមហ៊ុន Cambridge Analytica ។ ពួកគេ​បាន​អះអាងថា គ្មាន​សុវត្ថិភាព​ក្នុងការ​ទាក់ទង​គ្នា​ជា​ឯកជន​តាមរយៈ​បណ្តាញ​សង្គម​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការលួចបើក​ចម្លង​ពេល​ប្រឡង បានក្លាយ​ជា​រឿង​ទូទៅ​នៅក្នុង​វិស័យ​អប់រំ​ឥណ្ឌា ជាពិសេស​ការ​សូកប៉ាន់​គណៈមេប្រយោគ ជាដើម​៕


Tag:
 ឥណ្ឌា​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com