ជាតិ
សេដ្ឋកិច្ច
បរាជ័យ​អាជីវកម្ម​កាហ្វេ​របស់លោក ហេ​ម៉ា ទទួល​ការចាប់​អារ​ម្ម​ណ៍លើ​បណ្ដាញ​សង្គម​
30, Mar 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មិនមែនជា​លើក​ទី​១​នោះទេ ដែល​លោក ហែម ហេ​ម៉ា បរាជ័យ​ក្នុង​របរ​រកស៊ី​។ ថ្មីៗ​នេះ​ហាង​យក្សា​កាហ្វេ​របស់លោក ហេ​ម៉ា ដែល​ដំណើរការ​ទើបបាន​រយៈពេល​៦​ខែ បាន​បរាជ័យ​ទៅវិញ​។ នេះ​ជា​អ្វីដែល​លោក​ចង់​ចែករំលែក​ដល់​អ្នក​ចង់​បើក​អាជីវកម្ម​ដទៃទៀត ឲ្យ​បាន​ស្វែងយល់​ពីបទ​ពិសោធ​រប​ស់លោក​។



​លោក ហែម ហេ​ម៉ា ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​យីហោ​បោក​អ៊ុត​ល្បី​របស់ខ្លួន គឺ​បោក​អ៊ុត​ទំនើប ហើយ​ទន្ទឹមនឹងនេះ​លោក​មាន​យីហោ​មួយទៀត គឺ​យក្សា​បោក​អ៊ុត​។ តែ​ភាព​ល្បី​ក្នុង​សេវាកម្ម​បោក​អ៊ុត​នេះ មិនបាន​ជួយ​ឲ្យ​លោក​ជោគជ័យ​លើ​ជំនួញ​កាហ្វេ​ឡើយ​។ ហើយ​ការបរាជ័យ​របស់លោក​លើក​នេះ ក៏​ទទួល​ការចាប់អារម្មណ៍​ពី​សាធារណជន​មួយចំនួន​លើ​បណ្ដាញ​សង្គម​ផងដែរ​។​

​ការបរាជ័យ​ក្នុង​អាជីវកម្ម​កាហ្វេ​នេះ ត្រូវបាន​លោក ហែម ហេ​ម៉ា អះអាងថា​មកពី កង្វះ​ទុនបម្រុង និង​ការធ្វើ​អាជីវកម្ម​តាម​គ្នា ទាំង​ខ្លួន​គ្មាន​ចំណេះ​លើ​ផ្នែក​នេះ​។ លោក​បន្តថា អាជីវកម្ម​របស់លោក​ចូល​ទីផ្សារ​ក្រោយ​គេ និង​បូករួម​នឹង​ចំណុច​ផ្សេងទៀត ដូចជា​ខ្វះ​បទពិសោធន៍​ក្នុង​វិស័យ​កាហ្វេ និង​ឈ្មោះ​យីហោ​ខ្មែរ​សុទ្ធ​(​យក្សា​កាហ្វេ​)   ខណៈដែល​តម្លៃ​កាហ្វេ​ខ្ពស់​ស្មើ​កាហ្វេ​ល្បីៗ​ដែរ បាន​ញ៉ាំង​ឲ្យ​លោក​បរាជ័យ​ក្នុង​អាជីវ​កម្មនេះ​។​

​កាលពី​បើក​ដំបូង​លោក ហេ​ម៉ា ជឿជាក់​លើ​យីហោ​បោក​អ៊ុត ដែល​នឹង​ជួយ​ទាក់ទាញ​អតិថិជន​ឲ្យ​គាំទ្រ​កាហ្វេ​របស់លោក​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​ខុសពី​ការគិត​របស់លោក​។ លោក ហេ​ម៉ា ឲ្យ​ដឹងថា នេះ​ជា​រឿង​ពី​ផ្សេងគ្នា​ក្នុង​វិស័យ​ដោយឡែក​ពីគ្នា​។ អាជីវកម្ម​ថ្មី​ទទួល​ការគាំទ្រ​ខ្លាំង លុះតែ​អាជីវកម្ម​នោះ​មាន​អ្វីដែល​ពិសេស​ទៅតាម​នោះដែរ​។​

​កាហ្វេ​ទាំងពីរ​ទីតាំង​នេះ​លោក​បាន​បោះទុន ២២​ម៉ឺន​ដុល្លារ ដោយមាន​ការចូល​ហ៊ុន​មួយផ្នែក​តូច​ពី​ដៃគូ​សហការ​។ នេះ​បើតាម​លោក ហេ​ម៉ា ដែល​អះអាងថា ទីតាំង​ខេត្តសៀមរាប​បាន​បិទ​ទៅហើយ រីឯ​ទីតាំងនៅ​ភ្នំពេញ​លោក​បាន​សេង​ទៅ​ឲ្យ​អាជីវករ​ផ្សេងទៀត​។

​លោក ហេ​ម៉ា បញ្ជាក់ថា ការដួលរលំ​អាជីវកម្ម​កាហ្វេ​នេះ មិនបាន​ប៉ះពាល់​មុខ​ជំនួញ​បោក​អ៊ុត​របស់លោក​ឡើយ​។

​ប៉ុន្តែ​ទោះជា​បរាជ័យ​នៅពេលនេះ និង​ធ្លាប់​ឆ្លងកាត់​បទពិសោធ​បែបនេះ​ជាង ១០​ដង​រួចមកហើយ លោក ហែម ហេ​ម៉ា នៅតែ​ត្រៀម​បើក​គម្រោង​អាជីវកម្ម​ថ្មីៗ​ទៀត​នៅពេល​ខាងមុខ​។​

​គួរ​បញ្ជាក់ថា ការបើក​អាជីវកម្ម​ថ្មីថ្មោង (Startup) ដែល​គេ​សង្កេតឃើញ​មាន​ទាំង​បើក និង​បិទ ជាមួយគ្នា​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅលើ​សកលលោក គឺជា​ប្រធានបទ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ នាពេល​សព្វថ្ងៃ​។ បើទោះជា​គ្មាន​រូបមន្ត​ចង្អុលបង្ហាញ​ពី​ភាព​ជៅ​គ​ជ័យ​ចំពោះ​ការធ្វើ Startup នេះ​ក្ដី តែ​តាមរយៈ​បទពិសោធន៍​របស់​អ្នក​ជោគជ័យ និង​បរាជ័យ​មួយចំនួន ដែល​បានលើកឡើង​កន្លងមក គួរ​ជា​ចំណុច​អាច​រៀនសូត្រ​បាន​។ នោះ​គឺ ទុនបម្រុង​, ការធ្វើផែនការ​អាជីវកម្ម​, បទពិសោធន៍ ចំណេះ​ជំនាញ​,  គុណភាព​, សេវាកម្ម​, ការគ្រប់គ្រង​, ការបើក​មុខរបរ​ក្នុងពេល​សមស្រប​នឹង​ឱកាស​ទីផ្សារ ជាដើម​។

​អ្វីដែល​ពិសេស គឺ​គេ​ច្រើន​ចោទ​សួរថា តើ​វត្តមាន​អាជីវកម្ម​របស់​អ្នក ជា​តម្រូវការ ឬ​ដំណោះស្រាយ​របស់​សង្គម​ដែរឬទេ​? ធ្វើតាម​គ្នា ឬ​មាន​អ្វី​ថ្មី​?៕


Tag:
 startup
  ហែម ហេ​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com