អន្តរជាតិ
រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​៖«​សង្គ្រាម​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អ៊ីរ៉ង់​អាច​កើតឡើង​ចន្លោះ​ពី​១០​ទៅ ១៥​ឆ្នាំ​ទៀត​»
30, Mar 2018 , 5:39 pm        
រូបភាព
​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត សង្គ្រាម​រវាង​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល ១០ ទៅ ១៥ ឆ្នាំ​ទៀត បើសិនជា​សហគមន៍​អន្តរជាតិ​មិនមាន​លទ្ធភាព​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នោះ​។ មេដឹកនាំ​ក្រុង​រី​យ៉ា​ដ​នេះ​ព្រមាន​ដូច្នេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Wall Street Journal ក្នុងពេល​ទស្សនកិច្ច​នៅ​អាមេរិក​ដើម​សប្តាហ៍​នេះ​។



​អនាគត​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed Bin Salman បាន​ព្រមាន​ចំៗ​ថា សង្គ្រាម​រវាង​រដ្ឋ​ឥស្លាម​ប្រកាន់​និកាយ​ស៊ូ​នី អា​រ៉ា​ប៊ី​សា​អូឌីត និង​រដ្ឋ​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត អ៊ីរ៉ង់ អាច​នឹង​ផ្ទុះឡើង​នៅ​ចន្លោះ​ពី ១០ ទៅ ១៥ ឆ្នាំ​ខាងមុខនេះ​។ 

 ក្នុង​បទសម្ភាសន៍​ជាមួយ Wall Street Journal ក្សត្រ Mohammed Bin Salman សង្កត់ធ្ងន់ថា សង្គ្រាម​នេះ​កើតឡើង​បើសិនជា​សហគមន៍​អន្តរជាតិ​ព្រងើយកន្តើយ​និង​មិន​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​អ៊ីរ៉ង់​ទេនោះ​។

«​ប្រសិន​យើង​មិន​ទទួលជោគជ័យ​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ទេ យើង​នឹង​អាចមាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ក្នុង​រយៈពេល ១០ ទៅ ១៥​ឆ្នាំ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​រជ្ជ​ទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​រជ្ជទាយាទ​អង្គ​នេះ​ក៏បានផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ក្នុងពេលដែល​ទ្រង់​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ដើម​សប្តាហ៍​កន្លងទៅ ហើយ​ទ្រង់​ក៏បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​ផង​។

​ទាំង​លោក ត្រាំ និង​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត សុទ្ធតែ​ទិតៀន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​ហើយ​លោក ត្រាំ​ផ្ទាល់​ធ្លាប់​គំរាម​លុបចោល​កិច្ចព្រមព្រៀង​នេះដែរ​។ សហគមន៍​អន្តរជាតិ​ជាពិសេស​បណ្តា​ប្រទេស​សមាជិក​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​មាន​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​ប្រាំ និង​អាល្លឺម៉ង់​សុទ្ធតែ​បង្ហាញ​កង្វល់​ចំពោះ​បញ្ហា​នេះ​។ 

​ដោយឡែក នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​នោះដែរ តំណាង​ក្រុង​រី​យ៉ា​ដ​បាន​សង្កត់ធ្ងន់ថា បញ្ហា​មួយទៀត​ដែល​អាច​នឹង​កើតឡើង​នោះ គឺ​វា​នឹងមាន​ការប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត បើសិនជា​អ៊ីរ៉ង់​មានលទ្ធភាព​ផលិត​អាវុធ​ប្រល័យ​លោក​បាន​មែន​នោះ​។​

Bin Salman ក៏បាន​ហៅ​ហៅ​មេដឹកនាំ​សាសនា​កំពូល​អ៊ីរ៉ង់​ថា​ជា ហ៊ី​ត្លែរ​សម័យថ្មី​ថែម​ទៀតផង តែ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បាន​ឆ្លើយតប​វិញ​ថា អនាគត​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ខ្វះខាត​ការគិត​ពិចារណា និង​មានការ​យល់ឃើញ​ខុសពី​ការពិត​ជាក់ស្តែង​ថែម​ទៀតផង​។

​តាមពិតទៅ ក្រុង​តេ​អ៊ីរ៉ង់ និង​ក្រុង​រី​យ៉ា​ដ ប្រឈមមុខ​ដាក់គ្នា​លើ​បញ្ហា​ជាច្រើន​នៅក្នុង​តំបន់​កន្លងមក ក្រៅពី​មាន​មនោគមន៍វិជ្ជា​សាសនា​ផ្សេងគ្នា​នោះ​។ ជម្លោះ​សំខាន់ៗ បច្ចុប្បន្ន​ដែល​មហាអំណាច​តំបន់​ទាំងពីរ​កំពុង​ប្រកួតប្រជែង​គ្នា​នោះ​បង្កើន​ឥទ្ធិពល​រៀងខ្លួន​នោះ​គឺ​ក្នុង សង្គ្រាម​យេ​ម៉ែន ដែល​អ៊ីរ៉ង់​គាំទ្រ​ក្រុម​ឧទ្ទាម Houthis ខណៈដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បន្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ប្រដាប់អាវុធ​នេះ​។ មួយទៀត​គឺ​សង្គ្រាមស៊ីវិល​ស៊ី​រី ដោយ​អ៊ីរ៉ង​ជ្រោមជ្រែង​មេដឹកនាំ​បច្ចុប្បន្ន​លោក បា​សា អាល់​អាសាដ ស្របពេល​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ខ្នងបង្អែក​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​៕


Tag:
 អា​រ៉ា​ប៊ី សា​អូឌីត​
  Mohammed Bin Salman
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com