អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថាក់ស៊ីន ជឿថា អ្នកនយោបាយ​គាំទ្រ​លោក​ក្នុង​បក្ស​ភឿ​ថៃ​នឹង​ឈ្នះ​ការបោះឆ្នោត​ថៃ​ភ្លូកទឹកភ្លូកដី​
31, Mar 2018 , 1:43 pm        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់ បានបង្ហាញ​វត្តមាន​របស់លោក រួម​ជាមួយនឹង​ប្អូនស្រី​បង្កើត​របស់លោក គឺ​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែលជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដូចគ្នា នៅ​កម្មវិធី​មួយ​ក្នុង​ទឹកដី​ជប៉ុន ។ តាមរយៈ​កម្មវិធី​នោះ អតីត​នាយ​រដ្ឋមន្ត្រី​រូបនេះ មិនមាន​សារ​ប្រឆាំងនឹង​របប​សឹក​ឡើយ តែ​លោក បានបង្ហាញ​ជំនឿ​លើ​អ្នកគាំទ្រ​របស់លោក​ពី​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​ខាងមុខ ។


 
​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ ២៩ មីនា កន្លងទៅ បាន​ទទូច​ឲ្យ​នាំយក​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​រាជាណាចក្រ​ថៃ​មកវិញ ហើយ លោក បាន​ព្យាករ​ផងដែរ​ថា គណបក្សនយោបាយ ដែលជា​អ្នកគាំទ្រ​របស់លោក នឹង​ឈ្នះ​ការបោះឆ្នោតជាតិ​ខាងមុខ​បាន​យ៉ាង​ងាយស្រួល​បំផុត ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន ABC របស់​អូស្ត្រាលី លោក​អតីត​នាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​សង្ខេប​ថា លោក មិនមាន​ពាក់ព័ន្ធ​នឹង​បក្សនយោបាយ​ភឿថៃ​ទៀតឡើយ ក៏ប៉ុន្តែ លោក ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ ជឿជាក់ថា យើង​មាន​មនុស្ស​ល្អៗ​ជាច្រើន​នៅក្នុង​បក្ស​ភឿ​ថៃ ។ ពួកគេ អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​បក្ស​ឲ្យ​ឈ្នះ​ការបោះឆ្នោត​ជាថ្មី​ម្តងទៀត » ។ 
 
​គួរ​ជម្រាប​ផងដែរ ទាំង​លោក ថាក់ស៊ីន និង លោកស្រី យី​ង​ឡាក់ ដែលជា​អតីត​មេដឹកនាំ​កំពូល​ថៃ និង​បក្ស​ភឿ ថៃ សុទ្ធសឹងតែ​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​ដោយសារ​រដ្ឋប្រហា​រ​យោធា ។ លោក ថាក់ស៊ីន ធ្លាប់ជា​តួអង្គ​នយោបាយ​ដ៏​ឥទ្ធិពល និង ប្រជាប្រិយភាព​បំផុត​នៅក្នុង​បរិបទ​នយោបាយ​ថៃ​។ លោក ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​តាមរយៈ​រដ្ឋប្រហារ យោធា​ឆ្នាំ​២០០៦ ដោយ​រង​នូវ​ការ​ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និង ប្រើប្រាស់​អំណាច​ខុសច្បាប់​។ ឆ្នាំ ២០០៨ លោក​ត្រូវ​តុលាការ​ថៃ​កាត់ទោស​ពន្ធនាគារ ។​
 
​សម្រាប់​លោកស្រី យី​ង​ឡាក់​វិញ ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​ដោយសារ​រដ្ឋប្រហា​រ​យោធា​ឆ្នាំ​២០១៤ ក្រោម​ការដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ។ មិន​ខុសពី​បងប្រុស​បង្កើត​លោកស្រី​ឡើយ លោកស្រី យី​ង​ឡាក់ ក៏​កំពុងតែ​តែ​រង​ការចោទប្រកាន់​ពី​តុលាការ​ថៃ ពាក់ព័ន្ធ​បទ​ពុករលួយ និង​ធ្វើ​ប្រហែស​ក្នុងការ​ដឹកនាំ​ប្រទេស ដែល​តម្រូវ​ឲ្យ​លោកស្រី ត្រូវ​ផ្តល់​សំណង​រាប់លាន​ដុល្លារ រួមទាំង​ទទួលខុសត្រូវ​ទោស​ព្រហ្មទណ្ឌ​ទៀតផង ។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈ​កំពុងតែ​រស់នៅ​និរទេស​ខ្លួន អតីត​មេដឹកនាំ​ថៃ​ទាំងពីរ​រូបនេះ ហាក់​មាន​ឥរិយាបថ​ស្ងប់ស្ងាត់​ពាក់ព័ន្ធ​នឹង​នយោបាយ ។ ពោលគឺ​អ្នក​ទាំងពីរ មិនមាន​ចលនានយោបាយ​ដើម្បី​ទាមទារ​ឲ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍ តាមរយៈ​ការដាក់​សម្ពាធ​នានា​ទៅលើ​រដ្ឋាភិបាល​របប​សឹក​ឡើយ ។ ក៏ប៉ុន្តែ​អ្នក​ទាំងពីរ ជានិច្ចកាល​តែងតែ​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ក្នុង​តំបន់ ដែល​រួមមាន​ទាំង​ចិន ជប៉ុន និង​សិង្ហ​បុរី​ផងដែរ​នោះ ៕ 
 

Tag:
 ​ថៃ​
  នយោបាយ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com