ជាតិ
កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ការពារ​តំបន់​ទន្លេមេគង្គ​
31, Mar 2018 , 3:03 pm        
រូបភាព
ដោយ:
​​ភ្នំពេញ​៖ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៤ និង​ទី​០៥ ខែមេសា ។ ក្នុង​កិច្ចប្រជុំ​នេះ​ក្រោម​ប្រធានបទ​ស្តីពី «​មេគង្គ​មួយ ស្មារតី​មួយ​»    ដើម្បី​ជា​កិច្ចពង្រឹង​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​ធនធានទឹក និង​ធនធាន​ដទៃទៀត​ក្នុង​ទន្លេមេគង្គ ។

 
ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម ព្រមទាំង​តំណាង​ជាន់ខ្ពស់​មកពី​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា ដែលជា​ដៃគូ​សន្ទនា​របស់ MRC នឹង​ពិភាក្សាគ្នា​លើ​ទិសដៅ​រួមគ្នា ក្នុងការ​ការពារ​និង​ទប់ស្កាត់​បញ្ហា​នានា នៃ​តំបន់​អាង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC)។

លោក Pham Tuan Phan នាយក​ប្រតិបត្តិ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ បាន​លើកឡើងថា ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំង​បួន​នៃ​ទន្លេមេគង្គ​ជួបប្រជុំគ្នា​លើក​ទី​៣​នេះ ដើម្បី​រំ​ឮ​ក​ជាថ្មី​ពី​ការប្ដេជ្ញាចិត្ត​កម្រិត​ខ្ពស់បំផុត​របស់​ពួកគេ ចំពោះ​តួនាទី​ភារកិច្ច​និង​ការបំពេញ​ការងារ​បស់​គណៈកម្មការ​ទន្លេមេគង្គ ក្នុងទិសដៅ​ធ្វើ​ឲ្យ​តំបន់​អាង​ទន្លេមេគង្គ​ក្លាយជា​តំបន់​ដែលមាន​វិបុលភាព​សេដ្ឋកិច្ច យុត្តិធម៌​សង្គម​និង​មាន​បរិស្ថាន​ល្អប្រសើរ​។
 
 
​បើតាម​លោក Pham Tuan Phan បាន​បន្ថែមថា ការពង្រឹង​លើ​គ្រប់​វិស័យ គឺជា​ការធានាបាន​នូវ​និរន្ត​ភាព​ធនធាន​នេសាទ ការកែលម្អ​គ្រប់គ្រង​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត​និង​ការថែរក្សា​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ក្នុង​តំបន់​ទន្លេមេគង្គ​។ 
 
​​នាយក​ប្រតិបត្តិ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ប្រចាំ​ប្រទេស​ឡាវ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារ​កំណើន​សម្ពាធ​មកលើ​តំបន់​អាង​ទន្លេ​នេះ ជាពិសេស​ការកើនឡើង​នូវ​ចំនួន​ប្រជាជន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​អាកាសធាតុ ជាការ​សំខាន់បំផុត​ដែល​យើង​ត្រូវ​ប្រើប្រាស​ព្រឹត្តិការណ៍​នេះ ជា​កាលានុវត្តភាព ដើម្បី​ដាក់ចេញ​នូវ​អាទិភាព​ឲ្យ​បានច្បាស់លាស់​។ យើង​ចាំបាច់​ត្រូវធ្វើ​ការងារ​រួមគ្នា ទាំង​ឆ្លងដែន ទាំង​ឆ្លង​វិស័យ ដើម្បី​ធានាឱ្យមាន​ការចែករំលែក​ធនធានទឹក និង​អត្ថប្រយោជន៍ ដែល​ពាក់ព័ន្ធ​នានា ប្រកបដោយ​សមធម៌​»​។​
 
 
គណៈកម្មការ​ទន្លេមេគង្គ​(MRC) ជា​ស្ថាប័ន​អន្តរជាតិ​រដ្ឋាភិបាល​ដែលមាន​តួនាទី​ជំរុញ និង​ពិភាក្សា កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហការ​ប្រតិបត្តិកា​រ​ថ្នាក់​តំបន់​ទន្លេមេគង្គ​ក្នុង​ខ្សែទឹក​ខាងក្រោម​។ ហើយក៏​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​ទូត​ផ្នែក​ទឹក និង​ជា​អ្នកថែរក្សា​ធនធានទឹក​។ ស្ថាប័ន​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា ថៃ ឡាវ និង​វៀតណាម​៕ 
 
 
 
 

Tag:
 កម្ពុជា​
  ទន្លេមេគង្គ​
  ឡាវ​
  ថៃ​
  វៀតណាម​
  Pham Tuan Phan
© រក្សាសិទ្ធិដោយ thmeythmey.com