អន្តរជាតិ
អ្នកនាំពាក្យ​៖ ក្រុម​សិទ្ធិមនុស្ស​កំពុង​ក្លាយជា « ឈ្នាន់ » របស់​មេ​គ្រឿងញៀន​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ហ្វីលីពីន​
31, Mar 2018 , 8:39 pm        
រូបភាព
ប្រតិបត្តិការបង្ក្រាបឈ្មួញគ្រឿងញៀននៅហ្វីលីពីន។ រូបថត AFP
ប្រតិបត្តិការបង្ក្រាបឈ្មួញគ្រឿងញៀននៅហ្វីលីពីន។ រូបថត AFP
ដោយ:
 ​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​មើលឃើញ​ពី​ស្ថានភាព​មួយ ដែល​ក្រុម​ឈ្មួញ​គ្រឿងញៀន កំពុងតែ​ទទួលផល​ប្រយោជន៍ ដោយ​ប្រយោល​តាមរយៈ​សកម្មជន​សិទ្ធិមនុស្ស ។ នោះ​គឺ ក្រុម​សិទ្ធិមនុស្ស បាន​ធ្លាក់ចូល​ជា​ឈ្នាន់​មួយ​របស់​ឈ្មួយ​គ្រឿងញៀន​ក្នុងការ​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​បោសសម្អាត​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន មើលឃើញ​កាន់តែ​អាក្រក់​ពី​សំណាក់​អ្នក​ខាងក្រៅ ។


​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque កាលពី​ថ្ងៃ​២៦ មីនា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​អះអាងថា ក្រុម​មេ​ឈ្មួយ​គ្រឿងញៀន បាន​រង​ការខាតបង់​ផ្នែក​ហិរញវត្ថុ​របស់​ពួកគេ​ជាច្រើន​លើសលប់ គិត​ចាប់តាំងពី​ការអនុវត្ត​សង្គ្រាម​គ្រឿងញៀន​២០​ខែ​កន្លងមក ហើយ ក៏មាន​ក្រុម​មួយចំនួន បាន​ព្យាយាម​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន ជួប​បញ្ហា​ផងដែរ ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន ABS-CBN អ្នកនាំពាក្យ ថែ្ល​ង​បែបនេះ ហើយ ក៏បាន​ទាញ​ក្រុម​សិទ្ធិមនុស្ស​ជាមួយ ដោយ​លោក​អះអាងថា ក្រុម​នេះ កំពុងតែ​ក្លាយជា​ឈ្នាន់​របស់​ឈ្មួញ​គ្រឿងញៀន​ដោយ​ប្រយោល ក្នុងការ​ប្រយុទ្ធប្រឆាំង​តបត​ទៅនឹង​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ 
 
​ការណ៍ ដែល​អ្នកនាំពាក្យ​លើកឡើង​បែបនេះ ដ្បិត​កន្លងមក ក្រុម​សិទ្ធិមនុស្ស តែងតែ​ចេញ​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​ហ្វីលីពីន​របស់លោក ឌូ​ទើ​តេ ថា បាន​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ហ្វីលីពីន ក៏​តែងតែ​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា សង្គ្រាម​គ្រឿងញៀន​របស់គេ ធ្វើឡើង​ដើម្បី​កែប្រែ​សង្គម​ហ្វីលីពីន​ឲ្យ​កាន់តែ​ស្អាតស្អំ ជាពិសេស​នោះ ធ្វើ​ឲ្យ​អ្នក​បន្តវេន​ជំនាន់​ក្រោយ​ហ្វីលីពីន​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន​ផង ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន មិន​បញ្ជាក់​ឈ្មោះ ក្រុម​អង្គការសិទ្ធិមនុស្ស​ណាមួយ ដែល​កំពុងតែ​ក្លាយជា​ឈ្នាន់​របស់​ក្រុម​ឈ្មួញ​គ្រឿងញៀន​ឡើយ ។ តែ​កន្លងមក មាន​អង្គការសិទ្ធិមនុស្ស​ជាច្រើន រួមទាំង​អង្គការសហប្រជាជាតិ ក៏បាន​ចូលរួម​រិះគន់ និង​ថ្កោលទោស​ចំណាត់ការ​របស់​ហ្វីលីពីន ។ 
 
​បើ់តាម​ការអះអាង​រប​ស់​ប៉ូលិស​ហ្វីលីពីន កន្លងមក ពួកគេ បានសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ប្រមាណ​ជាង បួន​ពាន់​នាក់​មកហើយ ។ រដ្ឋាភិបាល​ហ្វីលីពីន​របស់លោក ឌូ​ទើ​តេ ក៏បាន​អះអាង​ដែរ​ថា លោក នឹង​បន្ត​អនុវត្ត​សង្គ្រាម​គ្រឿងញៀន​នេះ​រហូតដល់​ផុត​អាណត្តិ​ឆ្នាំ​២០២២ ៕ 
 

Tag:
 ហ្វីលីពីន​
  អាស៊ាន​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com