ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​
02, Apr 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ឆ្អឹង​មុខ​មនុស្ស​យើង គឺមាន​ប្រ​យោង​ឆ្អឹង​ច្រើន​ដែល​គេ​ហៅថា Sinuses ប៉ុន្តែ​ក្នុង​ប្រហោង​ឆ្អឹង​ទាំងនោះ​ភាគច្រើន​គឺ​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​រង​ការ​រលាក​ច្រើនជាងគេ​។ ការ​រលាក​នេះ​អាច​បណ្តាលមកពី​ការបង្ក​រោគ អា​ឡែ​ហ្ស៊ី និង​បង្កឡើង​ដោយសារ​ធាតុគីមី​ផ្សេងៗ​។



​ការ​រលាក និង​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​មាន​រោគសញ្ញា​របស់​ជាច្រើន​ណាស់​។ អ្នកជំងឺ​ភាគច្រើន​មាន​រោគសញ្ញា​ច្រើន​ក្នុងពេល​តែមួយ​។ ខ្លះទៀត​មានតែ​រោគសញ្ញា​មួយចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​ភាគច្រើន​គឺ​មិន​ចេញ​ជា​រោគសញ្ញា​ទាំងអស់​របស់​វា​ឡើយ​។ សញ្ញា​ទាំងនោះ​មានដូចជា​៖
1.    ឈឺក្បាល​ដោយសារ​តែមាន​សម្ពាធ​ស្ទះ​ក្នុង​ប្រហោង​ឆ្អឹង​។ ការឈឺចាប់​អាច​នឹង​ខ្លាំង​ទៅៗ​នៅពេល​អោន​
2.    តឹង​នៅមុខ ឬ​ហើម​នៅពេល​ប៉ះពាល់​នឹង​មុខ​
3.    មាន​សម្ពាធ ឬ​ឈឺចាប់​ដោយសារតែ​ការ​សង្កត់​នៅលើ​ជាលិកា​ប្រហោង​ឆ្អឹង ឬ​រលាក​
4.    ក្តៅខ្លួន​ដោយសារតែ​ការ​ប្រហោង​ឆ្អឹង​រង​ការ​រលាក និង​ការបង្ក​រោគ​
5.    មាន​ហូរ​ទឹក​ពណ៌​ល្អក​ចេញ​តាម​ច្រមុះ​ដែល​វា​ច្រើនតែ​ជាការ​បង្ក​រោគ​ដោយ​បាក់តេរី​
6.    មាន​អារម្មណ៍​ថា​មាន​អ្វី​ស្ទះ​ក្នុង​ច្រមុះ​
7.    មាន​ការហូរ​ទឹកសម្បោរ​នៅ​ខាងក្រោយ​បំពង់ក​ចូល​ក្រពះ​
8.    ឈឺបំពង់ករ​
9.    ក្អក​
10.    ឈឺធ្មេញ​
11.    ឈឺ​ត្រចៀក​
12.    ឈឺភ្នែក​
13.    អស់កម្លាំង​
14.    ធំក្លិន​មាត់អាក្រក់​
15.    រមាស់​ឬ​កណ្តាស​
16.    ហូរ​ទឹករំអិល​តាម​ច្រមុះ​ដែល​ថ្លា ឬ​ពណ៌​ស
17.    មាន​ដំបៅ​កើតឡើង តែ​កម្រ​ណាស់​
18.    មាន​រោគសញ្ញា​រ៉ាំរ៉ៃ​ច្រើន​មុខ (​ច្រើនជាង​មួយ​ទៅ​បី​ខែ​)

​អ្វី​ទៅជា​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​?
​ការ​រលាក​នៃ​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​អាច​បង្កឡើង​ដោយ​ការបង្ក​រោគ ប៉ុន្តែ​ក៏​អាចទាក់ទង​នឹង​អា​ឡែ​ហ្ស៊ី និង​ការ​រលាក​ដោយសារ​ធាតុ​ផ្សេងៗ​ដែ​ឬ​។ ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​នេះ​កើតឡើង​នៅពេល វីរុស បាក់តេរី ឬ​មេរោគ​ផ្សិត​លូតលាស់​ក្នុង​ប្រហោង​ឆ្អឹង​នេះ​។

​ការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​គឺជា​ជំងឺ​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​ទូទៅ​។ វា​ក៏​កើត​ឡើងលើ​កន្លែង​ដែលមាន​លម្អងផ្កា​ច្រើន ឬ​ហៅថា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​។ ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​បណ្តាលមកពី​ការ​រលាក​ដូចជា សារធាតុ​គីមី ឬ​ការប្រើប្រាស់​ស្ព្រា​យ​បាញ​ច្រមុះ និង​ការប្រើ​ថ្នាំញៀន​តាម​ច្រមុះ​ជាដើម​។ ជំងឺ​ផ្តាសាយ​ខុសពី​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ដោយសារតែ​វា បង្កឡើង​ដោយ​វីរុស និង​មាន​រយៈពេល ៧ ទៅ​១០​ថ្ងៃ​គឺជា​ហើយ ខណៈពេលដែល​ការ​រលាក​ប្រហោង​ឆ្អឹង​អាច​បង្កឡើង​ដោយ​មូលហេតុ​ខុសៗ​គ្នា និង​ច្រើន​តែមាន​រយៈពេល​យូរ​ជាមួយនឹង​រោគសញ្ញា​ប្រែប្រួល​ជាច្រើន​ទៀត​។

​តើ​ការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​បង្កឡើង​ដោយ​មូលហេតុ​អ្វីខ្លះ​?
​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​អាច​បង្កឡើង​ដោយ​រឿង​ជាច្រើន​ដែល​រំខាន​ដល់​លំហូរ​ខ្យល់​ក្នុង​ប្រហោង​ឆ្អឹង​នេះ និង​លំហូរ​ទឹករំអិល​របស់​វា​។ ប្រហោង​ឆ្អឹង​នេះ​អាច​ស្ទះ​ដោយសារតែ​ការ​ហើម​ដូចជា​៖
•    ជំងឺ​ផ្តាសាយ​
•    ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​
•    ការ​រលាក​ជាលិកា​ដោយសារតែ​ស្ព្រា​យ​បាញ់​ច្រមុះ កូកាអ៊ីន និង​ផ្សែង​បារី​

​ដុំ​សាច់ ឬ​ការលូតលាស់​អ្វីមួយ​ក្នុង​ច្រមុះ​ក៏​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​ប្រហោង​ឆ្អឹង​ដែ​ឬ​បើសិនជា​វា​នៅ​ជិត​ប្រហោង​នោះ​។ ការ​ខ្សោះ​ជាតិ​ទឹក ជំងឺ ការ​លេបថ្នាំ និង​ការ​កង្វះ​សំណើម​ក្នុង​ការរស់នៅ​ក៏​អាចធ្វើ​ឲ្យ​រលាក​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ដែរ​។ ការហូរ​ទឹករំអិល​ចេញពី​ប្រហោង​ឆ្អឹង​នេះ​ក៏​អា​ចរង​ការខូចខាត​ដោយសារតែ​ការឡើង​ក្រាស​នៃ​ភ្នាស់​បញ្ចេញ​ទឹករំអិល ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក ជំងឺ ការ​លេបថ្នាំ និង​កង្វះ​សំណើម​ក្នុង​បរិយាកាស​រស់នៅ​។

​យ៉ាងណាមិញ លំហូរ​ទឹករំអិល​ចេញពី​ច្រមុះ​ក៏​អំណោយផល​ដល់​បាក់តេរី វីរុស និង​ស្ថានភាព​មួយចំនួន (​ជំងឺអេដស៍ ឬ​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​) មេរោគ​ផ្សិត លូតលាស់​ក្នុង​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​បានដែរ​។

​តើ​គ្រូពេទ្យ​ប្រភេទ​ណា​ដែល​អាច​ព្យាបាល​ការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​បាន​?
​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ភាគច្រើន​អាច​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ធម្មតា ឬ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ទូទៅ​។ យ៉ាងណាមិញ វា​គឺជា​រឿង​ធម្មតា​ទេ​ក្នុងការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ភ្នែក​ត្រចៀក​ច្រមុះ​បំពង់ករ អ្នកជំនាញ​ខាង​ជំងឺឆ្លង អ្នកជំនាញ​ខាង​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​។ ជាមួយនឹង​ការបង្ក​រោគ​ក្នុង​ប្រ​យោង​ឆ្អឹង​នៅមុខ​បែប​ស្មុគស្មាញ គ្រូពេទ្យ​វះកាត់​ក៏​អាចជា​រឿង​សំខាន់​ដែល​ត្រូវ​ពិគ្រោះ​ដែរ​។

​តើ​ថ្នាំ​ផ្សះ​សំខាន់​ក្នុងការ​ព្យាបាល​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​ដែរ​ទេ​?
​សម្រាប់​ការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​បង្កឡើង​ដោយ​វីរុស គឺ​មិន​ត្រូវការ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ឡើយ​។ ការព្យាបាល​ជា​ញឹកញាប់​រួមមាន ថ្នាំ​បំបាត់​ការឈឺ និង​បញ្ចុះ​កម្តៅ (​ដូចជា Tylenol) ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ និង​ថ្នាំ​រំលាយ​ស្លេស្ម​។

​នៅពេល​សង្ស័យថា​ជាការ​បង្ក​រោគ​ដោយ​បាក់តេរី​ជាពិសេស​ឈឺចាប់​នៅមុខ ហូរ​សម្បោរ​តាម​ច្រមុះ​មាន​ខ្ទុះ និង​មាន​អាកា​រៈ​យូរ​ជាង​មួយ​សប្តាហ៍ និង​មិន​ឆ្លើយតប​នឹង​ការប្រើ​ថ្នាំ​តាម​ច្រមុះ គឺ​ច្រើនតែ​ត្រូវ​ព្យាបាល​ជាមួយនឹង​ថ្នាំ​ផ្សះ​ហើយ​។​

​ថ្វីបើ​ថ្នាំ Amoxillin (Amoxil) គឺជា​ជម្រើស​ដំបូង​សម្រាប់​ការព្យាបាល​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​មុខស្រួច​ស្រាវ​មិនមាន​ផល​រំខាន​ក៏ដោយ តែ​គ្រូពេទ្យ​ភាគច្រើន​ជ្រើសរើស​ថ្នាំ Amoxicillin-clavulanate (Augmentin) ជា​ជម្រើស​ដំបូង​ហើយ​ដោយសារតែ​វា​មាន​ប្រសិទ្ធ​ផាព​សម្លាប់​បាក់តេរី​បានល្អ​ជាង​។ ជាទូទៅ ប្រសិទ្ធភាព​នៃ​ថ្នាំ​ផ្សះ​ត្រូវតែ​បន្ត​យ៉ាងតិច​បំផុត ១០​ទៅ​១៤​ថ្ងៃ​។ យ៉ាងណាមិញ វា​ច្រើនតែ​ត្រូវការ​ព្យាបាល​ជំងឺ​នេះ​រយៈពេល ១៤ ទៅ​២១​ថ្ងៃ​ឯណោះ​។​

​តើ​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ និង​ស្ព្រា​យ​បាញ់​ច្រមុះ​អ្វីខ្លះ​ដែល​អាច​ព្យាបាល​ការ​រលាក​ប្រហោង​ឆ្អឹង​នៅមុខ​បាន​?
​ការ​លេបថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ និង​ថ្នាំ​រំលាយ​ស្លេស្ម តាម​មាត់​ប្រហែល​ជាមាន​ប្រយោជន៍​ក្នុងការ​បង្ហូរ​ទឹករំអិល​ដែល​កំពុងតែ​ស្ទះ​។ ការព្យាបាល​លើ​ករណី​រ៉ាំរ៉ៃ​គឺ​ទាមទារ​ការ​លេបថ្នាំ​រយៈ​ពេល​យូរ​ដូចជា Augmentin ហើយក៏​ប្រហែលជា​ត្រូវការ​វះ​បង្ហូរ​ខ្ទុះ​ចេញ​ពិ​ប្រហោង​ឆ្អឹង​នេះដែរ​។ ការវះកាត់​បង្ហូរ​ខ្ទុះ​នេះ​គឺធ្វើឡើង​ដោយ​ប្រើ​ថ្នាំ​សន្លប់​។ ជាទូទៅ ថ្នាំ​ប្រឆាំង​អា​ឡែ​ហ្ស៊ី​គួរតែ​ចៀសវាង​បើសិនជា​វា​មិន​បង្កឡើង​ដោយ​ការ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ទេ​។

​ការប្រើ​ស្ព្រា​យ​បាញ់​ច្រមុះ​ជា​ប្រភេទ Steroid នឹង​ជួយ​បន្ថយ​ការ​រលា​កលើ​អ្នក​ដែលមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បាន​។ ការ​លេបថ្នាំ​ប្រភេទ​នេះ​តាម​មាត់ ប្រហែលជា​អាច​បន្ថយ​ការ​រលាក​ស្រួចស្រាវ និង​ជួយ​ដល់​ករណី​រលាក​រ៉ាំរ៉ៃ​ដោយមាន ឬ​គ្មាន​ដុំ​សាច់​ក្នុង​ច្រមុះ ឬ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​ផ្សិត​។

​តើ​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​អាច​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​ដែរ​ទេ​?
​ការបង្ក​រោគ​នៅក្នុង​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​បង្កឡើង​ដោយ​វីរុស​អាច​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​ជាមួយនឹង​ថ្នាំ​បញ្ចុះ​កម្តៅ និង​បំបាត់​ឈឺ ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ និង​ថ្នាំ​រលាយ​ស្លេស្ម​។ លើសពីណេះទៅទៀត ការលាង​ច្រមុះ​ជាមួយ​សេរ៉ូម​ប្រៃ​អាចជួយ​បំបាត់​រោគសញ្ញា​មួយចំនួន ទោះបីជា​ករណី​រ៉ាំរ៉ៃ​ហើយក៏​ដោយ​។

​សម្រាប់​ការបង្ក​រោគ​ដោយ​បាក់តេរី និង​មេរោគ​ផ្សិត​វិញ​ច្រើនតែ​ត្រូវការ​ការព្យាបាល​ដោយ​បាក់តេរី ឬ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​ផ្សិត ដូច្នេះ​ការព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​បើ​គ្មាន​ថ្នាំ​នេះ​ទេ​គឺ​មិន​ជោគជ័យ​ឡើយ​។​

​តើ​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​មាន​ផលវិបាក​អ្វី​ខ្លះទៅ​?
​ខណៈពេលដែល​ផលវិបាក​ធ្ងន់ធ្ងរ​មិនកើត​ឡើងជា​ញឹកញាប់ វា​អាច​ដែរ​ត្រង់​ថា ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ជាដើម​ហេតុ​នាំ​ឲ្យ​រាលដាល​ការបង្ក​រោគ​ទៅ​ខួរក្បាល ដែលជា​ករណី​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​អាយុជីវិត​បាន ជាពិសេស​ការ​រលាក​ខ្សោយ​ខួរក្បាល ឬ​អាប់​សែ​ខួរក្បាល​តែម្តង​។ លើសពីនេះទៅទៀត ការប្រែប្រួល​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​អាច​ក្លាយទៅជា​ការបង្ក​រោគ និង​បង្កបញ្ហា​បាន​ដូចជា ការ​រលាក​ខួរឆ្អឹង​ក្នុង​លលាដ៍ក្បាល និង​ការបង្ក​រោគ​នៅ​ជុំវិញ​ភ្នែក​។ អ្វីដែល​កម្រ​នោះ​គឺថា ការបង្ក​រោគ​ទាំងនេះ​អាចធ្វើ​ឲ្យ​ស្លាប់​បាន​។ អ្នក​ដែល​ងាយ​នឹងមាន​ផលវិបាក​ខ្លាំងជាងគេ​បំផុត​នោះ​គឺជា​អ្នកជំងឺ​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​មានការ​របួស​បាក់បែក​ច្រើន​។​

​តើ​ការបង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​អាច​បង្ការ​បានទេ​?
​ថ្មីៗ​នេះ វា​មិនទាន់មាន​វ៉ាក់សាំង​ណាមួយ​ដែល​បង្កើតឡើង​ជាពិសេស​ក្នុងការ​ប្រឆាំងនឹង​ការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​ដែល​បង្កឡើង​ដោយ​មេរោគ​ឡើយ​។ យ៉ាងណាមិញ គេ​មានតែ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ និង​បាក់តេរី Pneumococcus ដែល​ធ្វើ​ឲ្យ​មានការ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​។ វ៉ាក់សាំង​ការពារ​មេរោគ​ដែល​គេ​ដឹងថា​ជា​មូលហេតុ​នៃ​ការ​រលា​កនៅ​ប្រហោង​ឆ្អឹង​នៅមុខ​ប្រហែលជា​អាច​បន្ថយ ឬ​បង្ការ​ឱកាស​កើត​ជំងឺ​នេះ​ដោយ​ប្រយោល ប៉ុន្តែ​វា​មិនមាន​ការសិក្សា​ពិសេស​ណាមួយ​ដើម្បី​គាំទ្រ​ដល់​រឿងនេះ​ឡើយ​។

​បើសិនជា​មនុស្ស​ម្នាក់​ងាយ​នឹង​កើតការ​រលាក​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​ម្តង​ហើយ​ម្តងទៀត យក​ល្អ​គួរតែ​ពិចារណា​ធ្វើតេស្ត​អា​ឡែ​ហ្ស៊ី​ដើម្បី​រកមើល​មូលហេតុ​របស់​វា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com