ជាតិ
កូរ៉េខាងត្បូង ប្រាប់ថា មិន​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​
03, Apr 2018 , 3:34 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និងលោក គីម យ៉ុងជេ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២0១៨
ជំនួបរវាងលោក ប្រាក់ សុខុន និងលោក គីម យ៉ុងជេ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងជំនួប​ទ្វេភាគី លោក គឹម យ៉ុង​ជេ (Kim Young-Chae) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន បាន​និយាយ​នៅ​ចំពោះមុខ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ថា កូរ៉េ មិន​ធ្វើ​កិច្ចការ​ណា ដែល​ប៉ះពាល់​ដល់​ផ្ទៃក្នុង​របស់​កម្ពុជា​នោះទេ​។ ជំនួប​រវាង​អ្នក​ទាំងពីរ ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២0១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​។



​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​ខាងលើ បាន​ស្រង់​សម្តី​របស់​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន ដោយ​បក​ប្រែជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ជំហរ​របស់​កូរ៉េ គឺ​គោរព​អធិបតេយ្យភាព និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​»​។​

​លោក គឹម យ៉ុង​ជេ បន្តថា កូរ៉េខាងត្បូង យល់​ពី​តម្លៃ​នៃ​សន្តិភាព និង​ស្ថិរភាព​របស់​កម្ពុជា ដែលជា​លក្ខខណ្ឌ​ចម្បង និង​មិនអាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ លោក ក៏​ឆ្លៀត​សរសើរ​ពី​ភាពឈ្លាសវៃ​ក្នុងការ​ដឹកនាំ​ប្រទេស​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ផងដែរ​។ លើសពីនេះ លោក បានចាត់ទុក​កម្ពុជា ថា​ជា​ប្រទេសមួយ ដែល​សកម្ម ក្នុងការ​សម្របសម្រួល និង​ការលើកស្ទួយ​នូវ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹងថា លោក ប្រាក់ សុខុន ក្នុងនាម​ជា​ប្រមុខ​ទូត​កម្ពុជា បាន​សម្តែង​ក្តីរីករាយ និង​អរគុណ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បង្ហាញ​នូវ​ការយល់ដឹង​ចំពោះ​សភាពការណ៍​នៅ​កម្ពុជា ហើយ​បាន​ប្រកាន់​ជំហរ​គោរព​អធិបតេយ្យភាព និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ការប្រកាស​ជំហរ​បែបនេះ​របស់​កូរ៉េ​ខាង​ត្បួ​ង គឺ​ស្រប​ពេលដែល​សហគមន៍​អន្តរជាតិ​មួយចំនួន កំពុង​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្លាក់ចុះ​។ សហគមន៍​អន្តរជាតិ​ទាំងនោះ ដោយមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជា​អ្នកចេញ​មុខមាត់​ខ្លាំងជាងគេ បាន​ដាស់តឿន​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​កែលម្អ​ស្ថានការណ៍​ឲ្យ​ល្អប្រសើរ មុន​ការបោះឆ្នោត​ថ្នាក់ជាតិ មកដល់​។

​សហគមន៍​អន្តរជាតិ យល់ថា រដ្ឋាភិបាល​កម្ពុជា គួរ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រ​ហ័យ ដោយ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​។ បើ​ពុំ​ដូច្នេះ​ទេ ពួកគេ នឹង​ចាត់ទុក​ការបោះឆ្នោត​ថា ធ្វើឡើង​ដោយ​មិនមាន​ភាពស្របច្បាប់ និង​មិន​ទទួលស្គាល់​ឡើយ​។​

​រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​ធ្វើតាម​ការទាមទារ​ខាងលើ​នោះទេ ប៉ុន្តែ​ថែមទាំង​ចោទ​សហគមន៍​អន្តរជាតិ​វិញ​ថា បាន​ជ្រៀត​ជ្រែកចូល​អធិបតេយ្យរ​បស់​កម្ពុជា ដែល​ខុស​នឹង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ ក៏ដូចជា​ច្បាប់​អន្តរជាតិ​នានា​។ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​ដដែលៗ​ថា ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨ នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ឡើយ​៕


Tag:
 ​កូរ៉េ​
  កម្ពុជា​
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com