ជាតិ
អតីត​អភិបាល​ខេត្តតាកែវ និង​ស្នងការរង ត្រូវ​ជាប់ឃុំ​បណ្តោះអាសន្ន ក្រោម​បទ​ឃាតកម្ម​
04, Apr 2018 , 10:04 am        
រូបភាព
សកម្មភាពសមត្ថកិច្ច នាំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ទៅកាន់តុលាការ
សកម្មភាពសមត្ថកិច្ច នាំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ទៅកាន់តុលាការ
ដោយ: ថ្មីៗ
​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ឃុំ​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ (​ប្អូន​) និង​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​ខេត្តតាកែវ (​បង​) រួមទាំង​មនុស្ស​ពាក់ព័ន្ធ​ពីរ​នាក់​ផ្សេងទៀត ជា​បណ្តោះអាសន្ន​។ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានផ្តល់​ព័ត៌មាន​នេះ ដល់​ក្រុមអ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២0១៨​។



​លោក ឡាយ វណ្ណៈ និង លោក ឡាយ ណា​រិ​ទ្ធ ដែលជា​បងប្អូន​បង្កើត ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​» លើ​លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។ រីឯ មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ចោទថា លាក់បាំង​តម្រុយ ដើម្បី​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ក្នុងការ​ស្វែងរក​ការពិត​ក្នុង​សំណុំ​រឿងនេះ​។

​បន្ទាប់ពី​ចោទប្រកាន់​រួចហើយ ព្រះរាជអាជ្ញា ក៏​បញ្ជូន​អ្នក​ទាំង​៤ ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។ ព្រះរាជអាជ្ញា សន្និដ្ឋានថា មរណភាព​របស់លោក​ស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែលមាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក ឡាយ វណ្ណៈ មិនមែនជា​ការធ្វើអត្តឃាត​នោះទេ ប៉ុន្តែ​ទំនងជា​អំពើ​ឃាតកម្ម​។​

​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​ឃាតកម្ម ត្រូវ​ផ្តន្ទាទោស​ពី​១0​ឆ្នាំ ទៅ ១៥​ឆ្នាំ​។ ចំណែក មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​លាក់បាំង​តម្រុយ​ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ក្នុងការ​ស្វែងរក​ការពិត ត្រូវ​ផ្តន្ទាទោស​ពី​១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ ៦​លាន​រៀល​។​

​គួររម្លឹកថា លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ ដោយ​ស្ថានភាព​ចងក ក្នុងផ្ទះ ស្ថិតនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​អំឡុង​ខែមករា ឆ្នាំ​២0១៨​។ ដោយសារតែ​មិន​ជឿថា លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា សម្លាប់ខ្លួន​ដោយ​ចងក សមត្ថកិច្ច ក៏​ចាប់ផ្តើម​ស៊ើបអង្កេត​។ ទីបំផុត អតីត​អភិបាល​ខេត្តតាកែវ និង​ស្នងការរង​ខេត្តតាកែវ ត្រូវបាន​រកឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​៕


Tag:
 ឡាយ វណ្ណៈ​
  ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com