ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជីវជាតិ​ដែល​ជួយ​ឲ្យ​ថ្លើម​អ្នក​កាន់​តែមាន​សុខភាព​ល្អ​
05, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម​គឺជា​សរីរាង្គ​ក្នុង​ពោះ​ដែល​ធំជាងគេ​បំផុត ហើយក៏​ដើរតួនាទី​ដ៏​សំខាន់​មួយ​ផងដែរ​។ វា​ជួយ​កែប្រែ​អាហារ​ទៅជា​ជីវជាតិ​។ វា​ក៏​ជួយ​ច្រោះ​ជាតិពុល និង​បំ​លែង​ជាតិពុល​នោះ​ចេញពី​រាងកាយ​បាន​ថែមទៀត​។ អ្នក​អាចជួយ​ឲ្យ​ថ្លើម​ធ្វើការ​កាន់តែ​ងាយស្រួល តាមរយៈ​ជួយ​ឲ្យ​វា​មាន​សុខភាព​កាន់តែ​ល្អ ជាមួយនឹង​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​។ តើ​គួរ​ជ្រើសរើស​អាហារ​អ្វី​ខ្លះទៅ​ដើម្បី​ថ្លើម​មាន​សុខភាព​ល្អ​?



​បន្លែ​ពណ៌​បៃតង​
​រ៉ាឌីកាល​សេរី​គឺជា​មូ​លេ​គុល​ជាច្រើន​ដែល​អាច​បំផ្លាញ​កោសិកា​របស់​អ្នក និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ដូចជា ជំងឺថ្លើម​ជាដើម​។ សារធាតុ​ហៅថា អង់​ទី​អុកស៊ីដ​ង់​អាចជួយ​អ្នក​យកឈ្នះ​រ៉ាឌីកាល​សេរី​បាន​។ បន្លែ​ពណ៌​បៃតង​ដូចជា ស្ពៃ​ស្ពី​ណា​ច ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ច្រើនណាស់​។ វា​ក៏មាន​ជាតិ​សរសៃ និង​សារធាតុ​ផ្សេងៗ​ទៀតផង​ដែរ​ដែល​ថ្លើម​អ្នកត្រូវការ​។​

​ស្រូវ​អូដ​
​អាហារ​មួយ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​អាចជួយ​ការពារ​ថ្លើម​ពី​ការ​រលា​កបាន​ថែមទៀត​។ វា​ក៏​អាចជួយ​ថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម និង​អេ​ឡិច​ត្រូ​លីត្រ​បានល្អ​ផងដែរ​។ អង្ករសម្រូប​ក៏​សម្បូរ​ជាតិ​សរសៃ​ច្រើន​ដែរ​។

​ផ្លែ​ប៉ោម​
​ការសិក្សា​បានបង្ហាញ​ថា ផ្លែឈើ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់​ដូចជា ផ្លែ​ប៉ោម​ប្រហែលជា​ជួយ​ដល់​អ្នក​ដែលមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជាពិសេស​អ្នក​ដែល​ធាត់​ជ្រុល​តែម្តង​។ ចូរ​ប្រាកដថា អ្នក​ញ៉ាំ​វា​ទាំង​សម្បក​ព្រោះ​វា​ជា​កន្លែង​ដែលមាន​ជាតិ​សរសៃ​ច្រើនជាងគេ​។ ផ្លែឈើ​ផ្សេងៗ​ទៀត​ដែល​សម្បូរ​ជាតិ​សរសៃ​ដែរ​មានដូចជា​៖
•    ផ្លែ​ចេក​
•    ក្រូច​
•    ស្ត្រ​បឺ​រី​

​សាច់​ទ្រូង​មាន់​គ្មាន​ស្បែក​
​រាងកាយ​មនុស្ស​យើង​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើតជា​សរីរាង្គ​រួមទាំង​ថ្លើម​ផងដែរ ហើយក៏​ជួយ​ឲ្យ​វា​មាន​សុខ​ភាពល្អ​ទៀត​។ ប៉ុន្តែ​ថ្លើម​របស់​អ្នក​មិន​ត្រូវការ​ខ្លាញ់​ច្រើន​ឡើយ​។ សាច់​បក្សី​សុទ្ធ​គ្មាន​ខ្លាញ់​អាចជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុងការ​ទទួលបាន​ប្រូតេអ៊ីន​ដែល​អ្នកត្រូវការ​។ ដូច្នេះ​ចូរ​អាំង​វា​ញ៉ាំ​ចៀស​ជាង​ចៀន​។

​ត្រី​សាល​ម៉ុ​ន​
​ត្រី​សាល​ម៉ុ​ន​ផ្ទុក​ទោ​ដោយ​ប្រូតេអ៊ីន​ច្រើន ប៉ុន្តែ​មិន​ទាំងអស់​ឡើយ​។ ត្រី​ដ៏​ពេញនិយម​មួយ​នេះ​ក៏មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បិ ដែល​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល បំបាត់​ការ​រលាក និង​ជួយ​ឲ្យ​មាន​ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ​ទៀត​។ រឿង​អស់​ទាំងនេះ​អាចជួយ​ដល់​ថ្លើម​អ្នក​បាន​។ ចូរ​ធ្វើយ៉ាងណា​ញ៉ាំ​ត្រី​សាល​ម៉ុ​ន​ពីរ​ទៅ​បួន​ពេល​ក្នុង​មួយ​សប្តាហ៍​។

​សណ្តែក​
​អ្នក​មិនបាច់​ញ៉ាំ​សាច់​ច្រើន​ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​នោះទេ​។ អ្នក​អាច​ទទួលបាន​ប្រូតេអ៊ីន ហើយ​ជាតិ​សរសៃ​ច្រើន​ទៀត​តាមរយៈ​ការ​ញ៉ាំ​សណ្តែក​។ ហើយ​វា​ក៏​មិនមាន​ខ្លាញ់​អាក្រក់​ដូច​ក្នុង​សាច់សត្វ​ដែរ​។

​ប្រេង​ផ្តល់​សុខភាព​
​ជម្រើស​ក្នុងការ​ជ្រើសរើស​ប្រេង​ដែល​ផ្តល់​សុខភាព​គួរតែ​ជា​ប្រេង​អូ​លីវ និង​ប្រេង​ល្ហុង​ក្នុងការ​ចម្អិន​អាហារ​ញ៉ាំ​នៅតាម​ផ្ទះ​។

​កាហ្វេ​
​ទម្លាប់​ពេលព្រឹក​របស់​អ្នក​ប្រហែលជា​ត្រូវមាន​កាហ្វេ​មួយ​ពែង​ចូល​ពោះ​ដែរ ប៉ុន្តែ​វា​ប្រហែលជា​អាចជួយ​ថែរក្សា​ថ្លើម​ឲ្យ​មាន​សុខ​ភាពល្អ​បានដែរ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​មិនបាន​ប្រាកដ​អំពី​មូលហេតុ​របស់​វា​ឡើយ ប៉ុន្តែ​ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​កាហ្វេ​ពីរ​បី​ពែង​ក្នុង​មួយថ្ងៃ​ប្រហែលជា​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ថ្លើម​បាន​។

​តែ​បៃតង​
​វា​គឺជា​ភេសជ្ជៈ​ដ៏​ពេញនិយម​មួយ ហើយក៏​មាន​អង់​ទី​អុកស៊ីដ​ង់ និង​សារ​ធាតុគីមី​ជាច្រើន​ទៀត​ដែល​អាចជួយ​ការពារ​ថ្លើម​ពី​ការខូចខាត​របស់​កោសិកា និង​ការ​រលាក​បានដែរ​។ ការ​ញ៉ាំ​តែ​បៃតង​ទៀងទាត់​ប្រហែលជា​ជួយ​បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម រលាក​ថ្លើម ក្រិន​ថ្លើម និង​ជំងឺថ្លើម​រ៉ាំ​រ៉ៃបាន​។

​ទឹក​

​ថ្លើម​គឺមាន​ជាតិ​ទឹក​រហូតដល់ ៧៣​ភាគរយ ដូច្នេះ​យក​ល្អ​គួរតែ​ប្រាកដថា អ្នកទទួលបាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ខ្លួន​ដើម្បី​ជម្រុញ​ដល់​សរីរាង្គ​ក្នុង​ខ្លួន​ធ្វើការ​កាន់តែ​ល្អ​។ ការខ្វះ​ជាតិ​ទឹក​អាចធ្វើ​ឲ្យ​តម្រងនោម​ខូច​បានដែរ​។

​អ្វីដែល​មិនគួរ​ញ៉ាំ​
​ជាមួយនឹង​ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ យក​ល្អ​គួរតែ​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែល​មិន​ត្រឹមត្រូវ​។ អ្វីដែល​គម្រាម​គំហែង​ខ្លាំង​បំផុត​ចំពោះ​ថ្លើម​នោះ​មានដូចជា​៖
•    អាហារ​ឆា ឬ​ចៀន​
•    អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់​
•    អាហារ​កៃ​ឆ្នៃ​
•    គ្រឿង​ស្រវឹង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com