ជាតិ
នាយករដ្ឋមន្ត្រី​ឡាវ វៀតណាម និង​ថៃ នឹង​មក​ប្រជុំ​នៅ​កម្ពុជា ជុំវិញ​បញ្ហា​ទន្លេមេគង្គ​
04, Apr 2018 , 8:19 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ)  សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម និងលោក ថងលូន ស៊ីសូលីត នាយរដ្ឋមន្រ្តីឡាវ ស្ថិតក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី៣0 ខែមីនា ឆ្នាំ២0១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
(ពីឆ្វេងទៅស្តាំ) សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម និងលោក ថងលូន ស៊ីសូលីត នាយរដ្ឋមន្រ្តីឡាវ ស្ថិតក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី៣0 ខែមីនា ឆ្នាំ២0១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​លោក ថង​លូន ស៊ី​សូលី​ត នាយ​រដ្ឋមន្ត្រី​ឡាវ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ មកកាន់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​នឹង​រៀបចំឡើង​នៅ​ក្រុង​សៀមរាប នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា​។​



​សេចក្តី​ជូន​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​មេដឹកនាំ​នៃ​ប្រទេស​បី តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា ក៏​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​។ ប្រធានបទ​នៃ​កិច្ចប្រជុំ​នេះ គឺ «​កា​រលើ​កម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​-​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ​»​។ 

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។ សេចក្តី​ជូន​ព័ត៌មាន បានបញ្ជាក់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ «​សេចក្តីថ្លែងការណ៍​ក្រុង​សៀមរាប​» នឹងត្រូវ​អនុម័ត​និង​ប្រកាសឡើង ដោយ​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​របស់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ក្នុងការ​បន្តធ្វើ​ឲ្យ​ប្រសើរ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​។

​ក្រៅពី​កិច្ចប្រជុំ​ស្តីពី​ទន្លេមេគង្គ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ថង​លូន ស៊ី​សូលី​ត លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ​អូ​ចា និង​លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុ​ក ផងដែរ​។ នេះ​បើតាម​សេចក្តី​សេចក្តី​ជូន​ព័ត៌មាន​ដដែល​៕


Tag:
 កម្ពុជា​
  ឡាវ​
  វៀតណាម​
  ថៃ​
  មេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com