ជាតិ
សង្គមជាតិ
ចូលឆ្នាំខ្មែរ៖ សាលារាជធានី ឲ្យប្រយ័ត្នអគ្គិភ័យ និងហាមលេងជះទឹក ប៉ាតម្សៅ
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី៤ខែមេសា បានអំពាវនាវឲ្យសាធារណជន ចូលរួមរក្សាសណ្ដាប់ធ្នាប់ក្នុងរាជធានី និងប្រពៃណីជាតិ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា។
ក្នុងសេចក្ដីជូនដំណឹងខាងលើនេះ រដ្ឋបាលរាជធានី បានអំពាវនាវឲ្យសាធារណជន ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង។ ក្រៅពីនេះ ពលរដ្ឋត្រូវចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយការប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី។
សាលាក្រុងបានស្នើឲ្យសាធារណជន ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នា។ អាជ្ញាធរបានហាមលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្ដីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ ក្នុងក្រុងភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com