កីឡាជាតិ
ជាតិ
លោក ហង់ ជួនណា​រ៉ុ​ន​៖ បើ​មន្ត្រី​កីឡា​មិន​លើកកម្ពស់​កីឡា យើង​មិនអាច​ទាក់ទាញ​យុវជន​បានទេ​
06, Apr 2018 , 7:39 pm        
រូបភាព
លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងពិធីបិទពានរង្វាន់របស់ខ្លួនកាលពីថ្ងៃទី៥ មេសា នៅពហុកីឡដ្ឋានជាតិ, រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងពិធីបិទពានរង្វាន់របស់ខ្លួនកាលពីថ្ងៃទី៥ មេសា នៅពហុកីឡដ្ឋានជាតិ, រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ដោយ:
​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ជំរុញ​ឲ្យ​មន្ត្រី ដែល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​កីឡា ត្រូវអនុវត្ត និង​លើកកម្ពស់​កីឡា​ជា​អាទិភាព បើ​ចង់​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ជាមួយ​វិស័យ​កីឡា​។ ហើយ​លោក​ជឿជាក់ថា បើ​មន្ត្រី​កីឡា​ខ្លួនឯង​ផ្ទាល់​មិនអាច​អនុវត្តបាន​នោះទេ គឺ​មិនអាច​ទាក់ទាញ​ចិត្ត​យុវជន​ឲ្យ​ស្រលាញ់​វិស័យ​កីឡា​បានឡើយ​។ ការ​ថ្លែង​បែបនេះ​ពេល លោក ហង់ ជួនណា​រ៉ុ​ន ចូលរួម​បិទ​ពានរង្វាន់​បាល់ទាត់​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន លើក​ទី​១ កាលពី​ថ្ងៃទី​៥ មេសា ឆ្នាំ​២០១៨​។​



​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន មានការ​ជឿជាក់ថា ការធ្វើជា​គំរូ​ដ៏​ល្អ​របស់​ថ្នាក់ដឹកនាំ​កីឡា​ក្នុង​ក្របខណ្ឌ​កីឡា​តាមរយៈ​ការចូលរួម​លេង​កីឡា ជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ជាមួយ​វិស័យ​មួយ​នេះ​។ បើ​ពុំមាន​ភាពជា​គំរូ​ទេនោះ គឺ​មិនអាច​ទាក់ទាញ​ទឹកចិត្ត​យុវជន​បានឡើយ​។ 

«​បើ​យើង​ជា​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា មិន​អនុវត្ត​លើកកម្ពស់​វិស័យ​កីឡា​ដោយ​ខ្លួនឯង​នោះទេ គឺ​យើង​មិន​ទាក់ទាញ​បេះដូង​យុវជន​របស់​យើង​ឲ្យ​ស្រលាញ់​វិស័យ​កីឡា​បានទេ​។ ដូច្នេះ នេះ​គឺ​...​ជា​គំរូ​មួយ​ដ៏​ល្អ ហើយ​វា​ក៏​ជាការ​បង្ហាញ​ភាពជា​អ្នកដឹកនាំ តាមរយៈ​ការ​ផ្តល់នូវ​គំរូ​ដ៏​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ជួនណា​រ៉ុ​ន ក្នុង​ថ្ងៃ​បិទ​ពាន់រង្វាន់​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន លើក​ទី​១​កាលពី​ល្ងាច​ថ្ងៃទី​៥ មេសា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​២​ខែ​ចាប់ពី​ថ្ងៃទី​៥ កុម្ភៈ ដល់​ថ្ងៃទី​៥ ខែមេសា ពានរង្វាន់​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ដែល​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ថា បានបញ្ចប់​យ៉ាង​ជោគជ័យ បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ​។ ក្នុងនោះ​ជើងឯក​បាន​ទៅ​ក្រុមបាល់ទាត់​អគ្គនាយកដ្ឋាន​កីឡា ដោយ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៤​លាន​រៀល រីឯ​អគ្គនាយដ្ឋាន​អប់រំ​បាន​៣​លាន​រៀល​ក្រោយ​ទទួលបាន​លេខ​២ និង​ក្រុម​លេខ​៣​អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា បាន​២​លាន​រៀល​។​

​តាមរយៈ​ពានរង្វាន់​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ចម្រាញ់​បាន​កីឡាករ​ជើង​ខ្លាំង​២៥​រូប សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរក្រសួង​ប្រចាំឆ្នាំ​២០១៨ តំណាង​ឲ្យ​ស្ថាប័ន​ខ្លួន​ផងដែរ​។ ដើម្បី​ត្រៀម​ពានរង្វាន់​អន្តរក្រសួង ក្រុមបាល់ទាត់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវ​ជួប​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​ប៉ៃលិន ស្ទឹងត្រែង និង​ឧ​ត្ត​រ​មានជ័យ​។ ការប្រកួត​ព្រឹ​ត្ត​ទៅ​ចាប់ពី​ថ្ងៃទី​៧-៨ ខែមេសា ឆ្នាំ​២០១៨៕   


Tag:
 ហង់ ជួនណា​រ៉ុ​ន​
  អ៊ុក សិទ្ធិ​ជាតិ​
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com