កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ណាហ្គា​វើ​ល រីឯ​បឹងកេត​ជួប​សូល​ទី​ឡូ​អង្គរ មុន​វិសាខា​ប៉ះ​អាស៊ី​អឺរ៉ុប​
07, Apr 2018 , 11:39 am        
រូបភាព
សកម្ម​ភាព​ប្រកួត ដែល​ភ្នំពេញ​ក្រោន​បញ្ចប់​ដោយ​គ្មាន​ការស៊ុត​បញ្ចូល​ទីជា​មួយ​វិសាខា​កាលពី​សប្តាហ៍​ទី៣
សកម្ម​ភាព​ប្រកួត ដែល​ភ្នំពេញ​ក្រោន​បញ្ចប់​ដោយ​គ្មាន​ការស៊ុត​បញ្ចូល​ទីជា​មួយ​វិសាខា​កាលពី​សប្តាហ៍​ទី៣
ដោយ:
​ក្រោយ​សម្រាក​អស់​រយៈពេល​ពីរ​សប្តាហ៍​កន្លងមក ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា បាន​វិលត្រឡប់​មកវិញ​ហើយដោយ​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែមេសា ឆ្នាំ​២០១៨​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​នា​ម៉ោង​៦​ល្ងាច រីឯ​បឹងកេត តទល់​ជាមួយ​សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច មុន​វិសាខា​ប្រជែង​ជាមួយ​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។

 
​ក្រោយ​សម្រាក​ពីរ​សប្តាហ៍ បន្ទាប់ពី​កីឡាករ​មួយចំនួន​ជាប់​ភារកិច្ច​ជួយ​ក្រុមកីឡា​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ត្រូវ​បន្ត​ការប្រកួត​សប្តាហ៍​ទី​៤​របស់ខ្លួន​ក្នុង​សប្តាហ៍​នេះ​។ នៅ​ថ្ងៃ​សៅរ៍ ទី​៧​មេសា ឆ្នាំ​២០១៨​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​ធ្វើការ​ធ្ងន់ ដោយ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល នា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន RSN​។ 
 
​នា​ការប្រកួត​សប្តាហ៍​ទី​៣​កន្លងទៅ ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៣-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ដោយមាន​៧​ពិន្ទុ​។ ចំណែក​ភ្នំពេញ​ក្រោ​ន បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រុម​ចំណូល​ថ្មី​វិសាខា នៅលើ​ទឹកដី​វេ​ស្ទើ​ន ដែលជា​ទឹកដី​បណ្តោះអាសន្ន​របស់​វិសាខា​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​កំពុង​ឈរ​លេខ​រៀង​ទី​៤ ដោយមាន​៧​ពិន្ទុ​ស្មើ​ណាហ្គា​វើ​ល តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​។ 
 
​ក្រៅពី​គូ​ជក់ចិត្ត​ខាងលើ ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត ប្រជែង​ជាមួយ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ នា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នា​ការប្រកួត​សប្តាហ៍​មុន​ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន ក្នុងនោះ​បឹងកេត​លត់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ៥-១ ខណៈ​សូល​ទី​ឡូ​អង្គ​រលត់​វេ​ស្ទើ​ន​ភ្នំពេញ ៤-១​។ បច្ចុប្បន្ន​បឹងកេត​កំពុង​ឈរ​កំពូល​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៣ ដោយមាន​៩​ពិន្ទុ រីឯ​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​៨​ដោយមាន​៣​ពិន្ទុ​។ 
 
​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ម៉ោង​៦:៣០​នាទី​ល្ងាច ក្រុម​ចំណូល​ថ្មី​វិសាខា ដែល​កំពុង​ឈរ​លេខ​រៀង​ទី​៣​ជាមួយ​ពិន្ទុ​ត្រូវ​តទល់​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ដែល​ឈរ​លេខ​រៀង​ទី​៩​ដោយមាន​៣​ពិន្ទុ​។ សម្រាប់​៣​ប្រកួត​កន្លងមក វិសាខា​មិនដែល​ស្គាល់​ពាក្យ​បរាជ័យ​នោះទេ ដោយ​យកឈ្នះ​អគ្គិសនី ៤-០ ក្នុងជំនួប​បើកឆាក ហើយ​បាន​បន្ត​ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ២-០ ក្នុងជំនួប​ទី​២ មុន​ពួកគេ​ស្មើ ០-០ ជាមួយ​ភ្នំពេញ​ក្រោ​ន​។ ចំណែក​៣​ប្រកួត​របស់​អាស៊ី​អឺរ៉ុប​ឈ្នះ​១​ចាញ់​២ ក្នុងនោះ​ឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ ចាញ់​បឹងកេត ៤-៣ និង​ចាញ់​ក្រសួងការពារជាតិ ២-១៕      

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com