កីឡាអន្តរជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ខក​ឱកាស​មាស​សម្រាប់ Pahang FA នា​ការប្រកួត Malaysia FA Cup
07, Apr 2018 , 2:06 pm        
រូបភាព
ដោយ:
​នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​លំដាប់​ទី​២​របស់​ប្រទេស​ម៉ាឡេស៊ី Malaysia FA Cup ប្រចាំឆ្នាំ​២០១៨ ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា Pahang FA បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ជើង​ខ្លាំង Johor Darul Ta'zim F.C សម្រាប់​ជើង​ទី​១​។ នា​ជំនួប​នេះ ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា ទទួលបាន​ឱកាស​មាស​១​លើក តែ​ធ្វើ​មិនបាន​សម្រេច​។

 
​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញ​ការខកចិត្ត​ជាខ្លាំង បន្ទាប់ពី​រូបគេ​មិនអាច​សម្រេច​គ្រាប់​បាល់​សម្រាប់ Pahang FA នា​ជំនួប​តទល់​ជាមួយ​ជើង​ខ្លាំង Johor Darul Ta'zim F.C ក្នុង​ជើង​ទី​១​នៃ​ពានរង្វាន់​លំដាប់​ទី​២ Malaysia FA Cup ប្រចាំឆ្នាំ​២០១៨​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន Darul Makmur Stadium កាលពី​យប់​ថ្ងៃទី​៦ ខែមេសា កីឡាករ ចាន់ វឌ្ឍនាកា ទទួលបាន​ឱកាស​មាស​យ៉ាង​ល្អ ដោយបាន​បាល់​ដាច់​ម្នាក់ឯង ក្រោម​ការបញ្ជូន​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Patrick Cruz​។ ប៉ុន្តែ​ឱកាស​មាន​នេះ​បាន​កន្លងផុត បន្ទាប់ពី​កីឡាករ​ជំនាញ​ជើងឆ្វេង​រូបនេះ ទាត់​បាល់​ចេញ​ក្រៅ​សំណាញ់​ទី​របស់​គូប្រកួត  ខណៈ​រូបគេ​ព្យាយាម​ទាត់​ឲ្យ​ផុតពី​ការរារាំង​របស់​អ្នកចាំទី Johor Darul Ta'zim F.C​។ 
 
​តែ​យ៉ាងណា ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា ក្រោយ​ចប់​ការប្រកួត​៩០​នាទី ដែល​មានការ​វាយបក​គ្នា​ទៅវិញ​មក​។ ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា Pahang FA ត្រូវ​ជួប​ប្រកួត​ជើង​ទី​២​ដែលជា​ជំនួប​កាត់សេចក្តី​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម Johor Darul Ta'zim F.C នា​ថ្ងៃទី​២០ ខែមេសា នៅ​កីឡដ្ឋាន Tan Sri Dato' Haji Hassan Yunos Stadium៕     
 
 



Tag:
 ​បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Malaysia FA Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com