កីឡាជាតិ
ជាតិ
ស្វាយរៀង​ស្វាគមន៍​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​ទ័ព​ជួប​វេ​ស្ទើ​ន និង​អគ្គិសនី​ប៉ះ​ប៉ូលិស​
08, Apr 2018 , 8:19 pm        
រូបភាព
សកម្ម​​​ភាព​​​ប្រកួត​​​នៅពហុកី​​​ឡដ្ឋាន​​​ជាតិ ​​ដែលអា​​​ស៊ីអឺរ៉ុប​​​យក​​​ឈ្នះវិ​​​សាខា ២-០​ កាលពី​​​ថ្ងៃទី៧ ខែមេសា
សកម្ម​​​ភាព​​​ប្រកួត​​​នៅពហុកី​​​ឡដ្ឋាន​​​ជាតិ ​​ដែលអា​​​ស៊ីអឺរ៉ុប​​​យក​​​ឈ្នះវិ​​​សាខា ២-០​ កាលពី​​​ថ្ងៃទី៧ ខែមេសា
ដោយ:
​នៅ​ថ្ងៃអាទិត្យ ទី​៨ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង (​ស្វាយរៀង​) ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ សម្រាប់​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា នា​ម៉ោង​៦​ល្ងាច​។ ចំណែក​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​វេ​ស្ទើ​ន​ភ្នំពេញ នា​ម៉ោង​៣ កន្លះ​រសៀល ក្រោយ​ក្រុម​អគ្គិសនី តទល់​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) នា​ម៉ោង​៣​រសៀល នៅ​កីឡដ្ឋាន​អគ្គិសនី​។​

 
​ក្រោយ​លត់​ក្រុម​អគ្គិសនី​កម្ពុជា ៥-១ កាលពី​សប្តាហ៍​មុន ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​មិនទាន់​ស្គាល់​ចាញ់ ត្រូវ​តទល់​ជាមួយ​ក្រុម​ដែល​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា​អង្គ​រថា​យ​ហ្គឺ​រ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៤ នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា នា​ម៉ោង​៦​ល្ងាច នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​។ បី​ប្រកួត​កន្លងមក ស្វាយរៀង​បញ្ចប់​ក្នុង​លទ្ធផល​ឈ្នះ​១ ស្មើ​២ ក្នុងនោះ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​ជាមួយ​ណាហ្គា​វើ​ល និង​អគ្គស្នងការ​នគរបាល​ជាតិ ក្នុងជំនួប​ទី​១ និង​ទី​២ មុន​យកឈ្នះ ៥-១ លើ​អគ្គិសនី​ក្នុងជំនួប​ទី​៣​។  
 
​ចំណែក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ មិនទាន់​ស្គាល់​ជ័យជម្នះ​នៅឡើយ​សម្រាប់​៣​ប្រកួត​កន្លងមក​។ នា​ការប្រកួត​បើកឆាក អង្គ​រថា​យ​ហ្គឺ​របា​ន​ចាញ់​ក្រុម​ទ័ព ក្នុង​លទ្ធផល ១-០ ហើយ​បាន​បន្ត​ចាញ់​វិសាខា ២-០ និង​ណាហ្គា​វើ​ល ៣-០ ជា​បន្តបន្ទាប់​។    
 
​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី រវាង​ក្រុម​ទ័ព និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នា​វេលា​ម៉ោង​៣​កន្លះ​រសៀល​។ សម្រាប់​ជំនួប​កាលពី​សប្តាហ៍​មុន​ក្រុម​ទ័ព បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ក្នុង​លទ្ធផល ២-១ ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ ចាញ់​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ ៤-១​។ 
 
​ជាមួយគ្នានេះ​នៅ​ម៉ោង​៣​រសៀល ក្រុម​មិនដែល​ស្គាល់​ជ័យជម្នះ​អគ្គិសនី​កម្ពុជា បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​។ សម្រាប់​៣​ប្រកួត​កន្លងមក វេ​ស្ទើ​ន​ភ្នំពេញ ដែល​កំពុង​ឈរ​បាត​តារាង បាន​ចាញ់​ក្រុម​ចំណូល​ថ្មី​វិសាខា ៤-០ រួច​បន្ត​ចាញ់​ណ​ហ្គា​វើ​ល ៥-១ និង​ព្រះខ័ន​រាជ​ស្វាយរៀង ៥-១​។ ចំណែក​៣​ប្រកួត​របស់​ប៉ូលិស ឈ្នះ​១ ស្មើ​១ និង​ចាញ់​១ ក្នុងនោះ​យកឈ្នះ​វេ​ស្ទើ​ន ៦-០ ក្នុងជំនួប​បើកឆាក មុន​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី ជាមួយ​ស្វាយរៀង​ក្នុងជំនួប​ទី​២ និង​ចាញ់​បឹងកេត ៥-១ ជំនួប​ទី​៣​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​៧ មេសា ឆ្នាំ​២០១៨ ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​បានបង្ហាញ​ភាពខ្លាំង តាមរយៈ​យក​ស្មើ ០-០ ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នៅ​កីឡដ្ឋាន RSN ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ១-០ ដើម្បី​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ជាមួយ​១០​ពិន្ទុ​។ 
 
​ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប បានធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តាមរយៈ​យកឈ្នះ​ក្រុម​ខ្លាំង​វិសាខា​ក្នុង​លទ្ធផល ២-០ នៅលើ​ទឹកដី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​នេះ​មានន័យថា អាស៊ី​អឺរ៉ុប​ជា​ក្រុមទី​១​ដែល​ធ្វើ​ឲ្យ​វិ​ខា​សា​ស្គាល់​បរាជ័យ​ជា​លើកដំបូង​។ សម្រាប់​៣​ប្រកួត​កន្លងមក​វិសាខា​មិនដែល​ស្គាល់​បរាជ័យ​នោះឡើយ ពោលគឺ​ឈ្នះ​២ និង​ស្មើ​១៕ 

Tag:
 បាល់់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com