ជាតិ
ទណ្ឌិត​ជាង​៣០០​នាក់ នឹង​ត្រូវបាន​លើកលែង​និង​បន្ថយទោស ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​
09, Apr 2018 , 10:03 am        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាស់ដល់អ្នកកាសែតនាពេលកន្លងមក
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាស់ដល់អ្នកកាសែតនាពេលកន្លងមក
 ​អ្នកទោស​៣២១​នាក់ (​ស្រី​២៨​នាក់​) ត្រូវបាន​ក្រសួងយុត្តិធម៌ ប​ញ្ជូ​ល​ទៅក្នុង​បញ្ជី​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស ក្នុង​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។ ក្នុងចំណោម​អ្នកទោស​ទាំងនោះ ក៏មាន​អ្នកទោស​ជា​ជនបរទេស​ប្រមាណ​ជា​១០​ភាគរយ​ផងដែរ​។



​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ក្រសួងយុត្តិធម៌ នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នកទោស​ទាំង​៣២១​នាក់ ទៅកាន់​ប្រមុខ​រដ្ឋាភិបាល ហើយ​បន្ទាប់មក ប្រមុខ​រដ្ឋាភិបាល នឹង​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ឡាយ​ព្រះ​ហត្ថលេខា​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​។ លោក បន្តថា អ្នក​ដែល​ត្រូវបាន​លើកលែងទោស គឺជា​អ្នក​ដែល​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល​២​ភាគ​៣ ហើយ​អ្នក​ដែល​ត្រូវបាន​បន្ធូរ​បន្ថយទោស គឺជា​អ្នក​ដែល​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល​ពេល​១​ភាគ​៣​។ 
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​មិន​ប្រាកដថា ឲ្យ​តែ​ពួកគាត់ ជាប់ឃុំ​បាន​២​ភាគ​៣ គឺ​ទទួលបាន​ការលើកលែង​ទោស ហើយ​ជាប់ឃុំ​បាន​១​ភាគ​៣ គឺ​ទទួលបាន​ការបន្ធូរបន្ថយ​ទោស​នោះទេ​។ ទាល់តែ​យើង វាយតម្លៃ​ទៅ​ឃើញថា អ្នកទោស​ទាំងនោះ មាន​អត្ត​ចរិតល្អ និង​បាន​កែប្រែ​ខ្លួន​ដែរ ទើប​មានឱកាស​ទទួល​បានកា​រ​លើកលែងទោស និង​ការបន្ធូរបន្ថយ​ទោស​»​។ 
 
​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​ខាងលើ មិនទាន់​អាច​បញ្ជាក់​បាន​នោះទេ ថា ក្នុងចំណោម​អ្នកទោស​ទាំង​៣២១​នាក់ មាន​អ្នកទោស​ប៉ុន្មាន​នាក់ នឹងត្រូវ​លើកលែងទោស ហើយ​អ្នកទោស​ប៉ុន្មាននាក់ នឹងត្រូវ​បន្ធូរ​បន្ថយទោស​៕ 

Tag:
 ​ចូលឆ្នាំ​
 អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com