ជាតិ
ផ្សារ​ទំនើប​អ៊ី​អន ចាប់ផ្តើម​គិត​កម្រៃ​៤០០​រៀល​សម្រាប់​ថង់​ប្លា​ស្ទិ​ក​១
10, Apr 2018 , 8:33 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្សារ​ទំនើប​អ៊ី​អន ចាប់ផ្ដើម​គិត​កម្រៃ​ចំនួន ៤០០​រៀល​សម្រាប់​ថង់​ប្លា​ស្ទិ​ក​១ ចាប់ពី​ថ្ងៃទី​១០​ខែមេសា​នេះ​តទៅ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ផ្សារ​ទំនើប​មួយ​នេះ ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​។​



​រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​គ្រប់​គ្រង់​ថង់​ប្លា​ស្ទិ​ក ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដែល​ត្រូវ​ចូល​ជា​ធរមាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១០​ខែមេសា​នេះ​តទៅ​។ បើតាម លោក ហេង ណា​រ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ការយក​កម្រៃ​បន្ថែម​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក គឺ​ត្រូវអនុវត្ត​នៅតាម​បណ្ដា​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។ 
​លោក ណា​រ៉េត បន្ថែមថា ប្រកាស​អន្តរក្រសួង​បានកំណត់​ឲ្យ​យក​កម្រៃ​បន្ថែម​ជា​អប្បបរមា​គឺ ៤០០​រៀល​ក្នុង​ថង់​មួយ ដោយ​កម្រៃ​នេះ​ត្រូវដាក់​បញ្ចូល​ក្នុង​វិ​ក័យ​ប​ត្រ​ជូន​អតិថិជន ហើយ​ទឹកប្រាក់​នោះបាន​ទៅ​ផ្សារ​ទំនើប​។ 
 
​ប៉ុន្តែ​លោក​បញ្ជាក់ថា ការយក​កម្រៃ​នេះ​គឺ​អនុវត្ត​តែ​ទៅលើ​ថង់​ប្លា​ស្ទិ​ក​ទំហំ​ទទឹង​តូច​ជាង ២៥​សង់ទីម៉ែត្រ និង​កម្រាស់ ០,០៣​មី​លី​ម៉ែត្រ​ប៉ុណ្ណោះ​។​ ​លោក ហេង ណា​រ៉េត មិនអាច​បញ្ជាក់បាន​ថា​តើ​ផ្សារ​ទំនើប​ណាខ្លះ​ដែល​ចាប់ផ្ដើម​អនុវត្តតាម​អនុក្រឹត្យ​នេះ​នោះទេ ដោយ​លោក​ប្រាប់ថា​ទើបតែ​ទទួលដំណឹង​ពី​ផ្សារ​អ៊ី​អន​មួយ​ប៉ុណ្ណោះ​។ តែ​ការមិន​អនុវត្តតាម​អនុក្រឹត្យ​នេះ ផ្សារ​ទំនើប​នឹង​ប្រឈម​ការអនុវត្ត​ទោសទណ្ឌ​នានា​។ នេះ​បើតាម​លោក ណា​រ៉េត ។​
 
​ទោះយ៉ាងណា​លោក ហេង ណា​រ៉េត អះអាងថា ការយក​កម្រៃ​បន្ថែម​នេះ មិន​មានន័យថា​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ផ្សារ​ទំនើប​ទាំងនោះ​ស្វែង​ផលចំណេញ​បន្ថែម​ពី​កម្រៃ​ទាំង​នេះឡើយ តែ​ជា​សារ​ដាស់តឿន​ដល់​សាធារណជន​អំពី​ហេតុ​ប៉ះពាល់​បរិស្ថាន ដែល​បណ្ដា​លពី​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​៕

Tag:
 ថង់​ប្លា​ស្ទិ​ក​
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com