ជាតិ
លោក សម រង្ស៊ី ទៅ​ជប៉ុន ដើម្បី​សុំ​ឲ្យ​ជួយ​កែប្រែ​ស្ថានភាព​នៅ​កម្ពុជា មុន​ការបោះឆ្នោត​មកដល់​
11, Apr 2018 , 11:19 am        
រូបភាព
លោក សម រង្ស៊ី ផ្តល់បទសម្ភាស់ដល់អ្នកកាសែត ក្រោយទៅដល់ប្រទេសជប៉ុន នៅថ្ងៃទី១0 ខែមេសា ឆ្នាំ២0១៨
លោក សម រង្ស៊ី ផ្តល់បទសម្ភាស់ដល់អ្នកកាសែត ក្រោយទៅដល់ប្រទេសជប៉ុន នៅថ្ងៃទី១0 ខែមេសា ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ដែលជា​ភរិយា​របស់លោក រួមទាំង​សហការី​ផ្សេងទៀត បាន​ទៅដល់​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​១០ មេសា ឆ្នាំ​២០១៨ ដើម្បី​ស្វែងរក​អន្តរាគមន៍ ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​។ ក្រោយ​ចុះ​ពី​យន្តហោះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ឆ្លៀត​ផ្តល់​បទ​សម្ភាស​ប្រមាណ​ជាង​១០​នាទី ដល់​អ្នកកាសែត ជុំវិញ​ដំណើរ​របស់លោក​ទៅកាន់​ប្រទេស​ជប៉ុន​។



​លោក សម រង្ស៊ី បាន​ប្រាប់​អ្នកកាសែត​ថា ជប៉ុន​ជា​ប្រទេសមួយ ដែល​តែងតែ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន រួមទាំង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការបោះឆ្នោត​។ ហេតុដូច្នេះ លោក ជឿជាក់ថា សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ននេះ ជប៉ុន ក៏​នៅតែ​អាច​កែលម្អ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ដែរ ហើយ​ជាពិសេស​ជួយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨​។

​លោក សម រង្ស៊ី បាន​និយាយ​ជា​ភាសា​អង់គ្លេស ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ យ៉ាង​ដូច្នេះ​ថា​៖«​យើង នឹង​សុំ​ឲ្យ​ជប៉ុន​ជួយ​។ ខ្ញុំ​គិតថា​ជប៉ុន​ប្រហែលជា​គិតគូរ​រួចហើយ​ថា នឹងធ្វើ​យ៉ាងម៉េច ដើម្បី​ធានា​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី និង​ត្រឹមត្រូវ ដោយមាន​ការចូលរួម​របស់​បក្សប្រឆាំង​។ បើ​គ្មាន​បក្សប្រឆាំង ការបោះឆ្នោត​នឹង​គ្មាន​ន័យ ហើយ​គ្មាន​ប្រយោជន៍​នោះទេ​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ជាមុន​ថា បំណង​របស់លោក សម រង្ស៊ី ដែល​ចង់​ឲ្យ​ប្រទេស​ជប៉ុន ជួយ​ក្រុមប្រឆាំង​របស់លោក នឹងមិន​បានសម្រេច​ឡើយ​។ លោក បាន​លើកឡើងថា ប្រទេស​ជប៉ុន នៅតែមាន​ជំហរ​គាំទ្រ​រដ្ឋាភិបាល​ក​ម្ព​ជា និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដដែល​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ក្តីសង្ឃឹម [​របស់លោក សម រង្ស៊ី​] គ្មាន​ឡើយ ដោយសារ​ជប៉ុន បានសម្រេច​បន្ត​ជួយ​កម្ពុជា ដោយ​បន្ថែម​ជំនួយ​ឲ្យ​កម្ពុជា និង គ​.​ជ​.​ប​.»​។​

​ក្រុមប្រឆាំង បានទទួល​ជោគជ័យ​ខ្លះ ក្នុងការ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​នានា ដាក់ទណ្ឌកម្ម​មកលើរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ប៉ុន្តែ ប្រទេស​ជប៉ុន ហាក់​មាន​ជំហរ​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិនទាន់មាន​ប្រតិកម្ម ឬ​ថ្កោលទោស មកលើ​រដ្ឋាភិបាល​កម្ពុ​ជា តាម​សំណើ​របស់​ក្រុមប្រឆាំង​នោះទេ​។

​ផ្ទុយទៅវិញ ប្រទេស​ជប៉ុន នៅតែ​បន្ត​ជួយ​កិច្ចការ​ផ្នែក​ការបោះឆ្នោត​នៅ​កម្ពុជា​។ ថ្មីៗ​នេះ ប្រទេស​ជប៉ុន បាន​សន្យាថា នឹង​ផ្តល់​ហិប​ឆ្នោត សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា នាពេលខាងមុខ​។ លើសពីនេះ អ្នកជំនាញ​របស់​ជប៉ុន នៅតែ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដោយ​មិនទាន់​ដកខ្លួន​នៅឡើយ​ទេ​៕


Tag:
 បោះឆ្នោត​
  ជប៉ុន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com