ជាតិ
ប្រវត្តិវិទូ​អំពី​ប្រទេស​កម្ពុជា លោក David Chandler ទទួល​ពានរង្វាន់​ដ៏​មានតម្លៃ​សម្រាប់​ការសិក្សា​តំបន់​អាស៊ី
11, Apr 2018 , 7:59 pm        
រូបភាព
លោក David Chandler បាន​ទទួល​ពាន​រង្វាន់​កំពូល​ពី​សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី នៅ​សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៨ របស់​សមាគម​នេះ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា។ (រូបថតផ្តល់ឲ្យដោយ Association for Asian Studies)
លោក David Chandler បាន​ទទួល​ពាន​រង្វាន់​កំពូល​ពី​សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី នៅ​សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៨ របស់​សមាគម​នេះ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា។ (រូបថតផ្តល់ឲ្យដោយ Association for Asian Studies)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ លោក David Chandler ដែលជា​ប្រវត្តិវិទូ​ល្បីល្បាញ​អំពី​ប្រទេស​កម្ពុជា បានទទួល​ពានរង្វាន់​កំពូល​ពី​សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី នៅ​សន្និសីទ​ប្រចាំឆ្នាំ ២០១៨ របស់​សមាគម​នេះ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែមីនា​។



​ប្រវត្តិវិទូ​ជនជាតិ​អាមេរិក​វ័យ​៨៥​ឆ្នាំ ដែល​ឥឡូវនេះ​ជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​នៃ​សាកលវិទ្យាល័យ Monash ក្នុងប្រទេស​អូស្ត្រាលី បានទទួល​ពានរង្វាន់​ឈ្មោះ «​វិភាគទាន​ល្អ​ដាច់​មុខ​សម្រាប់​ការសិក្សា​អាស៊ី​» សម្រាប់​ស្នាដៃ​យ៉ាង​ទូលំទូលាយ​របស់លោក អំពី​ប្រវត្តិសាស្ត្រ នយោបាយ និង​វប្បធម៌​ប្រទេស​កម្ពុជា​។​

​អ្នកឈ្នះ​ពានរង្វាន់​កំពូល​នេះ​កាលពីមុន រួមមាន​បុគ្គល​ល្បីៗ​ដូចជា លោក​សមាជិក​ព្រឹទ្ធសភា J. William Fulbright និង​អ្នកវិទ្យាសាស្ត្រ​នយោបាយ Benedict Anderson​។​

​សៀវភៅ​ទាំង​ប្រាំ​ក្បាល​របស់លោក Chandler អំពី​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​សៀវភៅ​ដ៏​មាន​ឥទ្ធិពល​បោះពុម្ព​ឆ្នាំ​១៩៨៣​មួយ មាន​ចំណងជើង​ថា «​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​» ឬ A History of Cambodia ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ថ្នាក់រៀន​ជាច្រើន​ទូទាំង​ពិភពលោក ហើយ​សៀវភៅ​ទាំងនោះ​ក៏ត្រូវ​បាន​គេ​បកប្រែ​ទៅជា​ច្រើន​ភាសា​ផងដែរ​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ លោក Chandler ត្រូវបាន​គេ​សរសើរ​ថា លោក​បាន​ជួយ​បណ្ដុះបណ្ដាល​បញ្ញវ័ន្ត​មួយ​ជំនាន់ ដែល​ផ្ដោត​ការសិក្សា​លើ​ប្រទេស​កម្ពុជា ហើយ​និង​បាន​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ជំនាញ​សិក្សា​មួយ​។​

​ប្រធាន​សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី គឺ អ្នកស្រី Katherine Bowie មានប្រសាសន៍ថា​៖

«​លោក Chandler បាន​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ជំនាញ​សិក្សា​មួយ ដែល​សព្វថ្ងៃនេះ មាន​បញ្ញវ័ន្ត​ឯកទេស​ខាង​ប្រទេស​កម្ពុជា​មួយក្រុម មកជួប​គ្នា​នៅ​សន្និសីទ​នេះ​ជា​រៀងរាល់ឆ្នាំ​»​។​

​អ្នកស្រី Bowie ថ្លែងបន្តថា​៖

«​បើទោះជា​អ្នក​មិនបាន​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា ឬ​អ្នក​មិនបាន​ដឹងថា​អ្នក​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា កិច្ចការងារ​របស់លោក Chandler នឹងធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា​»​។​

​អ្នកស្រី Bowie និយាយទៀតថា សមាគម​មាន «​សេចក្តីរំភើប​រីករាយ​យ៉ាងខ្លាំង​» សម្រាប់​ការ​ឲ្យ​ពានរង្វាន់​នេះ​ទៅ​លោក Chandler ពីព្រោះ​លោក Chandler គឺជា​គ្រូ​ណែនាំ​ដ៏​សប្បុរស​ម្នាក់ ទៅកាន់​បញ្ញវ័ន្ត​ជាច្រើនរូប​។​



​បន្ទាប់ពី​ទទួលបាន​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Harvard លោក Chandler បាន​ក្លាយជា មន្ត្រី​សេវាកម្ម​កិច្ចការបរទេស​សហរ​ដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ១៩៥៨ ហើយ​លោក​ត្រូវបាន​គេ​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ១៩៦០​។ សព្វថ្ងៃនេះ បន្ទប់​មួយ​នៅក្នុង​ស្ថានទូត​អាមេរិក​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា David Chandler ដើម្បី​ផ្តល់​កិត្តិ​យល​ដល់​លោក Chandler​។ ពេលធ្វើការ​នៅ​ទីនោះ លោក Chandler​បាន រៀន ចេះ និយាយ និង ចេះ អាន ភាសា​ខ្មែរ ហើយ​បាន​យល់ដឹង​អំពី​កម្លាំង​នយោបាយ​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការដើរតាម​ព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅ​ទូទាំងប្រទេស​ដើម្បី​ស្តាប់​សុន្ទរកថា​របស់​ព្រះអង្គ​កាលនោះ​។​

​បន្ទាប់ពី​លាលែង​ពី​ការងារ​ការទូត ហើយ​បាន​សម្រេចចិត្ត​ធ្វើជា​បញ្ញវ័ន្ត លោក Chandler បន្តទៅ​រៀន​យក​សញ្ញាប័ត្រ​បណ្ឌិត ពី​សាកលវិទ្យាល័យ Michigan ក្នុង​ឆ្នាំ ១៩៧៤ ដោយ​សរសេរ​និក្ខេបបទ​ថ្នាក់បណ្ឌិត​អំពី​នយោបាយ​កម្ពុ​ជាមុន​សម័យ​អាណានិគម ហើយ​តាំងពី​ពេល​នោះមក លោក​បានធ្វើការ​ស្រាវជ្រាវ និង​សរសេរ​សៀវភៅ អត្ថបទ និង​របាយការណ៍​ជាច្រើន​អំពី​ប្រទេស​កម្ពុជា​។​

​លោក Chandler បាន​ប្រាប់ VOA Khmer ថា លោក​សប្បាយចិត្ត​និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ពានរង្វាន់​នេះ ប៉ុន្តែ​លោក​មានការ​ពេញចិត្ត​បំផុត​ត្រង់​ថា លោក​ប្រហែលជា​បាន​ជះឥទ្ធិពល​លើ​បញ្ញវ័ន្ត​ដទៃទៀត​ឲ្យ​មក​ធ្វើការ​សិក្សា​អំពី​ប្រទេស​កម្ពុជា​ដូច​លោក​។​

​លោក​Chandler មានប្រសាសន៍ថា​៖

«​នៅពេល​ខ្ញុំ​ចាប់ផ្ដើម​សិក្សា​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា មិនទាន់មាន​អ្នកណាម្នាក់​សិក្សា​ដូច​ខ្មុំ​ទេ​»​។​

​លោក​Chandler បន្តថា​៖



«​សង្គ្រាមស៊ីវិល ខ្មែរក្រហម បញ្ហា​ជនភៀសខ្លួន អាជ្ញាធរ​បណ្ដោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា UNTAC បានធ្វើ​ឲ្យ​មនុស្ស​ពី​ទូទាំង​ពិភពលោក​ជាច្រើន​បានជា​ប់​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ក្រៅពី​ការសិក្សា​ស្រាវជ្រាវ​។ ពួកគេ​ភាគច្រើន​បាន​ផ្លាស់ប្ដូរ​ទៅ​សិក្សា​វិញ​បន្ទាប់ពី​នោះមក ហើយ​ការសិក្សា​អំពី​ប្រទេស​កម្ពុជា​នេះ បាន​ក្លាយជា​ជំនាញ​សិក្សា​ធំ​ជាង​មុន​មួយ ហើយ​មាន​មនុស្ស​កាន់តែ​ជាច្រើន​សិក្សា​អំពី​ប្រទេស​កម្ពុជា​នេះ​»​។​

​អ្នកស្រី Judy Ledgerwood សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា​នៅឯ​សាកលវិទ្យាល័យ Northern Illinois និង​ជា​អ្នកនិពន្ធ​សៀវភៅ​រឿង "At the Edge of the Forest" ដែលជា​សៀវភៅសរសេរ​ក្នុង​ឆ្នាំ ២០០៨ បំផុសគំនិត​ដោយ​កិច្ចការងារ​របស់លោក Chandler​។ អ្នកស្រី​បាន​ប្រាប់ VOA Khmer​ថា លោក Chandler ជា «​បញ្ញវ័ន្ត​ដ៏​អស្ចារ្យ​មួយរូប​» ដែល​បាន​សរសេរ​ឯកសារ​សំខាន់​បំផុត​មួយចំនួន​អំពី​ប្រទេស​កម្ពុជា​ជា​ភាសា​អង់គ្លេស និង​បាន​បំផុសគំនិត​មនុស្ស​ជាច្រើន​ឲ្យ​សិក្សា​ពី​ប្រទេស​កម្ពុជា​។​

​អ្នកស្រី Ledgerwood ថ្លែងថា​៖

«​ឯកសារ​ទាំងនោះ​ពិតជា​ស្រួល​អាន​ណាស់ ហើយ​ដូច្នេះ​ឯកសារ​ទាំងនោះ​គឺជា​ការណែនាំ​ដ៏​ល្អ​មួយ សម្រាប់​មនុស្ស​គ្រប់រូប​អំពី​ប្រទេស​កម្ពុជា​»​។​

​លោក George Chigas ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ Massachusetts Lowell ដែល​ប្រើ​ស្នាដៃ​របស់លោក Chandler ដូចជា​សៀវភៅ "Tragedy of Cambodian History" និង "Brother Number One" ជា​អំ​ណាន​ប្រចាំ​ថ្នាក់​នានា​របស់លោក​។ លោក​យល់ស្រប​ថា​ពានរង្វាន់​នេះ​គឺជា «​ការទទួលស្គាល់​ដែល​សមរម្យ​ណាស់​សម្រាប់​ស្នាដៃ​ដ៏​អស្ចារ្យ​» ។​

​លោក Chigas មានប្រសាសន៍ថា​៖

«​យើងទាំងអស់គ្នា​ដែល​សិក្សា​និង​ចាប់អារម្មណ៍​លើ​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​កម្ពុជា ជាប់ជំពាក់​គុណ​លោក David Chandler ធំធេង​ណាស់​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com