ជាតិ
សេដ្ឋកិច្ច
ADB៖ សេដ្ឋកិច្ចកម្ពុជា​នៅ​បន្ត​វិជ្ជមាន​នៅ​ឆ្នាំនេះ តែ​គួរ​កែលម្អ​នីតិវិធី​ធ្វើ​ធុរកិច្ច​
11, Apr 2018 , 7:10 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ថា កម្ពុជា​នឹង​នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន ជាមួយ​កំណើន​រឹងមាំ  ៧​ភាគរយ​។ ប៉ុន្តែ​របាយការណ៍​រប​ស់ ADB លើកឡើងថា ការ​ព្យាករ​នេះ​នឹង​ប្រែប្រួល បើសិន​ហានិភ័យ​ដែល​អាច​រំពឹងទុក កើតមានឡើង​។ ADB បាន​ណែនាំ​ឲ្យ​កម្ពុជា​កែលម្អ​នីតិវិធី​ធ្វើ​ធុរកិច្ច​របស់ខ្លួន ដើម្បី​ទាក់ទាញ​វិនិយោគទុន​បន្ថែមទៀត​។​


 
​តាមរយៈ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អាស៊ី ដែលមាន​កម្ពុជា​ផង​នោះ ADB បានផ្ដល់​ទឡ្ហីករណ៍​លើ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ថ្ងៃទី​១១ មេសា​ដូច្នេះ​ថា​៖« វិស័យ​ឧស្សាហកម្ម​ទំនង​ជាមាន​កំណើន ៩,៦​ភាគយ បើទោះបី​វិស័យ​កាត់ដេរ​ថមថយ តែ​ទូទាត់​កាត់កង​មកវិញ​ដោយ​កំណើន​ខ្ពស់ជាង​មុន​នូវ​ផលិតផល​ដែល​ទើប​លេច​រូបរាង​ថ្មីៗ​ដូចជា គ្រឿងអគ្គិសនី គ្រឿងបន្លាស់​រថយន្ត កង់ រួមទាំង​ការនាំចេញ​អង្ករ និង​កៅស៊ូ​»​។ 
 
​ប៉ុន្តែ​របាយការណ៍​រប​ស់ ADB បាន​ក្រើនរំលឹក​ពី​ផលប៉ះពាល់​ដល់​ការប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ ដោយសារ​ការដំឡើង​ប្រាក់​ឈ្នួល​គោល​យ៉ាង​ឆាប់រហ័ស ខណៈ​សមត្ថភាព​ផលិត​នៅតែមាន​កម្រិត​ទាប​។​

ងាក​មក​វិស័យ​សេវាកម្ម​វិញ ADB វាយតម្លៃថា អាច​នឹងមាន​កំណើន ៧,១​ភាគរយ​ដូច​ឆ្នាំមុន​ដែរ ជាមួយ​ការបន្ត​រឹងមាំ​នៃ​វិស័យ​ទេសចរណ៍​។ រីឯ​វិស័យ​កសិកម្ម គួរតែមាន​កំណើន​ប្រមាណ ១,៨​ភាគរយ​។ 
 
​អតិផរណា​នឹង​កើនឡើង​ដល់ ៣,២​ភាគរយ នៅ​ឆ្នាំនេះ និង ៣,៥​ភាគរយ​នៅ​ឆ្នាំ​២០១៩​។ ឱនភាព​ពាណិជ្ជកម្ម​នឹង​បន្ត​មាន​កម្រិត​ខ្ពស់ ដោយសារ​តម្លៃ​ទំនិញ​នាំចូល​មានការ​កើនឡើង​។​នេះ​បើតាម​របាយការណ៍​ខាងលើ​។​
 
​ទស្សនវិស័យ​សេដ្ឋកិច្ច​ខាងលើនេះ អាច​មិន​សម្រេចបាន​តាម​ការ​ព្យាករ បើ​ហានិភ័យ​កើតឡើង​ចំពោះ​សេដ្ឋកិច្ចកម្ពុជា​។ ហានិភ័យ​ពី​ការ​រឹតបណ្តឹង​អត្រា​ការប្រាក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ល្បឿន​លឿន​ជាង​ការរំពឹងទុក និង​ការកើនឡើង​នូវ​ភាពចលាចល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ (​ដែល​អាច​ប៉ះពាល់​ដល់​ការវិនិយោគ​មក​កម្ពុជា និង​ប្រភព​ហិរញ្ញវត្ថុ​ដែល​ធនាគារ​នៅ​កម្ពុជា​ខ្ចី​ពី​ក្រៅ​)​។ 
 
ADB បន្តថា កំណើន​តម្លៃ​ប្រេង ដែល​កើតឡើង​ដោយ​ពុំបាន​រំពឹងទុក​ជាមុន ក៏​ជា​ហានិភ័យ​ផងដែរ​។ ក្រៅពី​ហានិភ័យ​ខាងក្រៅ ភាពមិនប្រាកដប្រជា ដែល​អាច​កើតឡើង​ក្នុងអំឡុង​ការបោះឆ្នោត​នៅ​កម្ពុជា គឺជា​ហានិភ័យ​ខាងក្នុង​។​
 
​ក្រៅពី​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច  ADB បាន​ណែនាំ​ឲ្យ​កម្ពុជា​កែលម្អ​នីតិវិធី​ធ្វើ​អា​ជីក​កម្ម ដើម្បី​ភាព​លូតលាស់ និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​។ យោង​តាម​ធនាគារពិភពលោក កម្ពុជា​ គឺ​ឈរ​នៅ​លេខ​រៀង​ទី ១៣៥ ឯណោះ ក្នុងចំណោម​ប្រទេស ១៩០ ដែល​បង្ហាញ​ពី​ផល​លំបាក​ចំពោះ​នីតិវិធី​ធ្វើ​ធុរកិច្ច​។ ផល​លំបាក​៣​សំខាន់​គឺ ការចាប់ផ្ដើម​បង្កើត​ធុរកិច្ច ការទទួល​លិខិតអនុញ្ញាត​សាងសង់ និង​ការអនុវត្ត​កិច្ចសន្យា ដែល​អ្នកតាក់តែង​គោលនយោបាយ​គួរ​កែសម្រួល​ត្រង់ចំណុច​ទាំងនេះ​៕
 

Tag:
 កំណើនសេដ្ឋកិច្ច​
  ធុរកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com